នាយករដ្ឋមន្ត្រីតពូជថ្មីកម្ពុជាលោក ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនជាផ្លូវការ ក្នុងនោះ លោកក៏អំពាវនាវឱ្យពលរដ្ឋដែលរស់នៅតាមតម្រាយនៃគម្រោងព្រែកជីកនេះ ចូលរួមធ្វើសម្បទានដីផ្ទាល់ ដើម្បីជួយដល់ការសាងសង់ព្រែក។
លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងពិធីសម្ពោធកំពង់ផែក្នុងខេត្តកំពត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នេះថា មានពលរដ្ឋចំនួន ១៥០គ្រួសារដែលរងនូវផលប៉ះពាល់ពីការសាងសង់ព្រែកនេះ ប៉ុន្តែពលរដ្ឋទាំងនោះបានផ្តល់ដីរបស់ពួកគាត់ដល់រដ្ឋាភិបាល ជាថ្នូរសុំឱ្យរដ្ឋាភិបាលសាងសង់ផ្លូវបេតុងជូនពួកគាត់វិញ ខណៈផ្លូវសព្វថ្ងៃនេះគឺជាផ្លូវរទេះប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា បើគ្មានការចូលរួមពីពលរដ្ឋទេ នោះរដ្ឋាភិបាលក៏មិនអាចសាងសង់ផ្លូវបេតុងសម្រាប់ពលរដ្ឋដែលរស់នៅតាមតម្រាយព្រែកជីកនេះដែរ។
លោកបន្ថែម បើគ្មានផ្លូវបេតុងនេះទេ ពលរដ្ឋក៏គ្មានផ្លូវល្អសម្រាប់ដើរ ហើយសេដ្ឋកិច្ចនៅមូលដ្ឋានរបស់គាត់ក៏មិនល្អ ខណៈកសិផលរបស់គាត់ក៏លក់មិនបានថ្លៃថែមទៀត ព្រោះគ្មានផ្លូវដឹកជញ្ជូន។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះបញ្ជាក់ថា ការសាងសង់ព្រែកជីកនេះគឺត្រូវការការលះបង់ខ្លះរបស់ពលរដ្ឋ ប៉ុន្តែនៅពេលដែលព្រែកនេះសាងសង់រួចរាល់ ដីនៅតំបន់នោះនឹងឡើងថ្លៃ ហើយនឹងមានការសាងសង់កំពង់ផែ និងរោងចក្រព្រោងព្រាត ដែលអាចផ្តល់ការងារឱ្យពលរដ្ឋនៅតំបន់នោះកាន់តែច្រើន។
ជាងនេះទៀត ពលរដ្ឋនឹងមានទឹកប្រើប្រាស់ខួបប្រាំងខួបវស្សាថែមទៀត ត្បិតការពង្រីកហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញព្រែកនេះ នឹងត្រូវបានសាងសង់ ដូច្នេះការលះបង់របស់ពលរដ្ឋនឹងទទួលបានផលប្រយោជន៍រួមគ្នាទៅថ្ងៃក្រោយជាមិនខាន។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជាម្នាក់បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៦ មិថុនា នេះថា ផ្អែកតាមការរៀបរាប់របស់លោក ហ៊ុន ម៉ាណែត ពលរដ្ឋដែលរស់នៅតំបន់ព្រែកជីកនេះ មិនទទួលបានអ្វីទាំងអស់ សូម្បីតែដីរបស់ពួកគេដែលរងផលប៉ះពាល់ពីការសាងសង់ព្រែកជីកនេះ ក៏មិនទទួលបានការដោះស្រាយជាសំណងសមរម្យដែរ។
ប្រភពដដែលលើកឡើងថា ការរៀបរាប់របស់លោក ហ៊ុន ម៉ាណែត ពីដីនៅតំបន់នោះឡើងថ្លៃ ការទទួលបានផ្លូវបេតុងសម្រាប់ពលរដ្ឋ ១៥០គ្រួសារ និងមានទឹកប្រើប្រាស់ រួមទាំងធ្វើឱ្យកសិផលមានទីផ្សារ គឺមិនស័ក្តិសមនឹងព្រែកជីកមួយដែលរដ្ឋាភិបាលប្រកាសថាជាគម្រោងរបស់ជាតិ ដែលនឹងនាំមកនូវផលប្រយោជន៍ដ៏មហាសាលសម្រាប់ពលរដ្ឋខ្មែរនោះទេ។
មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនោះបញ្ជាក់ថា រដ្ឋាភិបាលមិនទាន់បានបញ្ជាក់នៅឡើយទេថា ពលរដ្ឋដែលប្រើប្រាស់ទឹកពីព្រែកជីកនេះ នឹងត្រូវបង់លុយឱ្យក្រុមហ៊ុនចិន ឬក៏អត់នោះ។ ជាងនេះទៀត តើព្រែកនេះនឹងបើកឱ្យពលរដ្ឋប្រើប្រាស់ក្នុងលក្ខខណ្ឌបែបណានោះ ក៏មិនទាន់ដឹងដែរ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ធ្លាប់ទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីពេលកន្លងទៅដែរថា ព្រែកជីកនេះគ្មានចំណេញអ្វីដល់ប្រទេសកម្ពុជានោះទេ ហើយក៏មិនមានផលចំណេញអ្វីដល់ពលរដ្ឋខ្មែរនោះដែរ តែអាចចំណេញត្រឹមតែបុគ្គលមួយចំនួនដែលពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិន ប៉ុណ្ណោះ។
ប្រភពដដែលបញ្ជាក់ថា ក្រោយព្រែកជីកនេះចាប់ផ្តើមដំណើរការ សំណង់នានាដូចជា បុរី ផ្ទះល្វែង និងខុនដូ ជាដើម ក៏នឹងត្រូវបានសាងសង់នៅតាមសងខាងព្រែកជីកនេះដែរ ប៉ុន្តែសំណង់ទាំងនោះច្បាស់ជាមិនមែនជារបស់ក្រុមហ៊ុនខ្មែរទេ គឺជារបស់ក្រុមហ៊ុនចិន ទាំងអស់ ដូច្នេះប្រយោជន៍ធំគឺនៅតែចិន ជាអ្នកទទួលបានពីព្រែកជីកនេះដដែល ខណៈកម្ពុជាមានតែហិនហោចទ្រព្យសម្បត្តិជាតិខ្លួនឯងប៉ុណ្ណោះ។
ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ (CBRC) គ្រោងនឹងជីកគម្រោងសាងសង់ព្រែកជីកហ្វូណន ដោយភ្ជាប់ទឹកសាបពីទន្លេបាសាក់ ខេត្តកណ្តាល ទៅទឹកប្រៃនៅខេត្តកែប ដែលមានទទឹងក្បាលព្រែកខាងលើប្រវែងពី ១០០ម៉ែត្រ និងរួមស្ដួចខាងក្រោមទៅកាន់សមុទ្រត្រឹម ៨០ម៉ែត្រ រួមទាំងមានជម្រៅទឹកប្រវែង ៥,៤ម៉ែត្រ មានសន្ទះបិទបើកទឹកចំនួន៣ និងស្ពានឆ្លងកាត់ចំនួន ១១ស្ពានផងដែរ។
តាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនចិន ព្រែកជីកហ្វូណន នឹងត្រូវស្ថាបនាតាមបែបផែន Build-Operate-Transfer (BOT) ដែលមានន័យថា សង់ហើយ ម្ចាស់ទុនគ្រប់គ្រង កាន់កាប់ ចាត់ចែង (ធ្វើប្រតិបត្តិការ) ប្រមូលចំណូលរហូតចប់កិច្ចសន្យារយៈពេល ៥០ឆ្នាំ ទើបប្រគល់ឱ្យម្ចាស់ប្រទេសគ្រប់គ្រងតាមក្រោយ។
បើយោងតាមកិច្ចព្រមព្រៀងនេះ ពលរដ្ឋខ្មែរនឹងត្រូវរង់ចាំ ៥០ឆ្នាំក្រោយ ទើបទទួលបានផលប្រយោជន៍ពីព្រែកជីកនេះ ប៉ុន្តែ ៥០ឆ្នាំដំបូង គេមិនដឹងថា តើចិននឹងប្រមូលផលប្រយោជន៍អ្វីខ្លះពីខ្មែរទេ ព្រោះរាល់ប្រតិបត្តិការទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងព្រែកនេះ សូម្បីតែខ្មែរខ្លួនឯង ក៏ត្រូវបង់ពន្ធឱ្យក្រុមហ៊ុនចិនដែរ៕
អត្ថបទគួរអាន៖
១- សេចក្តីរាយការណ៍ស៊ីជម្រៅស្តីអំពី ផលខាត និងផលចំណេញពីព្រែកជីកហ្វូណនតេជោ (ភាគ១)
២- សេចក្តីរាយការណ៍ស៊ីជម្រៅស្តីអំពី ផលខាត និងផលចំណេញពីព្រែកជីកហ្វូណនតេជោ (ភាគ២)
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

