កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោយកើតមានជម្លោះជាមួយលោក ហូ ទ្រី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ ទាក់ទងទៅនឹងរឿងលុយ ២ម៉ឺនរៀល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញផ្សាយនៅថ្ងៃទី២៤ មិថុនា បានឲ្យដឹងថា លោក សៅ សុខា បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាងលើកាលពីថ្ងៃទី២១ មិថុនា។
ប្រភពដដែលបញ្ជាក់ថា ក្រោយពីស្តាប់របាយការណ៍ និងពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ហើយ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា៤១ នៃអនុក្រឹត្យស្ដីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសម្រេចរៀបចំសំណើបង្កើតក្រុមប្រឹក្សាវិន័យតាមឋានានុក្រមអនុលោមទៅតាមច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦។ ក្នុងមាត្រា៤៦ នេះ បានចែងថា មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។
ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យ ត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់អ្នកសារព័ត៌មានថា លោក ស ប៊ុនសឿង និងលោក ហូ ទ្រី មានជម្លោះពាក្យសម្ដីនឹងគ្នា។
ទាក់ទិនទៅនឹងករណីនេះ មានការចែកចាយនៅលើបណ្ដាញសង្គមដោយបង្ហោះករណីជម្លោះរវាងអ្នករត់តាក់ស៊ីម្នាក់ និងមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន លោក ស ប៊ុនសឿង កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដែលបាននាំកូនទៅចាប់ក្របួចលោក ហូ ទ្រី នៅផ្សារព្រំ ព្រោះតែរឿងលុយ ២ម៉ឺនរៀល។
លោក ហូ ទ្រី អះអាងថា លោក ស ប៊ុនសឿង បានជួលឡានលោកដឹកកង់ហាត់ប្រាណដោយឲ្យតម្លៃ ៦០ ០០០រៀល តែគាត់ប្រកែកថាយក ៨០ ០០០រៀល ទើបលោក ស ប៊ុនសឿង ខឹងខ្លាំង ហើយនាំកូនចៅទៅចាប់ដល់ផ្ទះតែម្ដង៕