31 C
Phnom Penh

ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​ថា​បទល្មើស​ព្រៃឈើ​កំពុង​កម្រើក​ឡើង​វិញ​ក្រោម​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​ឧកញ៉ា​និង​អាជ្ញាធរ​ខេត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី ចោទ​ថា បទល្មើស​ព្រៃឈើ​ដែល​កំពុង​កក្រើក​ឡើងវិញ​ក្នុង​ខេត្ត​មណ្ឌលគិរី សព្វថ្ងៃ ដែល​មាន​ឧកញ៉ា ល័ក្ខ នៅ​ពីក្រោយ គឺជា​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ពី​ស្ថាប័ន​ជំនាញ អាជ្ញាធរ​ខេត្ត សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​យាម​មាត់ច្រក​ដាក់ដាំ កម្ពុជា-វៀតណាម បច្ចុប្បន្ន​នេះ។

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២០ ធ្នូ នេះ​ថា បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ក្នុង​រយៈពេល​ជាង ១​ខែ​ចុងក្រោយ​នេះ គឺ​បាន​កម្រើក​ឡើងវិញ​យ៉ាង​ខ្លាំង ដោយ​ឈ្មួញ​ទុច្ចរិត​ពាក់​ស្លាក​គោរមងារ​ជា​ឧកញ៉ា បាន​លួច​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ចេញពី​ប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​កម្ពុជា-វៀតណាម យ៉ាង​អនាធិបតេយ្យ​នៅ​ពេលនេះ ខណៈ​សមត្ថកិច្ច​មិន​អើពើ​នឹង​បទល្មើស​ទាំងនេះ​ទេ។

រូបភាព​គំនរ​ឈើ​នៅ​ទីតាំង​ចំណុច​សូន្យ​ដែល​ជា​ចំណុច​កណ្ដាល​រវាង​ប៉ុស្តិ៍​ព្រំដែន​កម្ពុជា-វៀតណាម។ (រូបភាព​ពី​ពលរដ្ឋ​ផ្ញើ​មក​នៅ​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣)

ប្រភព​ប្រជាពលរដ្ឋ​ខាងលើ​លើកឡើង​ថា មេ​ឈ្មួញ​ឈើ​ទុច្ចរិត​ចាស់វស្សា​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ឧកញ៉ា ល័ក្ខ បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ជួល​ប្រជាពលរដ្ឋ​ឱ្យ​ចូល​ទៅ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី ជា​ប្រចាំ និង​ដឹកជញ្ជូន​ចេញ​មកពី​តំបន់​ការពារ​នោះ ដោយ​ប្រើ​ឡាន​តូច​ធំ​ជាច្រើន​គ្រឿង​រៀងរាល់​យប់ យក​ទៅ​រក្សាទុក​នៅ​ទីតាំង​ចំណុច​សូន្យ​ដែល​ជា​ចំណុច​កណ្តាល​រវាង​ប៉ុស្តិ៍​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម។

ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌលគិរី បញ្ជាក់​ថា ទោះ​បទល្មើស​ព្រៃឈើ​នេះ​បាន​កើតឡើង​កក្រើក​ពេញ​ខេត្ត​មណ្ឌលគិរី​ក៏ដោយ ក៏​ប្រធាន​អង្គភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក សៅ សុខា មិន​ទាន់​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​បទល្មើស​ដ៏​គគ្រឹកគគ្រេង​នេះ​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ ខណៈ​ការ​អនុវត្ត​ការ​រឹត​បន្តឹង​ការ​ឆ្លងដែន​តាម​ព្រំដែន​ពី​ក្រសួង​មហាផ្ទៃ ក៏​នៅតែ​គ្មាន​ប្រសិទ្ធភាព​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ឃើញ​រថយន្ត​ជាច្រើន​គ្រឿង​ទាំង​តូច ទាំង​ធំ ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ចេញពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​វៀតណាម ដោយ​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ជា​បន្តបន្ទាប់​នៅ​ពេលនេះ។

នៅ​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ The Cambodia Daily ទទួល​បាន​រូបភាព​ភស្តុតាង​ពី​គំនរ​ឈើ​ដ៏​ធំ​មួយ បង្ហាញ​ពី​ការ​កាត់​ច្រៀក​ឈើ​រាប់​រយ​ដុំ និង​កំពុង​រក្សាទុក​នៅ​ទីតាំង​ចំណុច​សូន្យ​ដែល​ជា​ចំណុច​កណ្តាល​រវាង​ប៉ុស្តិ៍​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម នៅ​ពេលនេះ ហើយ​ឈើ​ទាំងនេះ​ក៏​កំពុង​ត្រៀប​បញ្ជូន​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ផង​ដែរ។

រូបភាព​គំនរ​ឈើ​នៅ​ទីតាំង​ចំណុច​សូន្យ​ដែល​ជា​ចំណុច​កណ្ដាល​រវាង​ប៉ុស្តិ៍​ព្រំដែន​កម្ពុជា-វៀតណាម។ (រូបភាព​ពី​ពលរដ្ឋ​ផ្ញើ​មក​នៅ​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣)

ក្រម​ព្រហ្មទណ្ឌ​មាត្រា​៥២៨ ចែង​ថា មន្ត្រី​រាជការ​សាធារណៈ មិន​ប្ដឹង​បរិហារ និង​មិន​អើពើ​បង្ក្រាប​បទល្មើស​ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ដល់ ៦​លាន​រៀល ប៉ុន្តែ​កន្លងមក​ត្រូវ​គេ​មើល​ឃើញ​ថា មន្ត្រី​ដែល​អនុវត្ត​ខុស​ពី​មាត្រា​នេះ មិន​ទទួល​រង​ទណ្ឌកម្ម ឬ​ពិន័យ​ទេ តែ​បែរ​ជា​ត្រូវ​ដំឡើង​ឋានៈ​បុណ្យ​ស័ក្តិ​ទៅវិញ។

ជាក់ស្តែង ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​នាយករង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី​ផង​ដែរ បើ​ទោះបីជា​ពួកគេ​ល្បីល្បាញ​ខាង​កាប់​ឈើ​ខុស​ច្បាប់​រហូត​មក​ក៏ដោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន​អន្តរជាតិ Mongabay បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ ដោយ​បង្ហាញ​ពី​តារាង​រចនាសម្ព័ន្ធ​ឧក្រិដ្ឋជន​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង​កំពូល និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា គឺជា​អ្នក​គ្រប់គ្រង​បន្ទាប់​លើ​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​ជា​ថ្នាក់​ក្រោម​របស់​ខ្លួន ដូចជា ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា ជ័យ ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ជាដើម។

ក្នុង​តារាង​រចនាសម្ព័ន្ធ​នោះ បាន​បែងចែក​ពី​មុខងារ និង​ទំនាក់ទំនង​របស់​ពួកគេ​យ៉ាង​ច្បាស់លាស់ ដែល​ត្រូវ​គ្រប់គ្រង​តាម​ឋានានុក្រម​ពី​ថ្នាក់​កំពូល​រហូត​ដល់​ថ្នាក់​ក្រោម ក្នុង​នោះ អ្នក​គ្រប់គ្រង​កំពូល គឺ​លោក ហ៊ុន សែន ខណៈ​លោក ហ៊ុន ម៉ាណែត ត្រូវ​គ្រប់គ្រង​លើ​អង្គភាព​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្ថិត​ក្នុង​បណ្ដាញ​អ្នក​រកស៊ី​ឈើ​ខុស​ច្បាប់​នេះ​ដោយ​ផ្ទាល់។

ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា ព្រៃឈើ​នៅ​កម្ពុជា​ត្រូវ​បាន​កាប់​បំផ្លាញ​គ្មាន​សល់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដោយ​ក្រុមហ៊ុន​របស់​ឧកញ៉ា​ដែល​ជា​សែស្រឡាយ និង​ជា​អ្នក​រក​ផល​ប្រយោជន៍​ឱ្យ​គ្រួសារ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។ ជាក់ស្តែង ដូចជា​ឧកញ៉ា​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន មួយ​ចំនួន​ដែល​កំពុង​ប្រកប​អាជីវកម្ម​លើ​បទល្មើស​ព្រៃឈើ ដូចជា​ម្ចាស់​ក្រុមហ៊ុន ទ្រី ភាព ហ្គ្រុប គឺ​ឧកញ៉ា ទ្រី ភាព រហស្សនាម​ស្តេច​គ្រញូង លោក លី យ៉ុងផាត់ រហស្សនាម​ស្តេច​កោះកុង និង​យាយ​ភូ ម្ចាស់​ក្រុមហ៊ុន ភាពីម៉ិច ដែល​ជា​មិត្ត​ជិតស្និទ្ធ​នឹង​ភរិយា​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ជាដើម។

ជុំវិញ​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២១ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ថា ការ​វិនាស​ព្រៃឈើ​ខ្មែរ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​របស់​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​បច្ចុប្បន្ន​នេះ ដូចជា ក្រុមហ៊ុន Think Biotech ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Sam Oeun Sovann ក្រុមហ៊ុន PNT និង​ក្រុមហ៊ុន Thy Ngan Development ជាដើម ដែល​ម្ចាស់​ក្រុមហ៊ុន​ទាំងនេះ​ត្រូវ​គេ​រក​ឃើញ​ថា សុទ្ធសឹងតែ​ជា​មនុស្ស​ដែល​នៅ​ក្រោម​ខ្សែ​បណ្ដាញ​របស់​លោក ហ៊ុន ម៉ាណែត។

ក្នុង​របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​កម្រាស់ ៥៣​ទំព័រ​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន (Global Initiative Against Transnational Organized Crime) បាន​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២២ អំពី​ការ​បង្កើត​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​យ៉ាង​ធំ​នៅ​កម្ពុជា​ជាមួយ​មន្ត្រី និង​ឧកញ៉ា​ខិលខូច​ថា គ្រួសារ​លោក ហ៊ុន សែន បាន​ចែក​គ្នា​គ្រប់គ្រង​ឧកញ៉ា​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​ឧកញ៉ា​ទាំងនោះ​រកស៊ី​ខុស​ច្បាប់​រក​លុយ​ឲ្យ​ខ្លួន ដូចជា​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា ជាដើម ដែល​គេ​បាន​រក​ឃើញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

រូបភាព​គំនរ​ឈើ​នៅ​ទីតាំង​ចំណុច​សូន្យ​ដែល​ជា​ចំណុច​កណ្ដាល​រវាង​ប៉ុស្តិ៍​ព្រំដែន​កម្ពុជា-វៀតណាម។ (រូបភាព​ពី​ពលរដ្ឋ​ផ្ញើ​មក​នៅ​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស