30 C
Phnom Penh

គណៈកម្មការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ច្រានចោល​ព័ត៌មាន​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ជា​អគ្គមេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឧត្តមសេនីយ៍ សៅ សុខា បដិសេធ​ថា​ពុំ​មាន​សកម្មភាព​ទិញ​ឈើ​ខុស​ច្បាប់​ដឹក​ចូល​ក្រុមហ៊ុន ដែល​ជា​រូបភាព​នៃ​បទល្មើស​ព្រៃឈើ​កំពុង​កើត​មាន​នៅ​តំបន់​ព្រៃឡង់ ខេត្ត​ព្រះវិហារ ដូច​សារព័ត៌មាន​មួយ​ចំនួន​ចុះផ្សាយ​នោះ​ទេ បន្ទាប់ពី​អ្នកជំនាញ​ចុះ​ស្រាវជ្រាវ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៅ​ទីតាំង​ភូមិសាស្ត្រ​ជាក់ស្តែង។

ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា តាម​ការ​ស្រាវជ្រាវ​របស់​អ្នកជំនាញ​កងរាជ​អាវុធហត្ថ​បង្ហាញ​ថា សារព័ត៌មាន​ខ្លះ​បាន​យក​រូបភាព​ចាស់ ឬ​យក​ឈ្មោះ​ក្រុមហ៊ុន​នានា​មក​ធ្វើការ​ផ្សព្វផ្សាយ ដែល​នាំ​ឱ្យ​មាន​ការ​ភាន់ច្រឡំ និង​ខូច​កិត្តិយស​ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ប៉ុណ្ណោះ។

អគ្គមេបញ្ជាការ​កងរាជ​អាវុធហត្ថ លោក សៅ សុខា លើកឡើង​ថា កម្លាំង​ស្រាវជ្រាវ​ព័ត៌មាន​នៃ​កងរាជ​អាវុធហត្ថ​បាន​ចុះ​ដល់​ទីតាំង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ ដោយ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​ទីតាំង​ជាក់ស្តែង និង​រក​ឃើញ​ថា​ពុំ​មាន​សកម្មភាព​ណា​មួយ​ដែល​បង្ក​ទៅ​ជា​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ឡើយ ខណៈ​នាយករង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ ក៏​លែង​មាន​វត្តមាន​នៅ​តំបន់​នេះ​ទៀត​ដែរ។

លោក សៅ សុខា បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ប្រកាស​ព័ត៌មាន​នេះ​ទៅ រាល់​មធ្យោបាយ​ដែល​ដឹកជញ្ជូន​ឈើ​មិន​មាន​លិខិត​អនុញ្ញាត​ពី​ជំនាញ​ត្រឹមត្រូវ​តាម​ច្បាប់ នឹង​ត្រូវ​ធ្វើការ​បំផ្លាញ​ចោល ជាពិសេស​ពាក់ព័ន្ធ​តំបន់​ព្រៃឡង់ ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ដើម្បី​បំបាត់​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យខាងតែ​បាន។

កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​ជាច្រើន​នាក់ បាន​ត្អូញត្អែរ​អំពី​ការ​កាប់​បំផ្លាញ​ដើមឈើ​ធំៗ​ចំនួន ៥១០​ដើម​ពី​សំណាក់​ក្រុមហ៊ុន ម៉ាខល ឡូជីស្ទីក ឬ​ក្រុមហ៊ុន​៩៧ ដែល​សុទ្ធតែ​ជា​ដើមឈើ​សុក្រំ ដើម​ឈ្លីក ដើម​ផ្ចឹក ដើម​រាំង ដើម​ត្រាច ដើម​ឈើទាល និង​ដើម​ផ្ដៀក ជាដើម។

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បញ្ជាក់​ថា ពួកគេ​ក៏​បាន​ប្រទះ​ឃើញ​គោយន្ត​ចំនួន ២​គ្រឿង និង​មនុស្ស​ពីរ​នាក់​បាន​ដឹក​ឈើ​ឃ្លុំ​ចំនួន ៧​ដុំ​ដែល​ស្មើ​នឹង ៣​ម៉ែត្រ​គូប ដែល​ជា​កម្មករ​របស់​ក្រុមហ៊ុន ម៉ាខល ឡូជីស្ទីក ក្រៅពី​នេះ​ក៏​បាន​ប្រទះ​ឃើញ​ឈើ​ឃ្នាប ៧​សន្លឹក​ប្រវែង ៧​ម៉ែត្រ និង​ឈើ​ជាច្រើន​បន្ទះ​ផ្សេង​ទៀត​ដែល​គិត​ជា​សរុប គឺ​ស្មើ​នឹង​ទំហំ ៤​ម៉ែត្រ​គូប។

ទាក់ទិន​នឹង​បញ្ហា​នេះ សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំងអស់​នៅ​ជុំវិញ​តំបន់​ព្រៃឡង់​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ទទួល​បាន​សំណូក​ពី​ជនល្មើស​គ្រប់​គ្នា ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មិន​ហ៊ាន​ចាត់​វិធានការ​បង្ក្រាប និង​ដាក់​ទោសពៃរ៍​ណា​មួយ​លើ​ពួក​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ទាំងនោះ។

លោក ហេង ស្រស់ បញ្ជាក់​ថា អ្នក​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ទាំងនោះ តែងតែ​អះអាង​ថា​ពួកគេ​មិន​ខ្លាច​មន្ត្រី​បរិស្ថាន​ទាំងនោះ​ឡើយ ព្រោះ​ពួកគេ​បាន​បង់​លុយ​ឱ្យ​មន្ត្រី​ទាំងនោះ​រួច​អស់​ហើយ​មុន​ពេល​ដែល​ពួកគេ​ចូល​មក​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​នេះ ដូច្នេះ​សកម្មភាព​កាប់​ឈើ​របស់​ពួកគេ​នៅ​ពេលនេះ​មិន​ចាត់ទុក​ថា​ជា​ទង្វើ​ល្មើស​ច្បាប់​ឡើយ។

អង្គការ​ឃ្លាំមើល​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ពិភពលោក បាន​ចេញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២១ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ថា ការ​វិនាស​ព្រៃឈើ​ខ្មែរ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​សព្វថ្ងៃ​នេះ គឺ​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​បច្ចុប្បន្ន​នេះ មាន​ដូចជា​ក្រុមហ៊ុន Think Biotech ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Sam Oeun Sovann ក្រុមហ៊ុន PNT និង​ក្រុមហ៊ុន Thy Nga Development ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស