29 C
Phnom Penh

អ្នក​ប្រើ​បណ្ដាញ​សង្គម​រិះគន់​រដ្ឋសភា​ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រើ​កម្មវិធី CoolApp តាម​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះ​ស្ថាប័ន​រដ្ឋសភា ដែល​ជា​ស្ថាប័ន​ធំ​របស់​ជាតិ ប្រកាស​គាំទ្រ និង​បន្ទរ​តាម​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ករណី​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​កម្មវិធី CoolApp ខណៈ​មន្ត្រី​រាជការ និង​ពលរដ្ឋ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើប្រាស់ ដោយសារ​ព្រួយបារម្ភ​ពី​ការ​ជ្រៀតជ្រែក​យក​ព័ត៌មាន​ពី​អ្នក​ប្រើប្រាស់។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​ចែករំលែក​សេចក្ដី​ប្រកាស​របស់​រដ្ឋសភា ដែល​គាំទ្រ​លោក ហ៊ុន សែន ដោយ​ភ្ជាប់​សារ​ថា ស្ថាប័ន​ធំ​ប៉ុន​មហាសាល បែរ​ជា​មក​ធ្វើ​ដូច្នេះ​ទៅ​វិញ។

ចំណែក​សកម្មជន​បរិស្ថាន និង​សង្គម លោក ម៉ា ចិត្រា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​ចោទ​ជា​សំណួរ​ថា «តើ App នេះ​ជា​របស់​រដ្ឋ ឬ​ជា​របស់​ក្រុមហ៊ុន​ឯកជន បើ​ជា​របស់​ក្រុមហ៊ុន​ឯកជន ចុះ​បើ​ថ្ងៃ​ក្រោយ​មាន App ផ្សេង​ទៀត​គេ​បង្កើត​អ្វី​ដែរ? តើ​រដ្ឋសភា​នឹង​ដើរតួ​ជា​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៀត​ឬ​យ៉ាងណា?»។

រីឯ​ហ្វេសប៊ុក​ឈ្មោះ Viriya Lim បាន​បញ្ចេញ​យោបល់​ថា «ផ្សាយ​លក់​ផលិតផល​ដែល​គ្មាន​ប្រភព​ផលិតកម្ម ស្មើ​នឹង​ការ​ចូលរួម​ក្នុង​អំពើ​ចោរកម្ម»។

ចំណែកឯ​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា «ចង់​ប្រើ​កម្មវិធី CoolApp ដែរ ប៉ុន្តែ​ខ្លាច​អា​សីហា លួច​ថត។»

ការ​លើកឡើង​របស់​សាធារណជន និង​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រព័ន្ធ​ព័ត៌មាន FRESH NEWS ដែល​គាំទ្រ​លោក ហ៊ុន សែន តែងតែ​បង្ហោះ​សារ​សំឡេង​សន្ទនា​ឯកជន ក្រុម និង​បក្ខពួក​លោក ហ៊ុន សែន លួច​ថត​ក្នុង​គោលដៅ​វាយប្រហារ​លើ​បក្ស​ប្រឆាំង និង​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ពី​រដ្ឋាភិបាល។

ជាក់ស្ដែង សារព័ត៌មាន FRESH NEWS បាន​យក​សារ​សំឡេង​ឯកជន​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន និង​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​មក​ចុះផ្សាយ ប៉ុន្តែ​មក​ដល់​ពេលនេះ សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ មិន​បាន​ស្រាវជ្រាវ និង​មិន​មាន​វិធានការ​លើ​ពួកគេ​ឡើយ បើ​ទោះបី​ជា​ការ​លួច​ថត​សំឡេង​ឯកជន​នេះ​ជា​ទង្វើ​ខុស​ច្បាប់​ក៏ដោយ។

សេចក្តី​ប្រកាស​ពី​ការ​គាំទ្រ និង​លើក​ទឹកចិត្ត​ឱ្យ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ឃូលអេប (CoolApp) ពី​រដ្ឋសភា​ជាតិ

កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា លោក ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយ​សរសើរ​កម្មវិធី CoolApp ថា​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​បន្ទាប់ពី​លោក​បាន​សាកល្បង។

លោក​អួត​ថា ការ​ប្រើ​កម្មវិធី​នេះ​សម្រាប់​សន្តិសុខ​ជាតិ ដែល​បរទេស​ពិបាក​ជ្រៀតជ្រែក​យក​ព័ត៌មាន​ពី​អ្នក​ប្រើប្រាស់​បាន ហើយ​ក៏​ធានា​ដល់​ទំនាក់ទំនង​ក្នុង​ប្រទេស​ក្នុង​ករណី​បណ្ដាញ​ទំនាក់ទំនង​របស់​បរទេស​ជួប​ការ​រអាក់រអួល​ដោយ​ប្រការ​ណា​មួយ។

លោក ហ៊ុន សែន អំពាវនាវ​ទៅ​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ គួរ​បង្កើត​ឱ្យ​មាន​កម្មវិធី CoolApp នេះ ក្រោម​ហេតុផល​ថា ដើម្បី​ធានា​ម្ចាស់ការ​លើ​រក្សា​ការណ៍​សម្ងាត់​ផង និង​ការ​ដាច់​ទំនាក់ទំនង​ពី​ប្រព័ន្ធ​បរទេស​ផង។

ក្រោយពី​មាន​ការ​អំពាវនាវ​នោះ រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ឃួន សុដារី ជា​ប្រធាន​រដ្ឋសភា​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​គាំទ្រ​ចំពោះ​សារ​របស់​លោក ហ៊ុន សែន ដែល​ជំរុញ​ឱ្យ​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ​ប្រើប្រាស់​កម្មវិធី CoolApp តាម​លោក ហ៊ុន សែន។

ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​គាំទ្រ​លោក ហ៊ុន សែន ពី​សំណាក់​ស្ថាប័ន​រដ្ឋសភា​ជាតិ​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ថា យក​ស្ថាប័ន​កំពូល​របស់​ជាតិ​មក​បម្រើ​ផល​ប្រយោជន៍​នយោបាយ​ឱ្យ​គណបក្ស​កាន់​អំណាច និង​គ្រួសារ​ត្រកូល​ហ៊ុន ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស