លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកដែលជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ បានប្រកាសមិនបោះបង់បេក្ខភាពរបស់លោកនៅត្រឹមពាក់កណ្តាលទីឡើយ។
លោកអះអាងថា លោកគឺជាបេក្ខជនប្រធានាធិបតីដែលចាត់តាំងពីបក្សប្រជាធិបតេយ្យ ដែលលោកថាពុំមាននរណាអាចរុញលោកចេញពីសង្វៀនប្រកួតតំណែងប្រធានាធិបតីបានឡើយ។ លោកបញ្ជាក់ថា លោកត្រៀមរួចហើយដើម្បីយកជ័យជម្នះនៅថ្ងៃទី៥ វិច្ឆិកា ខាងមុខនេះ។
តាមបណ្ដាញផ្សាយព័ត៌មាន The Telegraph Online សេចក្ដីថ្លែងការណ៍របស់លោក ចូ បៃដិន គឺជាការចំអកឱ្យអ្នកវិភាគ និងបណ្ដាញផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក ដែលបន្តចុះផ្សាយអំពីអាយុរបស់លោកកាន់តែចាស់ ហើយសុខភាពកាន់តែទ្រុឌទ្រោមឡើងៗ មិនអាចយកឈ្នះគូប្រជែងរបស់លោក គឺលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ។
ការថ្លែងរបស់លោក បៃដិន ក៏ជាការចំអកឱ្យផងដែរដល់អ្នកនយោបាយមួយចំនួននៃគណបក្សប្រជាធិបតេយ្យ ដែលទទូចឱ្យលោកបោះបង់ការប្រកួត គឺការបោះបង់បេក្ខភាពជាបេក្ខជនសម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនៅអាណត្តិទី២ របស់លោក។
លោក ចូ បៃដិន ជាបេក្ខជនប្រធានាធិបតីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានផ្តួលលោក ដូណាល់ ត្រាំ ហើយឡើងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦។
លោកឡើងកាន់តំណែងប្រធានាធិបតីក្នុងវ័យ ៧៨ឆ្នាំ គឺដូចលោក ត្រាំ ដែលឈរជាបេក្ខជននៅពេលនេះដែរ។ បច្ចុប្បន្ន លោក បៃដិន មាន វ័យ ៨២ឆ្នាំ។ នៅក្នុងការជជែកដេញដោលលើវេទិកា Presidential Debate លើបណ្ដាញទូរទស្សន៍ CNN កាលពីសប្ដាហ៍មុនជាមួយលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ លោក ចូ បៃដិន ដែលជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ ធ្វើមិនបានល្អឡើយ។
លោក បៃដិន បានការពារខ្លួនលោកថាមកពីលោកមានភាពនឿយហត់ ក្រោយពីបំពេញទស្សនកិច្ចនៅបរទេស ខណៈសមាជិកបក្សប្រជាធិបតេយ្យមួយចំនួនបានអំពាវនាវឱ្យប្តូរបេក្ខជនប្រធានាធិបតី ដើម្បីតទល់នឹងលោក ត្រាំ តែលោក បៃដិន បានប្រកាសមិនព្រមបោះបង់ដាច់ខាត។
លោក បៃដិន បានប្ដេជ្ញាបែបនេះនៅក្នុងការសន្ទនាតាមទូរសព្ទជាមួយបុគ្គលិកយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃទី៣ ខែកក្កដា។
លោក បៃដិន បានបន្តជំរុញឱ្យអ្នកគាំទ្របន្តបោះឆ្នោតជូនរូបលោក ដើម្បីយកជ័យជម្នះលើលោក ត្រាំ ប៉ុន្តែលោក បៃដិន ក៏ជំរុញឱ្យគាំទ្រអនុប្រធានាធិបតីរបស់លោក គឺអ្នកស្រី កាម៉ាឡា ហារីស៍ ដែលលោកថាអ្នកស្រី ហារីស៍ រួមនឹងលោក គឺនាំឱ្យលោកឈ្នះលោក ត្រាំ។
នៅក្នុងជំនួបជាមួយអភិបាលរដ្ឋ និងក្រុងមកពីបក្សប្រជាធិបតេយ្យ លោក បៃដិន ក៏បានធានាផងដែរថា ខ្លួននៅតែអាចបំពេញតួនាទីជាបេក្ខជនប្រធានាធិបតីបាន។ បន្ទាប់ពីជំនួបនេះ អភិបាលរដ្ឋចំនួន៣ ដូចជា រដ្ឋ New York, រដ្ឋ Minnesota និងរដ្ឋ Maryland បានប្រកាសគាំទ្រលោក បៃដិន នៅចំពោះមុខអ្នកសារព័ត៌មាន។
ចំណែកអ្នកនាំពាក្យសេតវិមាន អ្នកស្រី Karine Jean-Pierre បានបញ្ជាក់ថា លោក បៃដិន នឹងមិនបោះបង់បេក្ខភាពប្រធានាធិបតីរបស់ខ្លួនឡើយចំពោះការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងមកដល់នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
បើទោះជាសមាជិកបក្សប្រជាធិបតេយ្យមួយចំនួនអំពាវនាវឱ្យមានការប្តូរបេក្ខជនប្រធានាធិបតីជំនួសលោក បៃដិន ក៏ដោយ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានបេក្ខជនជំនួស ឬមានឥទ្ធិពលដូចលោក បៃដិន ដើម្បីប្រជែងជាមួយលោក ត្រាំ នៅឡើយ។
ប៉ុន្តែក្នុងករណីលោក បៃដិន បោះបង់តំណែងបេក្ខជនប្រធានាធិបតី អ្នកស្រី កាម៉ាឡា ហារីស៍ អាចជាបេក្ខជនជំនួស។ តាមការស្ទង់មតិចំនួនពីរ ក្រោយការជជែកដេញដោលកាលពីចុងខែមិថុនា កន្លងទៅ ការគាំទ្រលោក បៃដិន ជាប្រធានាធិបតីនៅអាណត្តិបន្ទាប់ កាន់តែធ្លាក់ចុះ។
នៅក្នុងការស្ទង់មតិធ្វើឡើងដោយសារព័ត៌មាន Wall Street Journal លោក ត្រាំ ទទួលបានសំឡេងគាំទ្រ ៤៨% ខណៈលោក បៃដិន បានទទួល ៤២%។ ចំណែកការស្ទង់មតិដែលធ្វើឡើងដោយសារព័ត៌មាន New York Times បានបង្ហាញថា លោក ត្រាំ នាំមុខលោក បៃដិន ចំនួន ៤៩% ទល់នឹង ៤៣%។
អ្នកសង្កេតការណ៍មួយចំនួនបានហៅការតាំងចិត្តរបស់លោក បៃដិន ដែលនៅតែប្ដេជ្ញាចិត្តប្រកួតជាមួយនឹងលោក ដូណាល់ ត្រាំ បើទោះបីអាយុរបស់លោកកាន់តែចាស់ ហើយសុខភាពរបស់លោកក៏ទ្រុឌទ្រោមណាស់ក៏ដោយនោះ ថាលោក បៃដិន ចង់សាកល្បងប្រជាប្រិយភាពរបស់លោកក្នុងវ័យរបស់មនុស្សដែលអាយុចាស់បំផុតអាចកាន់តំណែងប្រធានាធិបតីបន្តទៀតបាន ឬយ៉ាងណានោះ។
អ្នកសង្កេតការណ៍ខ្លះមើលឃើញថា ការស្ទង់មតិដែលថាលោក ត្រាំ បន្តនាំមុខលោក បៃដិន កើនឡើងភ្លាមក្រោយពីឆ្លងកាត់វេទិកាដេញដោលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន គឺជាការបង្ហាញថា លោក បៃដិន អាចធ្វើឱ្យគណបក្សប្រជាធិបតេយ្យចាញ់ឆ្នោត។
ប៉ុន្តែបើយោងតាមសេចក្ដីថ្លែងការណ៍របស់លោក បៃដិន គឺមេដឹកនាំសហរដ្ឋអាមេរិកអាយុ ៨២ឆ្នាំរូបនេះ គឺជាអ្នកចិត្តសាស្ត្រនិយម ហើយព្យាយាមពុះពារអំណាចនៃព្រហ្មលិខិត។ វាមានន័យថា លោក បៃដិន មិនចុះចាញ់ព្រហ្មលិខិតឡើយ ហើយក៏មិនចុះចាញ់សម្ពាធខាងក្រៅផងដែរ។
ការឈ្នះចាញ់នឹងដឹងយ៉ាងពិតប្រាកដនៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ បើលោក ត្រាំ ឈ្នះឆ្នោត គឺលោក ត្រាំ នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ ដែលលោក ត្រាំ បានឆ្លងកាត់ប្រធានាធិបតីទី៤៥ រួចទៅហើយ ខណៈលោក ចូ បៃដិន បច្ចុប្បន្ននេះជាប្រធានាធិបតីទី៤៦។
គេថាព្រឹត្តិការណ៍នៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ គឺជាទស្សនីយភាពដ៏ល្អបំផុតសម្រាប់អ្នកតាមដាននយោបាយនៅក្រៅប្រទេស និងជាពិសេសប្រជាជនសហរដ្ឋអាមេរិក ថាតើបុរសវ័យ ៨២ឆ្នាំរូបនេះ អាចមានវាសនាឡើងកាន់តំណែងអាណត្តិទី២ របស់ខ្លួនបានដែរឬទេ?៕