30 C
Phnom Penh

កម្ពុជា​ឈរ​កំពូល​តារាង​ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​ដែល​បាន​ដណ្តើម​យក​លេខ​១ និង​ឈរ​កំពូល​តារាង​ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​បាន​ផ្តួល​ប្រទេស​ភូមា ឱ្យ​នៅ​លេខ​រៀង​ទី​២។

គេហទំព័រ​អន្តរជាតិ​ឈ្មោះ NUMBEO បាន​ចេញ​ផ្សាយ​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប្រចាំ​ឆ្នាំ​២០២៤ (Crime index in Southeast Asia – 2024) កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​តិចតួច​បំផុត​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​សម្រាប់​ឆ្នាំ​២០២៤ នេះ ខណៈ​ប្រទេស​ឡាវ និង​ប្រទេស​ទីម័រឡេស មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​របាយការណ៍​នេះ​ទេ។

របាយការណ៍​ដដែល​នេះ​បាន​ដាក់​ចំណាត់ថ្នាក់​ឱ្យ​កម្ពុជា​ជាប់​លេខ​១ ភូមា​ជាប់​លេខ​២ ម៉ាឡេស៊ី​ជាប់​លេខ​៣ ឥណ្ឌូនេស៊ី​ជាប់​លេខ​៤ ហ្វីលីពីន​ជាប់​លេខ​៥ វៀតណាម​ជាប់​លេខ​៦ ថៃ​ជាប់​លេខ​៧ ប្រ៊ុយណេ​ជាប់​លេខ​៨ និង​ប្រទេស​សិង្ហបុរី នៅ​បាត​តារាង គឺ​លេខ​៩។

សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ កក្កដា នេះ​ថា ឆ្នាំ​២០២៤ នេះ កម្ពុជា​អង្រួន​ពិភពលោក​យ៉ាង​ខ្លាំង​ខាង​សម្បូរ​ឧក្រិដ្ឋកម្ម ហើយ​ប្រទេស​ដែល​សម្បូរ​ឧក្រិដ្ឋកម្ម​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

លោក មួង ណារ៉េត លើកឡើង​ថា កត្តា​ដែល​ធ្វើ​ឱ្យ​លេច​ឡើង​នៅ​ក្នុង​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​បែប​នេះ មាន​ដូចជា បញ្ហា​សេដ្ឋកិច្ច​ជាតិ កត្តា​ជីវភាព​របស់​ពលរដ្ឋ​ធ្លាក់​ចុះ អំពើពុករលួយ​កើន​ឡើង ខណៈ​ពលរដ្ឋ​ជាច្រើន​នឹង​មាន​ជំងឺ​ផ្លូវចិត្ត​កាន់តែ​ច្រើន។

សកម្មជន​ខ្មែរ​នៅ​ទឹកដី​ប្រជាធិបតេយ្យ​រូប​នេះ​អះអាង​ថា ការ​ដែល​កម្ពុជា​កើត​មាន​អំពើ​ឧក្រិដ្ឋកម្ម​បែប​នេះ គឺ​ដោយសារតែ​សីលធម៌​សង្គម​ធ្លាក់​ចុះ ការ​រំលោភ​អំណាច ខ្វះ​ភាព​ដឹកនាំ​ក្នុង​សហគមន៍ ប្រទេស​គ្មាន​នីតិរដ្ឋ​ពេញលេញ គ្រួសារ​បក្សពួក​និយម​ពេញ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ តុលាការ​មិន​ឯករាជ្យ អំណាច​ទាំង​បី គឺ​រដ្ឋាភិបាល រដ្ឋសភា និង​តុលាការ មិន​ឯករាជ្យ​ចែក​ដាច់​ពី​គ្នា ជាដើម។

លោក មួង ណារ៉េត បញ្ជាក់​ថា បើ​រដ្ឋាភិបាល​ខ្មែរ​សស្រាក់សស្រាំ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឱ្យ​ខ្លាំង​ដូច​គ្នា​ទៅ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សង្គម ឬ​គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ផ្សេង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ម្ល៉េះ​កម្ពុជា​មិន​ធ្លាក់​ទៅ​ជា​ប្រទេស​ដែល​មាន​ឈ្មោះ​អសោច​ស្អុយ​រលួយ​នៅ​លើ​ពិភពលោក​បែប​នេះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​សម្រាប់​ក្រុម​ចោរ និង​ឧក្រិដ្ឋជន​គ្រប់​ប្រភេទ​សព្វថ្ងៃ​នេះ។

លោក​អះអាង​ថា ក្រុម​ឧក្រិដ្ឋជន​អាច​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​គ្រប់​បែប​យ៉ាង ដូចជា ការ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់ ជាដើម ហើយ​ពួកគេ​អាច​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​នៅ​ប្រទេស​កម្ពុជា ដោយសារតែ​មាន​ការ​ការពារ​ពី​រដ្ឋអំណាច​ពុករលួយ​ឯក​បក្ស​មួយ​នេះ។

កាលពី​ឆ្នាំ​២០២៣ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម បន្ទាប់ពី​ប្រទេស​ភូមា ប៉ុន្តែ​នៅ​លើ​ប្រទេស​ឥណ្ឌូនេស៊ី វៀតណាម និង​ថៃ ខណៈ​ប្រទេស​ប្រ៊ុយណេ នៅ​បាត​តារាង​ក្រោម​ប្រទេស​សិង្ហបុរី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស