ដោយលោក ហាស់ សាន
កិច្ចប្រជុំកំពូលស្វែងរកសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន រយៈពេលពីរថ្ងៃបានផ្តើមឡើងនៅថ្ងៃទី១៥ ខែមិថុនា ឯទីក្រុងទេសចរណ៍តំបន់ភ្នំមួយនៅប្រទេសស្វីស ឈ្មោះថា Burgenstock ហើយបានចប់ជាស្ថាពរកាលពីថ្ងៃទី១៦ ខែមិថុនា។
តាមប្រភពព័ត៌មាន AFP មានមេដឹកនាំ និងតំណាងប្រទេសឯករាជ្យអធិបតេយ្យចំនួន៩២ រួមនឹងអង្គការអន្តរជាតិធំៗនានាមួយចំនួនសរុបទាំងអស់មានចំនួនជាង ១០០ ចូលរួម។ ក្នុងចំណោមប្រទេសចូលរួម មានមហាអំណាច៣ ដែលជាប្រទេសសេរី គឺសហរដ្ឋអាមេរិក បារាំង អង់គ្លេស រីឯមហាអំណាច២ គឺចិន និងរុស្ស៊ី គ្មានវត្តមានក្នុងកិច្ចប្រជុំកំពូលនោះទេ។ ប្រទេស និងអង្គការអន្តរជាតិជាង ១០០ ដែលចូលរួមកិច្ចប្រជុំ ប្រទេស និងអង្គការអន្តរជាតិចំនួន៨៤ បានធ្វើសេចក្តីថ្លែងការណ៍រួមស្ទើរតែដូចសំណើ ១០ចំណុចលើកឡើងដោយប្រទេសអ៊ុយក្រែន ដែរ។
ចំណុចទម្លាក់ចោល គឺការទាមទារឲ្យតុលាការអន្តរជាតិផ្ដន្ទាទោសមេដឹកនាំរុស្ស៊ី អំពីបទឧក្រិដ្ឋកម្មសង្គ្រាម និងប្រឆាំងមនុស្សជាតិ។ ចំណុចផ្ដោតសំខាន់មួយ គឺទាមទារឲ្យប្រទេសរុស្ស៊ី ឈប់វាយប្រហារលើកំពង់ផែដឹកទំនិញអូដេស្សា និងផ្លូវនាវាចរណ៍កប៉ាល់ដឹកស្បៀងអាហារទៅកាន់ទីផ្សារអន្តរជាតិ ពីព្រោះការវាយប្រហារលើបណ្ដាញដឹកជញ្ជូននោះ ធ្វើឲ្យរាំងស្ទះទំនិញវត្ថុធាតុដើម ស្រូវសាឡី គ្រាប់ធញ្ញជាតិ ដែលបង្កជាប្រតិកម្មឲ្យទំនិញលើទីផ្សារអន្តរជាតិឡើងថ្លៃតៗគ្នាជាលំដាប់តាមចង្វាក់ផ្គត់ផ្គង់ និងតម្រូវការ (supply and demand) ពាសពេញពិភពលោកសព្វថ្ងៃនេះ។
សេចក្តីសម្រេចចិត្តក្រោយកិច្ចប្រជុំកំពូលនៃប្រទេស និងអង្គការអន្តរជាតិជិត ១០០ នោះ ប្រទេសសមាជិកអាចនឹងស្នើដាក់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីកោះប្រជុំ ធ្វើសេចក្តីសម្រេចចិត្តសម្ដែងឆន្ទៈរួមជាអន្តរជាតិ ដាក់បន្ទុក ដាក់លក្ខខណ្ឌជាបន្តទៅទៀតលើប្រទេសរុស្ស៊ី ឲ្យកាន់តែទូលំទូលាយតាមច្បាប់អន្តរជាតិ។
កិច្ចប្រឹងប្រែងរកសន្តិភាពឲ្យប្រទេសអ៊ុយក្រែន ធ្វើឡើងក្រោយពីរដ្ឋការក្រុងមូស្គូ ដឹកនាំដោយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) បញ្ជូនកងទ័ពវាយលុកលុយ ទន្ទ្រានឈ្លានពានយកទឹកដីអ៊ុយក្រែន កាន់កាប់ ដែលជាប្រទេសឯករាជ្យ អធិបតេយ្យ ដោយបំពានធម្មនុញ្ញសហប្រជាជាតិមាត្រា២ កថាខណ្ឌ៤ ដែលហាមឃាត់ប្រទេសមួយប្រើកម្លាំងទ័ពទៅឈ្លានពានប្រទេសមួយទៀតជាសមាជិកអង្គការសហប្រជាជាតិ។ រុស្ស៊ី មិនមែនត្រឹមតែជាសមាជិកធម្មតាទេ គឺសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង។
លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) គុណគូរពីដំបូងថា កងទ័ពរុស្ស៊ីនឹងកាន់កាប់រដ្ឋធានីគៀវ (Kiev) តែក្នុងរយៈពេល ២-៣ថ្ងៃប៉ុណ្ណោះ ដោយភូតកុហកពលរដ្ឋរុស្ស៊ី និងពិភពលោកថា គ្រាន់តែធ្វើប្រតិបត្តិការពិសេស ពោលគឺគ្មានបំណងវាយប្រហារលើប្រទេសអ៊ុយក្រែន ឡើយ។ លោកប៉ាន់ស្មានខុសស្រឡះ ហើយឥឡូវជាប់ផុងរើខ្លួនមិនរួច ទាហានក៏ស្លាប់យ៉ាងសន្ធឹក អាវុធយុទ្ធភណ្ឌក៏ខូចខាតសម្បើម សេដ្ឋកិច្ចជាតិក៏ដាំដូង លោកសេរីដាក់ទណ្ឌកម្មគ្រប់ទិស ថែមទាំងរឹបអូសសម្បត្តិទ្រព្យរុស្ស៊ីក្នុងប្រទេសសេរីទៀត។
ជាងពីរឆ្នាំកន្លងទៅ សង្គ្រាមនៅតែបន្តរាល់ថ្ងៃ បណ្តាលឲ្យជីវិតមនុស្ស ទ្រព្យសម្បត្តិ សេដ្ឋកិច្ចទាំងសងខាងខូចខ្ទេចខ្ទាំ។ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានលើកសំណើ ១០ចំណុចដើម្បីបញ្ចប់ចំបាំងពីឆ្នាំ២០២២។ សំណើនេះ រាប់ទាំងទាមទារឲ្យរុស្ស៊ី ប្រគល់ទឹកដីដែលខ្លួនយកកាន់កាប់ឲ្យទៅអ៊ុយក្រែន វិញ ទារសងការខូចខាតដោយសាររុស្ស៊ី បង្កសង្គ្រាមឈ្លានពាន ទាមទារឲ្យផ្ដន្ទាទោសឧក្រិដ្ឋកម្មសង្គ្រាម និងបំផ្លាញមនុស្សជាតិ បញ្ចប់ការប្រទូសរ៉ាយបង្ករឿងគ្រប់យ៉ាងតាមព្រំដែន ប្តូរឈ្លើយសឹក និងប្រគល់កុមារអ៊ុយក្រែន ដែលទាហានរុស្ស៊ី ប្រមូលយកទៅដាក់តំបន់រុស្ស៊ី កាន់កាប់ ទៅឲ្យអ៊ុយក្រែន វិញ ជាដើម។ល។ រីឯប្រធានាធិបតីរុស្ស៊ី លោក ពូទីន ថ្លែងកាលពីថ្ងៃសុក្រ ទី១៤ ខែមិថុនា កន្លងទៅថា លោកនឹងបញ្ចប់សង្គ្រាម បើប្រទេសអ៊ុយក្រែន ព្រមបោះបង់ចោលបំណងចូលជាសមាជិកអង្គការសម្ព័ន្ធភាពយោធាណាតូ ហើយសុខចិត្តប្រគល់ខេត្ត៤ ដែលរុស្ស៊ី កាន់កាប់ ឲ្យរុស្ស៊ី។ ក្រុងគៀវ ឆ្លើយតបវិញថា គេមិនចុះចាញ់ឡើយ។
អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដើរតួជំនួសកូនជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានថ្លែងជាសាធារណៈថា មូលហេតុដែលរាជរដ្ឋាភិបាលប្រទេសកម្ពុជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូលក្នុងឋានៈជាអ្វីមួយ មកពីលោកគិតថា កិច្ចប្រជុំកំពូលនោះ នឹងមិនជោគជ័យទេ បើពុំមានភាគីរុស្ស៊ី ចូលរួម ទោះជាពិភពលោកព្យាយាមរកសន្តិភាពឲ្យប្រទេសមួយកំពុងរងការខ្ទេចខ្ទាំក្នុងសង្គ្រាមដុតបញ្ឆេះដោយរុស្ស៊ី យ៉ាងណាក៏ដោយ។ លោកអះអាងថា លោកបានប្រាប់មេភ្នាក់ងារចារកម្មអាមេរិកាំង សេអ៊ីអា (CIA) លោក William Burns រួចហើយថា កម្ពុជាមិនចូលរួមទេ។ ការអះអាងនេះ ត្រូវបានអ្នកសារព័ត៌មានបរទេសរកឃើញថា ដូចជាមិនពិត។
អ្នកតាមដានមើលឃើញថា លោក ហ៊ុន សែន បញ្ជាក់អះអាងអ៊ីចឹង ហាក់បីដូចជាបោះជំហានមុនកូនរបស់លោកជានាយករដ្ឋមន្ត្រី ហើយម្យ៉ាងទៀត ហាក់បីដូចជាផ្ទុយពីពិធីការទូត ដែលត្រូវធ្វើតាមរយៈក្រសួងការបរទេស។
ចំពោះការសម្រេចចិត្តមិនចូលរួមជួយរកសន្តិភាពជាមួយសហគមន៍អន្តរជាតិ គេមិនទាន់ដឹងច្បាស់ថា តើខ្មែរចំណេញអ្វីពិតប្រាកដនោះទេ។
បណ្ឌិត សេង សារី អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍ ប្រាប់សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ថា៖ ជារឿងគួរឲ្យសោកស្តាយ ដែលប្រទេសកម្ពុជាមិនចង់បង្ហាញសមត្ថភាពលើឆាកអន្តរជាតិក្នុងឱកាសនៃជំនួបអន្តរជាតិជិត ១០០ប្រទេសនោះ៖ (សំឡេង)
អ្នកវិភាគមើលឃើញថា អ្នកដឹកនាំប្រទេសកម្ពុជាស្ថិតលើវេទិកាលេចធ្លោជាងគេ អាចនិយាយបានប្រសើរជាងគេ ពីព្រោះប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមឈ្លានពាន ហើយទទួលបានសន្តិភាពដោយសារកិច្ចប្រឹងប្រែងពីសហគមន៍អន្តរជាតិ។
មូលហេតុប្រទេសកម្ពុជាមិនចង់ចូលរួម ត្រូវបានអ្នកវិភាគបរទេសស្គាល់ស្ថានការណ៍នយោបាយស្រុកខ្មែរ បកស្រាយថា លោក ហ៊ុន សែន ទទួលឥទ្ធិពលមកពីចិន ក្នុងការសម្រេចចិត្តបែបនោះច្រើនជាងឥទ្ធិពលពីប្រភពផ្សេង។
បណ្ឌិត សេង សារី អធិប្បាយថា កិច្ចប្រជុំកំពូលនៅប្រទេសស្វីស មិនមែនជាកិច្ចប្រជុំស្វែងរកសន្តិភាពទេ តែជាការស្វែងរកការគាំទ្របន្ថែមពីសហគមន៍អន្តរជាតិចំពោះប្រទេសអ៊ុយក្រែន ដោយសំអាងថា មិនបានអញ្ជើញភាគីរុស្ស៊ី ចូលរួម។
ទោះជាបែបនេះក្តី មហាអំណាច៣ នៃកិច្ចប្រជុំនោះ គឺសហរដ្ឋអាមេរិក បារាំង អង់គ្លេស រួមនឹងប្រទេសជឿនលឿនឯទៀត មិនមែនមិនដឹងមិនយល់នោះទេ ថាតើអាចរកដំណោះស្រាយចេញរួច ឬមិនរួចនោះទេ បើគ្មានភាគីរុស្ស៊ី ចូលរួមនោះ ប៉ុន្តែតាមគោលការណ៍សណ្ដាប់ធ្នាប់ពិភពលោក ប្រទេសសេរីប្រជាធិបតេយ្យ គេមិនលើកទឹកចិត្តមេដឹកនាំប្រទេសរំលោភបំពានច្បាប់ សន្ធិសញ្ញាអន្តរជាតិ និងធម្មនុញ្ញសហប្រជាជាតិនោះទេ។ គេអាចនឹងដោះស្រាយតាមវិធី តាមមធ្យោបាយដោយគ្មានរុស្ស៊ី ហើយក្រុងមូស្គូ ក៏ចាប់ផ្តើមគំរាមប្រើអាវុធបរមាណូ។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក អធិប្បាយក្នុងកម្មវិធីនៃសារព័ត៌មាន The Cambodia Daily នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ថា៖ (សំឡេង) វាបង្ហាញថា កម្ពុជាមានជំហរមិននឹងន។
លោកនិយាយថា លោកអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចថ្លឹងរឿងខាត រឿងចំណេញទាក់ទងនឹងរឿងបំណុលរុស្ស៊ី តាមរយៈការចរចាយ៉ាងសកម្មជាមួយអ្នកការទូតរុស្ស៊ី នៅក្រុងភ្នំពេញ។ ជាមួយគ្នានេះ ចិនក៏ជាអ្នកជួយយុទ្ធមិត្តរុស្ស៊ី ទប់ទល់នឹងឥទ្ធិពលមហាអំណាចលោកសេរីដែរ ដូច្នេះក្រុងប៉េកាំង អាចផ្តល់យោបល់ថា អ៊ុយក្រែនមិនមែនជាសម្ព័ន្ធយើងទេ មិនទៅចូលរួមអាចចំណេញជាង ហើយក៏មិនធ្វើឲ្យសម្ព័ន្ធមិត្តចាស់-រុស្ស៊ី អន់ចិត្តទៀតផង។
លោក David Hutt សរសេរលើសារព័ត៌មាន The Diplomat ថា ដើម្បីកុំឲ្យមហាអំណាចលោកខាងលិចមើលឃើញថាប្រទេសកម្ពុជាស្ថិតក្នុងជង្រុកចិន អតីតសម្ព័ន្ធមិត្តរុស្ស៊ី ដោយសារបំណុល លោក ហ៊ុន សែន ក៏ធ្វើជាយកលេសប្រាប់អាមេរិកាំងថា ជំនួបកំពូលគ្មានជោគជ័យព្រោះគ្មានរុស្ស៊ី ទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ តាមសារព័ត៌មាន Deutsch Well ផ្សាយថ្ងៃទី១៤ ខែមិថុនា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Igor Driesmans បានជួបនិយាយជាមួយលោក ហ៊ុន សែន ដោយចង់ឃើញប្រទេសកម្ពុជាចូលរួម។
ប្រទេសក្នុងសហគមន៍អាស៊ានទាំងដប់ មួយចំនួនមេដឹកនាំរដ្ឋាភិបាលទៅចូលរួម មួយចំនួនបញ្ជូនឯកអគ្គរដ្ឋទូត ឬរាជទូតទៅចូលរួមជាតំណាងប្រទេសរបស់គេ។ ប្រទេសទាំងនោះ គឺ សិង្ហបុរី ថៃឡង់ដ៍ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត។ សេចក្តីសម្រេចចិត្តដោយលោក ហ៊ុន សែន មិនទៅចូលរួមក្នុងប្រជុំនៅប្រទេសស្វីស វាឆ្លុះបញ្ចាំងអំពីការយល់ឃើញដូចពលរដ្ឋក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលមាន ៥% និយាយថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ពុំមានប៉ះពាល់អ្វីដល់រូបគេឡើយ។
តាមការស្រាវជ្រាវស្ទង់មតិប្រចាំឆ្នាំនាពេលថ្មីៗបំផុតក្នុងប្រទេស ១០ ពីវិទ្យាស្ថាន ISEAS-Jusof Ishak នៅប្រទេសសិង្ហបុរី ដែលរកឃើញថា ៦៨% នៃពលរដ្ឋក្នុងប្រទេសទាំង ១០ ខ្វល់ខ្វាយអំពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ពីព្រោះការឡើងថ្លៃថាមពល និងតម្លៃទំនិញក្នុងប្រទេសនីមួយៗ បានបណ្តាលឲ្យជួបផលវិបាកសេដ្ឋកិច្ចក្នុងប្រទេស។
ប្រទេសសមាជិកអាស៊ានមិនចូលរួមកិច្ចប្រជុំកំពូលស្វែងរកសន្តិភាពនៅប្រទេសអ៊ុយក្រែន មាន លាវ ដែលងាកទៅអែបរុស្ស៊ី ចាប់ពីឆ្នាំ២០២២ ក្រោមកិច្ចដឹកនាំដោយប្រធានាធិបតី ថងលន់ ស៊ីស៊ូលីត; ភូមា ដែលទទួលជំនួយយោធារុស្ស៊ី ក្រោយពីរដ្ឋប្រហារ; យៀកណាម ដែលកំពុងត្រេងត្រាង គឺមើលឃើញអតីតសម្ព័ន្ធមិត្តយុទ្ធមិត្តរុស្ស៊ី បំពានច្បាប់ ប៉ុន្តែមិនចង់ធ្វើឲ្យចិន កាន់តែក្តៅក្រហាយ បើទៅចូលរួមប្រជុំតាមបំណងមហាអំណាចលោកសេរីប្រឆាំងរុស្ស៊ី ដែលចិនជួយគាំទ្រដែរ និងមិនចង់ឲ្យចិន ថាខ្លួនទៅអែបសហរដ្ឋអាមេរិកពេក។ មួយវិញទៀត ក្រុងហាណូយ ក៏ធ្លាប់បំពានធម្មនុញ្ញអង្គការសហប្រជាជាតិដែរកាលពីសម័យវាយលុកលុយឈ្លានពានប្រទេសកម្ពុជាឆ្នាំ១៩៧៩ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១។
រាជរដ្ឋាភិបាលគ្រប់គ្រងដោយត្រកូល ហ៊ុន នាំមុខដោយកូនប្រុស ហ៊ុន ម៉ាណែត ញាក់ខ្សែពីក្រោយដោយឪពុក ហ៊ុន សែន ប្រហែលជាបានចំណេញខ្លះក្នុងការសម្រេចចិត្តមិនចូលរួមកិច្ចប្រជុំកំពូលរកសន្តិភាពឲ្យជនរងគ្រោះជាតិសាសន៍អ៊ុយក្រែន និងរុស្ស៊ី តាមការសន្យាបន្ធូរបន្ថយបំណុលដែលខ្ចីគេជំពាក់វ័ណ្ឌកឡើងដល់ ១១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ ជំពាក់ចិន ជាង ៤ពាន់លានដុល្លារ រុស្ស៊ី ១៥០០លានដុល្លារ ដូរជាគម្រោងវិនិយោគទុន កូរ៉េខាងត្បូងពី ១៥០០លានទៅ ៣ពាន់លានដុល្លារពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ ជប៉ុន ជិត ២០០លានដុល្លារ ធនាគារអភិវឌ្ឍន៍អាស៊ី ជិត ៥ពាន់លានដុល្លារ ធនាគារពិភពលោកជិត ១ពាន់លានដុល្លារ។
ការផ្គាប់ចិត្តមហាអំណាចចិន និងរុស្ស៊ី អាចគេនឹងយល់យោគលើបំណុល អាចរម្ងាប់ចិត្តអ្នកជិតខាងយៀកណាម ផងដែរ ប៉ុន្តែមិនបានចំណេញអ្វីសម្រាប់ប្រជាពលរដ្ឋខ្មែរទេ។ ប្រជាពលរដ្ឋខ្មែរនៅតែចំណាយលើអតិផរណាជិត ៣% ដដែល ព្រោះតែសង្គ្រាមធ្វើឲ្យប្រេងឥន្ធនៈ និងទំនិញសព្វសារពើឡើងថ្លៃ ចំណាយថវិការដ្ឋនៅតែជិត ៤០% នៃផលទុនក្នុងស្រុកសរុប GDP ឬចំណូល។ បើសងការប្រាក់រៀងរាល់ឆ្នាំទៀត រដ្ឋគ្មានថវិកាគ្រប់គ្រាន់ គ្មានធនធានអភិវឌ្ឍជាតិដោយខ្លួនឯង ក្រៅពីដើរខ្ចីបុលគេថែម ហើយសងការសងដើមៗនោះឡើយ៕