វិមានក្រឹមឡាំង កាលពីថ្ងៃអាទិត្យ ទី១៤ កក្កដា បានបញ្ជូនសារវាយប្រហារទៅលើរដ្ឋការលោក ចូ បៃដិន ថាជាអ្នកបង្កបរិយាកាសនយោបាយដ៏តានតឹង នាំឱ្យមានការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតីអាមេរិកដែលជាបេក្ខជនប្រធានាធិបតីដ៏មានឥទ្ធិពលនៃគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន Politico ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យវិមានក្រឹមឡាំង បានដាក់ការចោទប្រកាន់ថា រដ្ឋបាលលោក បៃដិន បានបង្កើតបរិយាកាសនយោបាយដ៏ពិសពុលនាំឲ្យមានអំពើហិង្សាបែបនេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងពីការប៉ុនប៉ងជាច្រើនក្នុងការដកលោក ដូណាល់ ត្រាំ ចេញពីឆាកនយោបាយ តាមរយៈបណ្តឹងតុលាការ និងការបង្ខូចកេរ្តិ៍ឈ្មោះជាដើម ដែលសកម្មភាពទាំងនេះរុញឱ្យជីវិតរបស់លោក ត្រាំ ស្ថិតក្នុងស្ថានភាពប្រឈមនឹងគ្រោះថ្នាក់។
តែយ៉ាងណា លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ក្រុងមូស្គូ មិនជឿថាការប៉ុនប៉ងដើម្បីលុបបំបាត់ និងធ្វើឃាតលោក ត្រាំ ត្រូវបានរៀបចំឡើងដោយអាជ្ញាធរបច្ចុប្បន្ននោះទេ តែបរិយាកាសតានតឹងផ្នែកនយោបាយជាមួយនឹងលោក ដូណាល់ ត្រាំ ជាការរុញលោក ត្រាំ ប្រឈមមុខដ៏គ្រោះថ្នាក់នៅពេលនេះ។
ក្នុងស្ថានភាពបែបនេះ ក្រសួងការបរទេសរុស្ស៊ី បានឆក់យកការប្រហារប៉ងធ្វើឃាតលោក ត្រាំ រិះគន់ការផ្តល់ជំនួយយោធារបស់រដ្ឋការលោក ចូ បៃដិន ទៅឱ្យអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បានស្នើឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់ថវិកាទាំងនោះដើម្បីពង្រឹងសន្តិសុខក្នុងស្រុកជំនួសវិញ ជាជាងការផ្តល់ឱ្យអ៊ុយក្រែន។
បើទោះជាបែបនេះក្ដី លោក ចូ បៃដិន បានអំពាវនាវឱ្យប្រជាជនអាមេរិករួបរួមគ្នា និងអត់ឱនគ្នា បញ្ឈប់ហិង្សានយោបាយ ដែលលោកថា ប្រព័ន្ធប្រជាធិបតេយ្យគ្មានហិង្សានោះទេ។ លោក បៃដិន បានថ្លែងដូចនេះចេញពីការិយាល័យរាងពងក្រពើនៅក្នុងសេតវិមាន។
លោក បៃដិន ក៏បានលើកឡើងដែរថា សាមគ្គីភាពគឺជាគោលដៅសំខាន់ ហើយថាលោកផ្ទាល់បានធ្វើកិច្ចសន្ទនាខ្លីមួយដ៏ល្អជាមួយលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍។
ក្នុងស្ថានភាពនេះ លោក បៃដិន វ័យ ៨២ឆ្នាំ ជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យក៏បានទទូចឱ្យមានការផ្សះផ្សាជាតិ តែលោកនៅតែថ្លែងថ្កោលទោសការបាញ់ប្រហារទៅលើលោក ដូណាល់ ត្រាំ។
លោក បៃដិន និងលោក ដូណាល់ ត្រាំ គឺជាគូប្រជែងនយោបាយដ៏តានតឹងដែលឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
នៅក្នុងវេទិកាដេញដោលគ្នាកាលពីចុងខែមិថុនា រៀបចំដោយបណ្ដាញទូរទស្សន៍ CNN ទាំងលោក ត្រាំ និងលោក បៃដិន ប៉ះសម្ដីគ្នាយ៉ាងខ្លាំង ហើយសូម្បីរឿងឯកជនភាពក៏លើកមកវាយប្រហារគ្នាដែរ។
លោក ដូណាល់ ត្រាំ ត្រូវគ្រាប់កាំភ្លើងហោះទម្លុះសន្លឹកត្រចៀកខាងស្ដាំរបស់លោក ខណៈលោកកំពុងថ្លែងសារទៅកាន់អ្នកគាំទ្រនៅឯយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុង Butler រដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃសៅរ៍ ទី១៣ កក្កដា ប៉ុន្តែការបាញ់ប្រហារនេះ មិនបានសម្រេចនេះ។
ក្នុងការវាយប្រហារនេះ មានមនុស្សម្នាក់បានស្លាប់ និង ២នាក់ទៀតរងរបួស រីឯខ្មាន់កាំភ្លើងមានឈ្មោះថា Thomas Matthew Crooks អាយុ ២០ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅកន្លែងដោយកងសន្តិសុខសម្ងាត់សហរដ្ឋអាមេរិក។
នៅក្នុងសារថ្មីមួយទៀតបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ មានអាយុ ៧៨ឆ្នាំ បាននិយាយថា មានតែព្រះជាម្ចាស់ទេដែលបានសង្គ្រោះរូបលោក ហើយភរិយារបស់លោក គឺអ្នកស្រី Melania បានហៅខ្មាន់កាំភ្លើងថាជាបិសាច។ លោក ត្រាំ បានទទូចទៅប្រជាជនអាមេរិកថា គេមិនត្រូវបណ្ដោយឱ្យសភាវៈអាក្រក់ឈ្នះជាដាច់ខាត តែលោក ត្រាំ ក៏អំពាវនាវឱ្យមានការរួបរួមគ្នាដែរ។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងបើកការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៅពីក្រោយការប៉ុនប៉ងធ្វើឃាតលោក ត្រាំ។ ក្រោយឧបទ្ទវហេតុនេះកើតឡើង ការព្រួយបារម្ភក៏បានផ្ទុះឡើងដែរពីការបែកបាក់នៅក្នុងនយោបាយសហរដ្ឋអាមេរិក និងហានិភ័យនៃអំពើហិង្សាអំឡុងការបោះឆ្នោតប្រធានាធិបតីនៅដើមខែវិច្ឆិកា ខាងមុខនេះ។
ក្រោយមួយថ្ងៃដែលលោក ត្រាំ រងរបួស អតីតប្រធានាធិបតីសហរដ្ឋអាមេរិកដែលជាបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ បានធ្វើដំណើរទៅដល់ទីក្រុង Milwaukee រដ្ឋ Wisconsin ដើម្បីចូលរួមសមាជជាតិរបស់គណបក្សសាធារណរដ្ឋ។
កូនប្រុសរបស់លោក ត្រាំ គឺលោក Eric Trump បានបញ្ជាក់ពីការធ្វើដំណើររបស់លោក ត្រាំ ទៅដល់ទីក្រុង Milwaukee ដែលលោក Eric បានបញ្ជាក់នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X។
ក្នុងអង្គសមាជជាតិរបស់គណបក្សសាធារណរដ្ឋ លោក ត្រាំ ក៏ត្រូវបានរំពឹងដែរថានឹងប្រកាសពីបេក្ខជនអនុប្រធានាធិបតីរបស់លោក និងការទទួលស្គាល់ការតែងតាំងជាផ្លូវការចំពោះលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។
ការបាញ់ប្រហារប៉ុនប៉ងធ្វើឃាតលើរូបលោក ត្រាំ គឺជាលើកទីមួយហើយចាប់ពីឆ្នាំ១៩៨១ មក។ លោក Ronald Reagan កាលនោះជាប្រធានាធិបតីសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលក្នុងការដឹកនាំក្រុមបស្ចិមប្រទេសប្រជែងនឹងប្លុកកុម្មុយនីស្ត បានរងរបួសដោយគ្រាប់កាំភ្លើងដែលជនវិបត្តិផ្លូវចិត្តអាយុ ២៥ឆ្នាំម្នាក់ឈ្មោះ John Hinckley បានបាញ់សំដៅទៅលើរូបលោក នៅពេលលោកចាកចេញពីសណ្ឋាគារ Hilton ក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨១។ ការវាយប្រហាររបស់ខ្មាន់កាំភ្លើងទៅលើលោក Ronald Reagan ក៏មិនបានសម្រេចដែរ៕