២ភាគ៣ នៃអ្នកប្រជាធិបតេយ្យ បាននិយាយថា លោក ចូ បៃដិន គួរដកខ្លួនពីការប្រកួតតំណែងប្រធានាធិបតី ហើយទុកឱ្យបក្សប្រជាធិបតេយ្យ តែងតាំងបេក្ខជនជំនួស។ នេះបើយោងតាមការស្ទង់មតិចុងក្រោយថ្មីមួយទៀតដែលធ្វើឡើងដោយមជ្ឈមណ្ឌលដើម្បីស្រាវជ្រាវកិច្ចការសាធារណៈ AP-NORC ហើយចុះផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃទី១៨ កក្កដា។
ការស្ទង់មតិនេះ ធ្វើឡើងចំពេលលោក ចូ បៃដិន កំពុងការពារខ្លួនពីការវាយប្រហារ និងរិះគន់ពីអ្នកនយោបាយ និងអ្នកគាំទ្រនៃបក្សប្រជាធិបតេយ្យ ដែលពួកគេបារម្ភអំពីវ័យចាស់របស់លោក បៃដិ និងសុខភាពរបស់លោក។
លោក ចូ បៃដិន បានផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលពេលនោះលោកមានវ័យ ៧៨ឆ្នាំ ហើយឥឡូវលោកមានវ័យ ៨២ឆ្នាំ ប៉ុន្តែលោក ត្រាំ នៅឆ្នាំនេះមានអាយុ ៧៨ឆ្នាំ។ លោក ត្រាំ ត្រូវបក្សសាធារណរដ្ឋតែងតាំងលោកជាបេក្ខជនប្រធានាធិបតីម្ដងទៀតក្រោយពីលោកបានផ្ដួលគូប្រជែងនៅក្នុងបក្សរបស់លោកចំនួន ៣រូប។
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមការស្ទង់មតិរបស់មជ្ឈមណ្ឌលដើម្បីស្រាវជ្រាវកិច្ចការសាធារណៈ AP-NORC ៣នាក់ក្នុងចំណោម ១០នាក់នៃក្រុមអ្នកគាំទ្របក្សប្រជាធិបតេយ្យ បានបង្ហាញការទុកចិត្តថា លោក បៃដិន នៅមានសុខភាពរឹងមាំ។ មានន័យថា ៧នាក់បារម្ភពីសុខភាពរបស់លោក បៃដិន។
ចំពោះការស្ទង់មតិលើប្រជាប្រិយភាពវិញ លោក បៃដិន នៅតែរត់ពីក្រោយលោក ដូណាល់ ត្រាំ ក្នុងបណ្ដារដ្ឋភាគច្រើន។
ក្រោយពីលោក ត្រាំ រងការបាញ់ប្រហារកាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងមកនេះ បណ្ដាញទូរទស្សន៍ CNN បានចុះធ្វើការស្ទង់មតិជាថ្មីទៀត ដោយរកឃើញថា លោក ដូណាល់ ត្រាំ នៅតែរក្សាបានការគាំទ្រច្រើនជាងលោក បៃដិន ហើយសូម្បីនៅបណ្ដារដ្ឋដែលលោក បៃដិន បានឈ្នះនៅក្នុងការបោះឆ្នោតឆ្នាំ២០២០ ក៏លោក ត្រាំ នាំមុខដែរ។
បើទោះជាយ៉ាងណា លោក ចូ បៃដិន បាននិយាយថា លោកនឹងពិចារណាឡើងវិញពីការដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ខាងមុខ ប្រសិនបើក្រុមគ្រូពេទ្យប្រាប់ថារូបលោកមានបញ្ហាសុខភាព។
លោក បៃដិន បានអះអាងដូចនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញទូរទស្សន៍ BET News ដែលចាក់ផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែកក្កដា។
នៅក្នុងបទសម្ភាសន៍នោះ លោក បៃដិន បានគូសបញ្ជាក់ថា ប្រសិនបើរូបលោកមានបញ្ហាសុខភាព ហើយប្រសិនបើក្រុមគ្រូពេទ្យប្រាប់ថាលោកពិតជាមានបញ្ហាសុខភាពប្រាកដមែន លោកត្រូវតែចាកចេញពីបេក្ខជនប្រធានាធិបតី។
លោក បៃដិន បានបញ្ជាក់ដូចនេះ គឺជាលើកដំបូងដែលលោកលើកឡើងអំពីសុខភាពរបស់លោកក្នុងភាពជាមនុស្សមានវ័យចាស់ជាងគេក្នុងប្រវត្តិសាស្ត្រនៃប្រធានាធិបតីសហរដ្ឋអាមេរិក នៅខណៈអ្នកគាំទ្របក្សប្រជាធិបតេយ្យភាគច្រើន ចង់ឱ្យលោកដកខ្លួនពីការប្រកួតជាមួយលោក ត្រាំ ដែលមានសុខភាពរឹងមាំជាងលោក។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញទូរទស្សន៍ ABC News លោក បៃដិន បានច្រានចោលការអំពាវនាវឱ្យលោកដកខ្លួន ដែលលោកនិយាយថាមានតែព្រះទេអាចបង្ខំឱ្យរូបលោកដកខ្លួនពីការប្រកួត។ កាលពីសប្ដាហ៍មុន លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលលោកថាលោកអាចបោះបង់ចោលការប្រកួត ប្រសិនបើមន្ត្រីជំនិតរបស់លោកបង្ហាញភស្តុតាងថាលោកមិនអាចយកឈ្នះលោក ដូណាល់ ត្រាំ។
នៅក្នុងវេទិកាសួរដេញដោលជាមួយលោក ត្រាំ នៅលើកញ្ចក់ទូរទស្សន៍ CNN គេមើលឃើញលោក បៃដិន មានចំណុចខ្សោយជាងលោក ត្រាំ ក្នុងការឆ្លើយវាយបកវិញ ខណៈលោកព្យាយាមរកពាក្យមកនិយាយឆ្លើយតបនឹងការវាយប្រហាររបស់លោក ត្រាំ។
ក្នុងវេទិកាពេលនោះ លោក បៃដិន មានអាការៈដូចភ្លឹក និងភ្លេចភ្លាំងទៀតផង។ ក្នុងស្ថានភាពដូចនេះហើយបានជាអ្នកនយោបាយមួយចំនួននៅក្នុងបក្សរបស់លោក ទាមទារឱ្យលោកដកខ្លួនពីការប្រកួត។
ប៉ុន្តែបទសម្ភាសន៍របស់លោក ចូ បៃដិន ជាមួយបណ្ដាញទូរទស្សន៍ BET News ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងលោកត្រូវបានសេតវិមានបញ្ជាក់ថាបានឆ្លងកូវីដ-១៩ អំឡុងធ្វើដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុង Las Vegas កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ហើយពេលនេះលោកកំពុងធ្វើចត្តាឡីស័កនៅភូមិគ្រឹះរបស់លោកក្នុងរដ្ឋ Delaware តែលោកនៅតែដឹកនាំការងារសេតវិមានប្រចាំថ្ងៃ។
ជាមួយគ្នានេះ បក្សប្រជាធិបតេយ្យគ្រោងនឹងរៀបចំការបោះឆ្នោតប្រជាមតិតាម Online ដើម្បីបញ្ជាក់ថា តើលោក បៃដិន អាចក្លាយជាបេក្ខជនជាផ្លូវការដែរឬទេ។
ការបោះឆ្នោតប្រជាមតិ អាចនឹងធ្វើឡើងនៅក្នុងសប្តាហ៍ដំបូង ឬសប្ដាហ៍បន្ទាប់នៃខែសីហា ដែលធ្វើឡើងមុនសន្និបាតជាតិរបស់បក្សប្រជាធិបតេយ្យត្រូវរៀបចំឡើងនៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ខែសីហា នៅទីក្រុង Chicago។
គម្រោងការនោះអាចនឹងធ្វើឡើង បើទោះជាមានការអំពាវនាវកាន់តែខ្លាំងឡើងពីអ្នកគាំទ្រនៅក្នុងគណបក្សប្រជាធិបតេយ្យ ឱ្យលោក បៃដិន ចាកចេញពីការប្រកួតប្រជែងប្រធានាធិបតីក៏ដោយ។
គណៈកម្មាធិការសន្និបាតជាតិនៃបក្សប្រជាធិបតេយ្យ នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីផែនការបោះឆ្នោតប្រជាមតិតាម Online ពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិរបស់លោក បៃដិន ក្នុងឋានៈជាបេក្ខជនប្រធានាធិបតីរបស់បក្ស៕