ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅសល់ជាង ៣ខែទៀតប៉ុណ្ណោះ នឹងចូលមកដល់ហើយ តែនៅពេលនេះ ការប្រកួតបានចាប់ផ្ដើមផ្លាស់ប្ដូរគូប្រកួត ក្រោយពីលោក ចូ បៃដិន បេក្ខជនប្រធានាធិបតីកំពុងកាន់អំណាច បានសម្រេចដកខ្លួនពីការប្រកួតដោយសារវ័យចាស់ និងបញ្ហាសុខភាព។
លោក បៃដិន អាយុជិត ៨២ឆ្នាំ បានបញ្ចេញសារពីភូមិគ្រឹះរបស់លោកនៅឆ្នេរសមុទ្រក្នុងរដ្ឋ Delaware បន្ទាប់ពីលោកត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាលោកមានជំងឺកូវីដ-១៩។
សាររបស់លោក បៃដិន គឺជាការរំជើបរំជួលចុងក្រោយបំផុតចំពោះយុទ្ធនាការមួយសម្រាប់សេតវិមាន ដែលគណបក្សនយោបាយទាំងពីរ គឺបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ចាត់ទុកដំណើរការឃោសនាបោះឆ្នោតនៅក្នុងអាណត្តិថ្មីនេះ ជាការប្រឈមបំផុតខុសពីអាណត្តិមុនៗ ដែលបេក្ខជនមកពីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ រងការបាញ់ប្រហារក្នុងយុទ្ធនាការឃោសនានយោបាយនៅរដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ កក្កដា។
តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ជាមួយការសម្រេចចិត្តដកខ្លួនចេញពីការប្រកួតតំណែងកាន់កាប់សេតវិមាន លោក ចូ បៃដិន ក៏បានផ្ដល់ការគាំទ្រដល់អនុប្រធានាធិបតីរបស់លោក គឺអ្នកស្រី Kamala Harris ដើម្បីជំនួសរូបលោកក្នុងនាមជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ក្នុងការប្រកួតតតាំងជាមួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ផងដែរ។
ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក បៃដិន បានរៀបរាប់ថា៖ «ជាកិត្តិយសដ៏ធំធេងបំផុតនៅក្នុងជីវិតរបស់លោកដែលបានកាន់តំណែងជាប្រធានាធិបតីរបស់អ្នកទាំងអស់គ្នា។ នេះជាគោលបំណងរបស់ខ្ញុំដើម្បីស្វែងរកការជាប់ឆ្នោតឡើងវិញ។ ខ្ញុំជឿជាក់ថាគឺជាប្រយោជន៍ដ៏ល្អប្រសើរបំផុតសម្រាប់បក្សរបស់យើង និងប្រទេសទាំងមូល ដែលខ្ញុំត្រូវដកខ្លួន ហើយផ្ដោតតែទៅលើការបំពេញការងាររបស់ខ្ញុំរហូតដល់ចប់អាណត្តិ។»
សាររបស់លោកប្រធានាធិបតីបានបញ្ជាក់ទៀតថា៖ «ថ្ងៃនេះខ្ញុំសូមផ្តល់ការគាំទ្រ និងការយល់ព្រមពេញលេញរបស់ខ្ញុំសម្រាប់អ្នកស្រី Kamala Harris ឱ្យក្លាយជាបេក្ខភាពនៃគណបក្សរបស់យើងនៅឆ្នាំនេះ។ ក្រុមអ្នកប្រជាធិបតេយ្យទាំងឡាយ ឥឡូវនេះវាដល់ពេលដែលត្រូវរួមគ្នាហើយដើម្បីផ្តួលលោក ត្រាំ។»
លោក បៃដិន មានវ័យជិត ៨២ឆ្នាំ បានបញ្ជាក់ថា លោកនឹងបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិក រួមទាំងជាអគ្គមេបញ្ជាការកងទ័ពរហូតដល់អាណត្តិរបស់លោកផុតសុពលភាព នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយលោកផ្ទាល់នឹងថ្លែងសុន្ទរកថាមួយទៅកាន់ប្រជាជាតិសហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះ។
នៅពេលបក្សប្រជាធិបតេយ្យស្ថិតក្នុងស្ថានភាពរំជើបរំជួល បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយដោយចំអកថា បេក្ខជនអនុប្រធានាធិបតីអ្នកស្រី Kamala Harris គឺងាយស្រួលផ្ដួលជាងលោកប្រធានាធិបតី ចូ បៃដិន ទៅទៀត។
លោក ត្រាំ លើកឡើងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា តែប៉ុន្មានម៉ោងបន្ទាប់ពីលោក បៃដិន បានប្រកាសដកខ្លួនចេញពីការប្រកួត ហើយគាំទ្រអ្នកស្រី Kamala Harris ឱ្យធ្វើជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យជំនួសរូបលោក។
លោក ត្រាំ និងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ក៏បានឆ្លៀតវាយប្រហារលើលោក បៃដិន និងលោកស្រី Harris ផងដែរនៅលើបណ្ដាញទំនាក់ទំនងសង្គម ជាមួយការអំពាវនាវឱ្យលោក បៃដិន លាលែងចេញពីតំណែង ដោយអះអាងថា លោក បៃដិន មិនស័ក្តិសមបន្តកាន់តំណែងជាប្រធានាធិបតីទៀតនោះទេ។
តែលោក ត្រាំ នេះហើយជាបេក្ខជនប្រធានាធិបតីកំពុងកាន់អំណាច ដែលត្រូវលោក បៃដិន ផ្ដួលក្នុងការប្រកួតការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។
នេះគឺជាលើកដំបូងក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះ ដែលប្រធានាធិបតីកំពុងកាន់អំណាចម្នាក់សម្រេចចិត្តដកខ្លួនចេញពីការប្រកួត។
អ្នកស្រី Harris ដែលមានអាយុ ៥៩ឆ្នាំ ត្រូវគេមើលឃើញថាជាអ្នកស្នងតំណែងមួយសមស្រប ដោយសារអ្នកស្រីជាបេក្ខជនតែមួយគត់ដែលអាចប្រើប្រាស់បានដោយផ្ទាល់នូវធនធានរបស់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បៃដិន។
ការគាំទ្ររបស់លោក បៃដិន អាចជាការបើកផ្លូវសម្រាប់អ្នកស្រី Harris ទៅសុំការអនុម័តពីសន្និបាតបក្សប្រជាធិបតេយ្យ ដែលគ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែសីហា នៅទីក្រុង Chicago៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

