អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris បាននាំមុខលើគូប្រជែងរបស់អ្នកស្រី គឺលោក ដូណាល់ ត្រាំ នៅក្នុងការស្ទង់មតិថ្នាក់ជាតិថ្មីមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ការស្ទង់មតិត្រូវបានធ្វើឡើងជាលើកដំបូងចាប់តាំងពីប្រធានាធិបតី លោក ចូ បៃដិន ប្រកាសដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤។
ការស្ទង់មតិនេះ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters សហការជាមួយស្ថាប័នស្ទង់មតិ Ipsos បានបង្ហាញថា អ្នកស្រី Harris នាំមុខលោក ត្រាំ ចំនួន ២ពិន្ទុ គឺ ៤៤% ទល់នឹង ៤២%។ ការស្ទង់មតិនេះធ្វើឡើងតែ ២ថ្ងៃប៉ុណ្ណោះក្រោយពីលោក បៃដិន បានប្រកាសកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថាលោកមិនស្វែងរកការបោះឆ្នោតសាឡើងវិញនោះទេ តែលោក បៃដិន បានប្រកាសគាំទ្រអ្នកស្រី Harris ជាបេក្ខភាពប្រធានាធិបតីជំនួសរូបលោកតំណាងឱ្យគណបក្សប្រជាធិបតេយ្យ។
អ្នកស្រី Harris ត្រូវបានលោកប្រធានាធិបតី ចូ បៃដិន ស្នើឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ប៉ុន្តែឥស្សរជនកំពូលខ្លះរួមមានអតីតប្រធានាធិបតី Barack Obama និងអ្នកស្រី Nancy Pelosi អតីតប្រធានរដ្ឋសភា នៅមិនទាន់បានផ្តល់ការស្នើ ឬការយល់ព្រមរបស់ខ្លួនដល់អ្នកស្រី Kamala Harris នៅឡើយទេ។ ប៉ុន្តែលោក Bill Clinton អតីតប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ បានគាំទ្រអ្នកស្រី Harris រួចទៅហើយ។
គិតត្រឹមថ្ងៃទី២៣ ខែកក្កដា អ្នកស្រី Harris មានប្រតិភូនៅក្នុងដៃ ២២១៤រូប ដែលបានសន្យាថានឹងបោះឆ្នោតគាំទ្រអ្នកស្រីជាបេក្ខជនប្រធានាធិបតីនៅថ្ងៃសមាជជាតិរបស់គណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី១៩ ខែសីហា ខាងមុខ ដែលចំនួនប្រតិភូនេះគឺលើសពីសំឡេងភាគច្រើនដែលត្រូវការជាចាំបាច់ដើម្បីទទួលបានការតែងតាំង។ សមាជជាតិរបស់គណបក្សប្រជាធិបតេយ្យ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែសីហា ក្នុងទីក្រុង Chicago។
ប្រវត្តិរូបសង្ខេបរបស់អ្នកស្រី Kamala Harris
អ្នកស្រី Kamala Harris ត្រូវគេមើលឃើញថាជាមនុស្សដែលយល់អំពីស្ថានភាព និងកាលៈទេសៈនយោបាយគ្រប់គ្រងសហរដ្ឋអាមេរិក និងស្ថានភាពពិភពលោក ចាប់តាំងពីអ្នកស្រីបានក្លាយជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកតាំងពីខែមករា ឆ្នាំ២០២១ មក ក្នុងរដ្ឋការរបស់លោក ចូ បៃដិន បច្ចុប្បន្ននេះ។
នៅឆ្នាំ២០២៤ នេះ អ្នកស្រី Harris អាយុ ៥៩ឆ្នាំ គឺជាកូនស្រីរបស់ឪពុកជនជាតិចាម៉ៃកា ប្រទេសមួយក្នុងទ្វីបអាមេរិកខាងជើង និងម្ដាយរបស់អ្នកស្រីជាជនជាតិឥណ្ឌា។
អ្នកស្រីគឺជាអ្នកនយោបាយស្បែកខ្មៅដំបូងគេ និងជាស្ត្រីលើកទីមួយដែលបម្រើការជាអគ្គរដ្ឋអាជ្ញានៃរដ្ឋកាលីហ្វ័រញ៉ា ហើយបន្ទាប់មកគឺជាសមាជិកព្រឹទ្ធសភាអាមេរិក។
អ្នកស្រី Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិកជាស្ត្រីស្បែកខ្មៅជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលដែលអ្នកស្រីបំពេញកិច្ចការរបស់ខ្លួនជាអគ្គរដ្ឋអាជ្ញានោះ អ្នកស្រីមានកេរ្តិ៍ឈ្មោះថាជាស្ត្រីដ៏តឹងរ៉ឹងក្នុងការអនុវត្តច្បាប់លើករណីបទឧក្រិដ្ឋ។
អ្នកស្រី Harris ស្ថិតក្នុងចំណាត់ថ្នាក់មន្ត្រីជាន់ខ្ពស់ថ្នាក់កណ្ដាលនៅក្នុងចំណោមមេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលក្នុងគណបក្សប្រជាធិបតេយ្យក៏មានអ្នកប្រជែងអ្នកស្រីច្រើនរូបដែរ។
ប៉ុន្តែបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters មានប្រតិភូ ២២១៤រូបនៃគណបក្សប្រជាធិបតេយ្យដែលសន្យាបោះឆ្នោតគាំទ្រអ្នកស្រី ដែលនាំឱ្យអ្នកស្រីអាចឈ្នះការគាំទ្រលើបេក្ខភាពផ្សេងៗទៀត បើមានអ្នកផ្សេងដាក់ឈ្មោះប្រជែងបេក្ខភាពប្រធានាធិបតីរបស់បក្ស។
សាររបស់អ្នកស្រីដែលគេមើលឃើញនៅក្នុងបណ្ដាញសង្គម X អ្នកស្រីបានសរសេររៀបរាប់ថា៖ «មកដល់ក្នុងវ័យ ៥០ឆ្នាំទៅហើយ ខ្ញុំនៅតែរស់នៅក្នុងផ្ទះជួលនៅឡើយ។ ខ្ញុំមិនអាចរកប្រាក់ដើម្បីទិញផ្ទះបាននៅឡើយទេ។ នៅដំណាច់ខែម្ដងៗ ខ្ញុំមិនអាចមានលុយក្នុងដៃទេ។ ខ្ញុំរកប្រាក់បានតែ ៦ម៉ឺន ៧ពាន់ដុល្លារក្នុងមួយឆ្នាំ។ តែវាជាប្រាក់ខែដ៏សមរម្យរបស់ខ្ញុំ ដែលត្រូវនឹងស្តង់ដាប្រាក់ខែមន្ត្រីរដ្ឋការ។ តែខ្ញុំមិនបោះបង់វាទេ។ ដល់ពេលខ្ញុំចាស់ទៅ ខ្ញុំមិនចូលនិវត្តន៍ទេ។ ខ្ញុំនៅតែធ្វើការសម្រាប់ប្រទេសអាមេរិក។ សហរដ្ឋអាមេរិកនៅពេលនេះមានការបែងចែករវាងក្រហម និងខៀវ ដែលធ្វើឱ្យខ្ញុំធុញទ្រាន់នឹងល្បែងដែលគេកំពុងលេងនៅពេលនេះណាស់។»៕