30 C
Phnom Penh

អ្នកវិភាគ​បារម្ភ​ថា​លោក ហ៊ុន សែន អាច​ដាក់​កម្ពុជា​ទាំងមូល​ក្នុង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​តាម​សំណើ​វៀតណាម ជា​ថ្នូរ​ការពារ​អំណាច​ត្រកូល​ហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​នយោបាយ សម្ដែង​ក្តី​បារម្ភ​ថា លោក ហ៊ុន សែន អាច​នឹង​ដាក់​ប្រទេស​កម្ពុជា​ទាំងមូល​ទៅ​ក្នុង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) តាម​ការ​ចង់​បាន​របស់​វៀតណាម ជា​ថ្នូរ​ឲ្យ​បក្ស​កុម្មុយនីស្ដ​វៀតណាម ការពារ​អំណាច​កូនៗ​របស់​គាត់។

ប្រភព​ដដែល​បន្ត​ថា វៀតណាម ធ្លាប់​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ដាក់​ប្រទេស​កម្ពុជា​ទាំងមូល​ក្នុង​តំបន់​ត្រីកោណ​នេះ​តាំងពី​អំឡុង​ឆ្នាំ​២០១៨ មក​ម្ល៉េះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កក្កដា នេះ​ថា គម្រោង​របស់​វៀតណាម មិនមែន​ត្រឹមតែ​ដាក់​បញ្ចូល​ខេត្ត​ខ្មែរ​ខ្លះ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ទេ ពួកគេ​មាន​បំណង​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​ខ្លួនឯង​ទាំងមូល ចូល​ក្នុង​តំបន់​កន្ទុយ​នាគ​នេះ​តែម្តង។

លោក គឹម សុខ លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​លួច​អនុវត្ត​តាម​សំណើ​របស់​វៀតណាម ដោយ​ព្យាយាម​បញ្ចូល​ខេត្ត​របស់​ខ្លួន​បន្តិច​ម្តងៗ​មែន នោះ​គឺ​មាន​ន័យ​ថា អាយុជីវិត​ទឹកដី​របស់​ប្រទេស​កម្ពុជា​កំពុង​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ដែល​ប្តូរ​មក​វិញ​នូវ​សហព័ន្ធ​ឥណ្ឌូចិន​ដែល​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​មេ​តែ​មួយ​ទៅ​ថ្ងៃ​មុខ គឺ​វៀតណាម នេះ​ឯង។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​ប្រើ​វិធានការ​ចាប់​ខ្លួន​អ្នក​រិះគន់​ជុំវិញ​តំបន់​ត្រីកោណ​នេះ ក៏​ជា​សញ្ញា​មួយ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​គំរាម​ដើម្បី​កុំ​ឱ្យ​មាន​ការ​ជំទាស់​ចំពោះ​សហប្រតិបត្តិការ​ក្នុង​ផែនការ​នេះ​ដែរ ស្រប​ពេល​ដែល​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ដាក់​បញ្ចូល​ប្រទេស​ទាំង​បី​ក្នុង​តំបន់​នេះ ក៏​កំពុង​រំកិល​ខ្លួន​បន្តិច​ម្តងៗ​តាមរយៈ​នៃ​គម្រោង​ដាក់​បញ្ចូល​ខេត្ត​ថ្មីៗ​ជា​បន្តបន្ទាប់​នៅ​ពេលនេះ។

លោក គឹម សុខ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចេញ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ដក​ខ្លួន​ចេញពី​តំបន់​ត្រីកោណ​ដ៏​គ្រោះថ្នាក់​នេះ ព្រោះ​មាន​តែ​ធ្វើ​តាម​វិធី​នេះ​តែ​មួយ​គត់ ទើប​លោក ហ៊ុន សែន ព្រម​ដក​ខ្លួន​ចេញពី​សំណើ​របស់​វៀតណាម។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រកាស​ត្រៀម​ខ្លួន​ដាក់​ខេត្ត​ព្រះវិហារ មួយ​ខេត្ត​ទៀត ចូល​ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កាលពី​ពេល​ថ្មីៗ​នេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ក្រៅពី​ការ​ចាប់​ខ្លួន​អ្នក​ដែល​ហ៊ាន​ជំទាស់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ ដែរ​ថា លោក​នឹង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដាក់​ខេត្ត​ព្រះវិហារ មួយ​ទៀត​ចូល​ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។

លោក​ថា ការ​គ្រោង​ដាក់​បញ្ចូល​ខេត្ត​ព្រះវិហារ ក្នុង​តំបន់​អភិវឌ្ឍន៍​រួម​គ្នា​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ខេត្ត​នេះ​កាន់តែ​មាន​ភាព​ជឿនលឿន​ដូច​ខេត្ត​ដទៃ​ទៀត​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ថា ខេត្ត​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​នេះ​កំពុង​ត្រៀម​ខ្លួន​ក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៥ ដូច្នេះ​បើ​ខេត្ត​ព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​ខេត្ត​ទាំង ៤ នេះ នោះ​ខេត្ត​មួយ​នេះ​ក៏​នឹង​ក្លាយ​ជា​ខេត្ត​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ដែរ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ កក្កដា នេះ​ថា នៅ​ពេល​ដែល​ខេត្ត​ព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម នោះ​គឺ​ស្មើ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់​ខេត្ត​របស់​ខ្លួន​មួយ​ទៀត​ទៅ​ក្នុង​ផែនការ​ឈ្លានពាន​របស់​វៀតណាម ដែរ។

លោក អ៊ុំ សំអាន លើកឡើង​ថា ការ​ប្រកាស​ដាក់​ខេត្ត​ព្រះវិហារ ចូល​ទៅ​ក្នុង​តំបន់​ត្រីកោណ ជា​ទង្វើ​បញ្ឈឺ​ពលរដ្ឋ​ខ្មែរ​ដែល​មិន​ឯកភាព​ឱ្យ​វៀតណាម ឈ្លានពាន​ទឹកដី​របស់​ខ្លួន ប៉ុន្តែ​ទង្វើ​របស់​លោក ហ៊ុន សែន បែប​នេះ ក៏​បង្ហាញ​ឱ្យ​ឃើញ​ដែរ​ថា ទៅ​ថ្ងៃ​អនាគត កម្ពុជា​អាច​នឹង​ដាក់​ប្រទេស​ទាំងមូល​របស់​ខ្លួន​រួម​គ្នា​ជាមួយ​វៀតណាម និង​ឡាវ ដើម្បី​អភិវឌ្ឍ​រួម​គ្នា​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​នឹង​ចៀស​មិន​ផុត​ពី​ការ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម នា​ពេល​អនាគត​ដូច​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នោះ​ទេ ឱ្យ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បន្ត​ដឹកនាំ​ប្រទេស​បន្ត​ទៀត។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ផែនការ​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជី មិញ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​ដើម្បី​លេប​ត្របាក់​យក​កម្ពុជា និង​ឡាវ ក្នុង​បំណង​បង្កើត​សហព័ន្ធ​ឥណ្ឌូចិន ដែល​គ្រប់គ្រង​ដោយ​វៀតណាម នឹង​បាន​សម្រេច​ជា​ស្ថាពរ ឱ្យ​តែ​ប្រទេស​ទាំង​បី​នេះ​ដាក់​បញ្ចូល​គ្នា​ជា​សហព័ន្ធ​តែ​មួយ។

ជុំវិញ​ការ​ដាក់​បញ្ចូល​ខេត្ត​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ពលរដ្ឋ អ្នកវិភាគ សង្គម​ស៊ីវិល ក្រុម​អ្នក​សង្កេតការណ៍ សុទ្ធតែ​ចេញ​មុខ​ជំទាស់​ក្នុង​ការ​ដាក់​ខេត្ត​ទាំង ៤ របស់​ខ្មែរ​ចូល​ក្នុង​តំបន់​នេះ ក្នុង​នោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សួន ចម្រើន លើកឡើង​ថា កិច្ចសន្យា​តំបន់​ត្រីកោណ​នេះ​មិន​មែន ៥​ឆ្នាំ ១០​ឆ្នាំ ឬ ២០​ឆ្នាំ​ទេ គឺ ៩៩​ឆ្នាំ ដូច្នេះ​តើ​នរណា​ខ្លះ​នឹង​រស់នៅ​ដល់​ពេល​បញ្ចប់​កិច្ចសន្យា​នេះ​ទៅ?

ប្រភព​ដដែល​លើកឡើង​ថា នៅ​ឆ្នាំ​១៦២៣ ស្តេច​ខ្មែរ​ព្រះបាទ​ជ័យជេដ្ឋាទី២ បាន​ឱ្យ​វៀតណាម ខ្ចី​ដី​កម្ពុជា​ក្រោម​ក្នុង​កិច្ចសន្យា​រយៈពេល​តែ ៥​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ ២​ឆ្នាំ​ក្រោយ​មក គឺ​ក្នុង​ឆ្នាំ​១៦២៥ ព្រះអង្គ​ក៏​បាន​សុគត ដោយ​គេ​សង្ស័យ​ថា​អគ្គមហេសី​របស់​ព្រះអង្គ​ដែល​ជា​បុត្រី​ស្តេច ប៉ាវដាយ ដាក់​ថ្នាំ​បំពុល។

ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​នេះ​បញ្ជាក់​ថា ចាប់តាំងពី​ពេល​នោះ​មក វៀតណាម​បាន​ប្រែ​ក្លាយ​កិច្ចសន្យា​ខ្ចី​ទឹកដី​ខ្មែរ​បន្តិច​ម្ដងៗ រហូត​ទឹកដី​ខ្មែរក្រោម​ក្លាយ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​វៀតណាម រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

នៅ​ឆ្នាំ​១៩៩៩ កម្ពុជា វៀតណាម និង​ឡាវ បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ដោយ​ផ្តើម​ពី​ខេត្ត​ចំនួន​៧ គឺ​កម្ពុជា ដាក់ ២​ខេត្ត គឺ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី ចំណែក​ឡាវ ដាក់ ២​ខេត្ត និង​វៀតណាម បាន​ដាក់​ចំនួន ៣​ខេត្ត។

នៅ​ឆ្នាំ​២០០៤ រដ្ឋាភិបាល​ប្រទេស​ទាំង​៣ រួម​គ្នា​ដាក់​ខេត្ត​រៀងៗ​ខ្លួន​បន្ថែម​ទៀត ក្នុង​នោះ កម្ពុជា បាន​ដាក់ ១​ខេត្ត​ទៀត គឺ​ខេត្ត​មណ្ឌលគិរី ហើយ​ក្រោយ​មក​ទៀត កម្ពុជា​ក៏​បាន​ដាក់​ខេត្ត​របស់​ខ្លួន​មួយ​ទៀត គឺ​ខេត្ត​ក្រចេះ ដែល​ធ្វើ​ឱ្យ​តំបន់​ត្រីកោណ​នេះ​កើន​ឡើង​ដល់ ១៣​ខេត្ត។

បច្ចុប្បន្ន តំបន់​ត្រីកោណ​អភិវឌ្ឍន៍​មាន​ខេត្ត​ចំនួន​១៣ ក្នុង​នោះ​ខេត្ត ៤ របស់​កម្ពុជា មាន​ពលរដ្ឋ​សរុប​ជាង ៥០​ម៉ឺន​នាក់ ចំណែក​ខេត្ត ៤ របស់​ឡាវ មាន​ពលរដ្ឋ​សរុប​ជាង ៧០​ម៉ឺន​នាក់ ដោយឡែក​ខេត្ត ៥ របស់​វៀតណាម មាន​ប្រជាជន​រហូត​ដល់​ទៅ​ជាង ៧​លាន​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស