អ្នកឃ្លាំមើលសិទ្ធិមនុស្ស អះអាងថា ប្រទេសកម្ពុជានឹងត្រូវវៀតណាម ក្តោបក្តាប់ដូចប្រទេសឡាវ ប្រសិនបើពលរដ្ឋបណ្តែតបណ្តោយឱ្យរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តដាក់ខេត្តខ្មែរចូលទៅក្នុងគម្រោងត្រីកោណអភិវឌ្ឍន៍ជាមួយវៀតណាម បន្ថែមទៀត។
អតីតមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ កក្កដា ថា តាមរយៈនៃការដឹកនាំប្រទេសជាង ៤ទសវត្សរ៍មកនេះ រដ្ឋាភិបាលកម្ពុជាមិនទាន់អាចឱ្យពលរដ្ឋខ្មែរទុកចិត្តលើការដឹកនាំរបស់ខ្លួនបាននៅឡើយទេ ជាពិសេសលើកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម។
លោក ស៊ឹង សែនករុណា លើកឡើងថា រាល់កិច្ចសហការជាមួយវៀតណាម កម្ពុជាមានតែខាតបង់ ដូចជា ការបាត់បង់ទឹកដីកម្ពុជាក្រោម បាត់បង់កោះត្រល់ និងចង្កោមកោះក្រចកសេះ បាត់បង់ព្រៃឈើ បាត់បង់ដីតាមបណ្តាខេត្តដែលស្ថិតនៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ការបង្ហូរជនជាតិវៀតណាម ចូលទៅរស់នៅដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា រហូតឈានដល់ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋវៀតណាមខុសច្បាប់ថែមទៀត។
លើសពីនេះ រដ្ឋាភិបាលខ្មែរក៏គ្រោងនឹងបើកផ្លូវឱ្យដំណើរការភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែរ ដែលនេះគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា ការសហការរវាងកម្ពុជា និងវៀតណាម គឺខ្មែរមិនចំណេញអ្វីទាំងអស់ ខណៈពលរដ្ឋខ្មែរដែលសម្ដែងមតិព្រួយបារម្ភអំពីបញ្ហានេះ បែរជារដ្ឋាភិបាលខ្លួនឯងចាប់ដាក់គុកទៅវិញ។
ប្រធានបណ្ដាញយុវជនកម្ពុជាសកល លោក សុភ័ណ្ឌ ឡារី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៩ កក្កដា នេះថា ការចូលរួមការពារទឹកដីមិនមែនជាកាតព្វកិច្ចរបស់ក្រុមណាមួយនោះទេ គឺជាកាតព្វកិច្ចប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ប្រភពដដែលលើកឡើងថា ក្នុងនាមជាជនជាតិមួយត្រូវមានភារកិច្ចចម្បងធំបំផុតមុននឹងឈានដល់ការកសាងសុភមង្គលក្នុងការរស់នៅ គឺត្រូវថែរក្សាការពារទឹកដីរបស់ខ្លួនឱ្យគង់វង្សជាមុនសិន ផ្ទុយទៅវិញ បើគ្មានទឹកដីទេ អ្វីៗក៏គ្មានដែរ។
លោកថា បើរស់នៅលើទឹកដីខ្លួនឯងក្រោមការគ្រប់គ្រងរបស់បរទេសឈ្លានពាន ខ្មែរនឹងគ្មានសិទ្ធិសេរីភាពដាច់ខាត ជាក់ស្តែងដូចពលរដ្ឋខ្មែរក្រោម ជាដើម។
ប្រធានបណ្ដាញយុវជនសកលរូបនេះបញ្ជាក់ថា ទង្វើដែលរដ្ឋាភិបាលកម្ពុជាធ្វើសព្វថ្ងៃនេះ គឺបង្ហាញយ៉ាងច្បាស់ថា កម្ពុជានឹងត្រូវវៀតណាម គ្រប់គ្រងនៅថ្ងៃមុខ។
ចំណែកអ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ លើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា កម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាអស់រយៈពេលជាង ៤០ឆ្នាំមកនេះ បានបង្ហាញឱ្យឃើញនូវដានប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីខ្មែរវិលត្រឡប់មកវិញជាបណ្តើរៗហើយ។
លោក គឹម សុខ លើកឡើងថា ភស្តុតាងដែលពលរដ្ឋខ្មែរមើលឃើញគ្រប់គ្នាដែលជាសញ្ញានៃការឈ្លានពានទឹកដីនោះ គឺស្តូបវៀតណាម កំពុងត្រូវបានសាងសង់នៅគ្រប់រាជធានី-ខេត្តរបស់ខ្មែរពេញផ្ទៃប្រទេស ខណៈសមាគមវៀតណាម ក៏កំពុងត្រូវបានបង្កើតឡើងនៅតាមបណ្តារាជធានី-ខេត្ត ក្រុង និងឃុំ-សង្កាត់នៅទូទាំងប្រទេសកម្ពុជាដែរ។
លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន សែន ធ្លាប់អួតថាការសាងសង់ព្រែកជីកហ្វូណន គឺដើម្បីឈប់ពឹងច្រមុះវៀតណាម ដកដង្ហើមខាងសេដ្ឋកិច្ច ប៉ុន្តែពេលនេះ គាត់បែរនិយាយថា ការដាក់ខេត្តខ្មែរក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV គឺដើម្បីឲ្យវៀតណាម ជួយអភិវឌ្ឍកម្ពុជាទៅវិញ ហើយដែលការលើកឡើងនេះគឺបញ្ច្រាសគ្នាទាំងស្រុង។
លោកបន្តថា ក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០១៨ រដ្ឋាភិបាលវៀតណាម បានស្នើដាក់ប្រទេសកម្ពុជាទាំងមូលរួមជាមួយវៀតណាម និងឡាវ ទៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ព្រោះវៀតណាម មានបំណងបង្កើតឱ្យទៅជាសហព័ន្ធឥណ្ឌូចិន ដែលនឹងត្រូវគ្រប់គ្រងដោយរដ្ឋាភិបាលតែមួយ គឺរដ្ឋាភិបាលវៀតណាម នេះឯង៕