31 C
Phnom Penh

ការ​បោះឆ្នោត​នៅ​អាមេរិក៖ តើ​អ្នកស្រី Kamala Harris អាច​ដើរ​ជាន់​គន្លង​របស់​អ្នកស្រី Hillary Clinton ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អាណត្តិ​ថ្មី​ទី​៤៧ នឹង​ចូល​មក​ដល់។ ការ​បោះឆ្នោត​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដែល​គូ​ប្រកួត​លើក​នេះ​អាច​ដូច​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ផង​ដែរ គឺ​បេក្ខជន​ម្នាក់​ជា​ស្ត្រី​ប្រកួត​ជាមួយ​បេក្ខជន​ម្នាក់​ជា​បុរស។

ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦ ពេល​នោះ​ស្ត្រី​ម្នាក់​ជា​អ្នក​នយោបាយ​ជើងចាស់​មកពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អ្នកស្រី Hillary Clinton ឡើង​វេទិកា​នយោបាយ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​ជាមួយ​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ។

ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៤ នេះ បេក្ខជន​ស្ត្រី​គឺ​អ្នកស្រី Kamala Harris មកពី​បក្ស​ប្រជាធិបតេយ្យ ត្រូវ​ប្រកួត​ជាមួយ​លោក Donald Trump ជា​បេក្ខជន​មកពី​បក្ស​សាធារណរដ្ឋ ដែល​ធ្លាប់​ផ្ដួល​អ្នកស្រី Hillary Clinton។ តែ​លោក ត្រាំ កាលពី​ឆ្នាំ​២០១៦ ជា​បេក្ខជន​កំពុង​កាន់​អំណាច ត្រូវ​បាន​លោក ចូ បៃដិន ផ្ដួល​នៅ​ក្នុង​ការ​បោះឆ្នោត​ខែ​វិច្ឆិកា ឆ្នាំ​២០២០។

លោក Trump មិន​អស់ចិត្ត​ចំពោះ​ការ​ចាញ់​លោក បៃដិន នៅ​ពេល​នោះ​ទេ ទើប​លោក​សម្រេច​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី​ប្រកួត​នឹង​លោក បៃដិន ម្ដង​ទៀត តែ​ជា​អកុសល​អី លោក បៃដិន សម្រេច​ដក​ខ្លួន​ពី​ការ​ប្រកួត​ក្រោម​ហេតុផល​សុខភាព និង​វ័យ​ចាស់​ខ្លាំង​ពេក។ តំណែង​បេក្ខជន​ប្រធានាធិបតី​ក៏​ធ្លាក់​ទៅ​លើ​អ្នកស្រី Kamala Harris អនុប្រធានាធិបតី​របស់​លោក។

នៅ​ក្នុង​សមាជ​ជាតិ​បក្ស​ប្រជាធិបតេយ្យ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ សីហា ខាង​មុខ​នេះ ភាគច្រើន​បំផុត​គេ​រំពឹង​ថា អ្នកស្រី Kamala នឹង​ត្រូវ​គណៈប្រតិភូ​របស់​បក្ស​អនុម័ត​ទទួលស្គាល់​អ្នកស្រី​ជា​បេក្ខជន​ប្រធានាធិបតី។

អ្នកស្រី Kamala Harris ត្រូវ​ឡើង​វេទិកា​ប្រកួត​ជាមួយ​លោក Trump ដែល​គេ​ថា​ទីបំផុត លោក ត្រាំ ជួប​គូប្រកួត​ជា​ស្ត្រី​ភេទ គឺ​ដូច​ឆ្នាំ​២០១៦។

នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ លោក ត្រាំ ប្រកួត​ឈ្នះ​អ្នកស្រី Hillary Clinton ដោយ​សំឡេង​ឆ្នោត​គណៈ​អ្នក​បោះឆ្នោត Electoral votes។ សំឡេង​ឆ្នោត Electoral votes សរុប​មាន ៥៣៨​សំឡេង បើ​បេក្ខជន​ណា​យក​បាន​លើស​ពី ២៧០ គឺ​បេក្ខជន​នោះ​ជា​អ្នក​ឈ្នះ​ឆ្នោត​កាន់កាប់​សេតវិមាន និង​កាន់​តំណែង​ប្រធានាធិបតី។

លោក Trump បាន​ឈ្នះ​សំឡេង​គណៈ​អ្នក​បោះឆ្នោត​ដល់​ទៅ ៣០៤ ហើយ​អ្នកស្រី Hillary Clinton បាន ២២៧​សំឡេង។

តាម​លទ្ធផល​នេះ​ហើយ​ដែល​លោក Trump ឈ្នះ​អ្នកស្រី Hillary Clinton តែ​អ្នកស្រី Hillary Clinton បាន​សន្លឹកឆ្នោត Popular vote ច្រើន​ជាង​លោក Trump។ អ្នកស្រី​បាន ៤៨,២% ចំណែក​លោក Trump បាន ៤៦,១%។ អ្នកស្រី Hillary Clinton បាន​ជិត ៦៦​លាន​សំឡេង ឯ​លោក ត្រាំ បាន​ជិត ៦៣​លាន​សំឡេង។ សន្លឹកឆ្នោត Popular vote ឬ​សន្លឹកឆ្នោត​ប្រជាប្រិយ ក៏​ត្រូវ​បោះឆ្នោត​ផ្ទាល់​ពី​អ្នក​បោះឆ្នោត។ សំឡេង​ឆ្នោត Popular vote កំណត់​ទៅ​លើ​សំឡេង​របស់​សមាជិក​សភា។

នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៦ អ្នកស្រី Hillary Clinton ប្រមូល​បាន​សំឡេង​អ្នក​បោះឆ្នោត​បាន​ច្រើន​រដ្ឋ​ជាង​លោក Trump ក៏​ពិត​មែន តែ​ភាគច្រើន​ជា​រដ្ឋ​តូចៗ​ដែល​មាន​គណៈ​អ្នក​បោះឆ្នោត​តិច ហើយ​ចំណែក​លោក Trump បាន​រដ្ឋ​ធំៗ​បាន​ច្រើន​ជាង​អ្នកស្រី Hillary Clinton ដែល​មាន​គណៈ​អ្នក​បោះឆ្នោត​ច្រើន ទើប​លោក Trump បាន​ឈ្នះ​ឆ្នោត ដោយសារ​សំឡេង​គណៈ​អ្នក​បោះឆ្នោត​ដែល​ជា​ការ​កំណត់​តាម​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ត្រូវ​ឡើង​ធ្វើ​ជា​ប្រធានាធិបតី។

តើ​អ្នកស្រី Kamala Harris អាច​មាន​វាសនា​ដូច​អ្នកស្រី Hillary ឬ​ទេ?

ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក មិន​ដែល​មាន​ស្ត្រី​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​ម្ដង​នោះ​ទេ ចំណែក​អនុប្រធានាធិបតី​ទើប​មាន​តែ​អ្នកស្រី Kamala Harris ម្នាក់​ប៉ុណ្ណោះ។ ពលរដ្ឋ​អាមេរិក​កម្រ​ណាស់​គាំទ្រ​អ្នក​នយោបាយ​ស្រី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី។

តំណែង​ប្រធានាធិបតី​បោះឆ្នោត​ផ្ទាល់​ចេញពី​ថ្ងៃ​បោះឆ្នោត​ទាំង​សំឡេង​ឆ្នោត Popular vote និង​សំឡេង​ឆ្នោត​គណៈ​អ្នក​បោះឆ្នោត Electoral votes គឺ​នៅ​ថ្ងៃ​តែ​មួយ ហើយ​ពេល​តែ​មួយ​ដូច​គ្នា។ រីឯ​អនុប្រធានាធិបតី​មាន​ឈ្មោះ​ជា​បេក្ខជន​របស់​បក្ស។ បើ​បេក្ខជន​ប្រធានាធិបតី​ឈ្នះ​ឆ្នោត គឺ​អនុប្រធានាធិបតី​ក៏​ឈ្នះ​ផង​ដែរ។

ដូច្នេះ បេក្ខជន​ប្រធានាធិបតី​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសតាំង​អ្នក​នយោបាយ​ណា​ម្នាក់​ជា​បេក្ខជន​សម្រាប់​អនុប្រធានាធិបតី​ដែល​ខ្លួន​ពេញចិត្ត ទៅ​សុំ​ការ​អនុម័ត​ពី​គណៈប្រតិភូ​នៅ​ក្នុង​ពេល​បក្ស​ធ្វើ​សមាជ​ជាតិ។ សម្រាប់​អ្នកស្រី Kamala Harris ពុំ​ទាន់​មាន​បេក្ខជន​អនុប្រធានាធិបតី​នៅឡើយ​ទេ។ ចំណែក​លោក Trump មាន​បេក្ខជន​អនុប្រធានាធិបតី​របស់​លោក​ជា​ផ្លូវការ​ហើយ គឺ​លោក James David Vance គេ​ហៅ​មួយ​ទៀត​ថា JD.Vance៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស