30 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​ទម្លាយ​ថា​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ក្នុង​ខេត្ត​នៃ​តំបន់ CLV មាន​សភាព​ស្ងប់ស្ងាត់​បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​ផ្ទុះ​ការ​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទម្លាយ​ថា ពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) មាន​សភាព​ស្ងប់ស្ងាត់ បន្ទាប់ពី​ប្រជាពលរដ្ឋ​ខ្មែរ​ផ្ទុះ​ការ​តវ៉ា​ឱ្យ​រដ្ឋាភិបាល​ដក​ខេត្ត​ខ្មែរ​ចេញពី​តំបន់​អភិវឌ្ឍន៍​រួម​គ្នា​ជាមួយ​វៀតណាម។

មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២ សីហា នេះ​ថា នៅ​ពេល​ដែល​ពួកគេ​អមដំណើរ​លោក ហ៊ុន ម៉ាណែត ទៅ​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី កាលពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​តំបន់​ត្រីកោណ ជាពិសេស​ខេត្ត​រតនគិរី អះអាង​ថា ជនជាតិ​វៀតណាម ដែល​ចូល​ទៅ​រស់នៅ​ក្នុង​ខេត្ត​ទាំងនេះ មិន​ហ៊ាន​ចេញ​មក​ទី​សាធារណៈ​ដូច​មុន​ទេ។

ប្រភព​ដដែល​លើកឡើង​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​រតនគិរី អះអាង​ថា សព្វថ្ងៃ​នេះ ខេត្ត​របស់​ពួកគេ​មាន​ជនជាតិ​វៀតណាម ប្រមាណ​ជា ៥០% ដែល​ចូល​មក​រស់នៅ​អចិន្ត្រៃយ៍​ផង និង​ចូល​មក​ដើម្បី​រកស៊ី​ផង ប៉ុន្តែ​អំឡុង​ពេល​ផ្ទុះ​ការ​តវ៉ា​ឱ្យ​ដក​ខេត្ត​ទាំង ៤ នេះ ចេញពី​ជា​តំបន់​ត្រីកោណ ពលរដ្ឋ​វៀតណាម​ទាំងនោះ​នាំគ្នា​សម្ងំ​ក្នុង​ផ្ទះ​មិន​ហ៊ាន​ចេញ​មក​ខាង​ក្រៅ​ឡើយ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ទាំងនោះ​បន្ត​ថា កម្មករ​វៀតណាម ដែល​ធ្វើការ​ក្នុង​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​វៀតណាម ក៏​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​ឱ្យ​ផ្អាក​ចេញពី​បរិវេណ​ចម្ការ​របស់​ពួកគេ​ដែរ ចំណែក​នៅ​តាម​ទីប្រជុំជន ក៏​គេ​មិន​ឃើញ​ជនជាតិ​វៀតណាម ចេញ​មក​លក់ដូរ ឬ​ដើរ​ទិញ​អីវ៉ាន់​តាម​ផ្សារ​ដូច​ពេល​មុន​ដែរ។

មន្ត្រី​រដ្ឋាភិបាល​ដដែល​នេះ​បញ្ជាក់​ថា ប្រភព​ពលរដ្ឋ​ទាំងនោះ​ប្រាប់​ថា ពលរដ្ឋ​វៀតណាម​ភាគច្រើន​បាន​ចូល​ទៅ​រស់នៅ​ក្នុង​ខេត្ត​ទាំងនោះ​ជា​យូរ​មក​ហើយ មាន​អ្នក​ខ្លះ​រស់នៅ​បាន​ជាង ២០​ឆ្នាំ​ហើយ ចំណែក​អ្នក​ខ្លះ​ទៀត​ចូល​ទៅ​រស់នៅ​តាំងពី​ឆ្នាំ​១៩៩៩ គឺ​ចាប់តាំងពី​ខេត្ត​ទាំងនេះ​ដាក់​អភិវឌ្ឍ​រួម​មក ហើយ​ពួកគេ​បាន​រស់នៅ​បង្កើត​ជា​គ្រួសារ​ត​កូន​ត​ចៅ​លើ​ទឹកដី​ខ្មែរ​រហូត​ដល់​សព្វថ្ងៃ​នេះ។

របាយការណ៍​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) បាន​ចេញ​ផ្សាយ​កាលពី​ចុង​ឆ្នាំ​២០២៣ ជុំវិញ​ដី​សម្បទាន​ក្នុង​ខេត្ត​ទាំង ៤ ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ថា ក្រុមហ៊ុន​វៀតណាម ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា​ជាង ២០​ម៉ឺន​ហិកតា (២៤៥៣០៤​ហិកតា) នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា វៀតណាម និង​ឡាវ ក្រោម​កិច្ចសន្យា​រយៈពេល ៩៩​ឆ្នាំ។

របាយការណ៍​ដដែល​បង្ហាញ​ថា ដី​សម្បទាន​សេដ្ឋកិច្ច ១​ហិកតា ជា​មធ្យម​ត្រូវការ​កម្មករ ៣​នាក់ ដូច្នេះ​គេ​រក​ឃើញ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម ជាង ២០​ម៉ឺន​ហិកតា​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ គឺ​ត្រូវការ​កម្មករ​ជាង ៧០​ម៉ឺន​នាក់ (៧៣៥៩១២​នាក់)។

អង្គការ​លីកាដូ បញ្ជាក់​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​វៀតណាម ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៥៥​កន្លែង ដែល​មាន​ផ្ទៃដី​សរុប​ជាង ៣៦​ម៉ឺន​ហិកតា (៣៦២៥១៥​ហិកតា)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស