អង្គការយូណេស្កូ (UNESCO) សម្រេចចុះបញ្ជីក្រមាខ្មែរជាសម្បត្តិបេតិកភណ្ឌវប្បធម៌កាត់ថ្លៃមិនបាននៃមនុស្សជាតិ កាលពីថ្ងៃពុធ ក្នុងទីក្រុងអាសង់ស្យុង នៃប្រទេសប៉ារ៉ាហ្គាយ អាមេរិកខាងត្បូង។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងកាលពីយប់ថ្ងៃទី៤ ធ្នូ នេះថា ក្រមា ឬកន្សែងប្រពៃណីខ្មែរដែលជាអត្តសញ្ញាណជាតិ និងជាវត្ថុដ៏មានសារសំខាន់មិនអាចខ្វះបានក្នុងជីវិតរស់នៅប្រចាំថ្ងៃសម្រាប់ប្រជាជនខ្មែរ ជាពិសេសប្រជារាស្ត្រនៅជនបទ ជាកសិករ ឬកម្មករ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌កាត់ថ្លៃមិនបាននៃមនុស្សជាតិ កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣ របស់អង្គការយូណេស្កូ ស្ដីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី ឬកាត់ថ្លៃមិនបាន» ហៅថា Intangible Cultural Heritage។
ក្រសួងវប្បធម៌ លើកឡើងថា ក្រមាខ្មែរគឺជាមរតកវប្បធម៌កាត់ថ្លៃមិនបានទី៧ ហើយដែលប្រទេសកម្ពុជាបានដាក់បញ្ចូលដោយជោគជ័យទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្នុងអង្គការយូណេស្កូ ដែលទាំងអស់នេះគឺជាសមិទ្ធផលដ៏ត្រចះត្រចង់មួយសម្រាប់រាជរដ្ឋាភិបាលក្នុងការអភិរក្ស ថែរក្សា ការពារមរតកវប្បធម៌ជាតិលើឆាកអន្តរជាតិ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញលិខិតទាំងយប់ថ្ងៃទី៤ ធ្នូ ទៅកាន់ប្រជាពលរដ្ឋខ្មែរថា ការចុះបញ្ជីក្រមាខ្មែរបានសម្រេចក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌កាត់ថ្លៃមិនបាននៃមនុស្សជាតិនេះ គឺជាមោទនភាពថ្មីមួយទៀតនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នេះ ដែលអាចសម្រេចបាននូវសមិទ្ធផលសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការចុះបញ្ជីនេះបានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និងសហគមន៍អន្តរជាតិនូវកាតព្វកិច្ចនៃកិច្ចសហការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃក្រមាទុកជាកេរមរតកសម្រាប់មនុស្សជំនាន់ក្រោយតរៀងទៅ។
ចាប់តាំងពីចូលជាសមាជិករបស់អង្គការយូណេស្កូមក ប្រទេសកម្ពុជាបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌរូបីបានចំនួន ៤ ហើយ ខណៈសម្បត្តិបេតិកភណ្ឌកាត់ថ្លៃមិនបានក៏បានចុះបញ្ជីចំនួន៦ ហើយដែរ។ ដោយឡែកការចុះបញ្ជីស្មារតីចងចាំនៃពិភពលោកក៏មានចំនួន៣ ដែរ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ និងការចងចាំនូវប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។
ក្រមាគ្រប់ពណ៌ តាមអត្ថន័យដើមក្នុងវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ជា “សំពត់ត្បាញដោយអំបោះ មានក្រឡាខ្វែងសម្រាប់ផ្លាស់ងូតទឹក”។ ក្នុងជីវិតរស់នៅប្រចាំថ្ងៃនៃប្រជាពលរដ្ឋខ្មែរតាមជនបទ ក្រមាត្បាញដៃមានប្រយោជន៍ដល់ការប្រើទទូរក្បាលពេលថ្ងៃក្តៅ ប្រើជាឈ្នួតជួតក្បាលឆ្វាយរង្វេលដើម្បីទូលក្អម ឬឆ្នាំង បង់ក ជូតញើស ប្រើចងថ្នក់បេះផ្លែឈើ និងចងជាអង្រឹងយោលកូនង៉ែតនៅតាមផ្ទះខ្ទម ជាដើម។
សេចក្តីពិពណ៌នាអំពីក្រមា តាមអត្ថន័យដាក់បញ្ចូលក្នុងគណៈកម្មាធិការថែរក្សាមរតកវប្បធម៌អរូបី ឬកាត់ថ្លៃមិនបាននៃអង្គការយូណេស្កូ (UNESCO’s Committee for the Safeguarding of the Intangible Cultural Heritage) គេថាជាសំពត់ត្បាញដោយដៃរាងបួនជ្រុងទ្រវែង មានក្រឡាសម្រាប់បង់ក ចងចង្កេះ ដណ្តប់ខ្លួន ជួតក្បាល ផ្លាស់ងូតទឹក ធ្វើជាអង្រឹងកូនក្មេង ជាតម្រងថ្នាំខ្មែរព្យាបាល រៀបចំចំណីអាហារ និងតុបតែងក្នុងពិធីផ្សេងៗតាមជំនឿ។
ទោះជាយ៉ាងណាក៏ដោយ ប្រជារាស្ត្រខ្មែរពីសម័យដើមមិនដែលយកក្រមាត្បាញអំបោះទៅបង់កក្នុងពេលស្លៀកពាក់បែបបស្ចិមប្រទេស ដូចជាស្លៀកពាក់ខោអាវគ្រ័ហ្សេ (suit-tie) ចងក្រវាត់កសោះឡើយ។ ចំណែកឯកម្មាភិបាលខ្មែរក្រហមតូចធំ ក៏គេប្រើក្រមាបង់ក ឬពាក់លើស្មាក៏សម្រាប់ប្រើតាមបែបប្រពៃណីបុរាណខ្មែរដែរ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

