ប្រទេសផ្ដាច់ការជាច្រើននៅលើពិភពលោក កំពុងធ្លាក់ក្នុងវិបត្តិ ព្រោះតែប្រជាជនងើបឡើងប្រឆាំង។
ក្នុងសប្ដាហ៍នេះ ប្រទេសផ្ដាច់ការចំនួនពីរកំពុងប្រឈមមុខនឹងចលនាបដិវត្តន៍របស់ប្រជាជន។ ប្រទេសពីរនេះ គឺទីមួយ ប្រទេសបង់ក្លាដេស នៅក្នុងតំបន់អាស៊ីខាងត្បូង ហើយមួយទៀត គឺប្រទេសវេណេហ្ស៊ុយអេឡា នៅតំបន់អាមេរិកខាងត្បូង។
ប្រព័ន្ធដឹកនាំផ្ដាច់ការដ៏ធំមួយនៅប្រទេសបង់ក្លាដេស បានត្រូវវាយសំពងដួលរលំហើយនៅថ្ងៃចន្ទ ទី៥ ខែសីហា នេះ ដោយកម្លាំងមហាជនដែលស្រេកឃ្លានសេរីភាព និងប្រជាធិបតេយ្យ។
បណ្ដាញផ្សាយព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយយ៉ាងព្រោងព្រាតអំពីនាយករដ្ឋមន្ត្រីបង់ក្លាដេស អ្នកស្រី Sheikh Hasina ដែលបានវេចបង្វេចរត់ឡើងឧទ្ធម្ភាគចក្រជាបន្ទាន់ឆ្ពោះទៅប្រទេសឥណ្ឌា។
ការរត់ចោលប្រទេសចំពេលបាតុកររាប់ម៉ឺននាក់បានសម្រុកឡោមព័ទ្ធវិមានរដ្ឋាភិបាល និងវាយលុកចូលភូមិគ្រឹះរបស់អ្នកស្រី។ សម្រែកបាតុករលាន់ឮដូចរន្ទះប្រឆាំងនឹងការដឹកនាំរបស់អ្នកស្រី ដែលពួកគេទាមទារដាច់ខាតឱ្យអ្នកស្រីចុះចេញពីតំណែងជាបន្ទាន់។
តែការដែលអ្នកស្រី Sheikh Hasina រត់ចោលប្រទេស ក៏ចំពេលដែលកងទ័ពមិនព្រមវាយបង្ក្រាបបាតុករ ដោយពួកគេបែរជាដាក់សម្ពាធឱ្យអ្នកស្រីដកថយភាពមានះរបស់ខ្លួនទៅវិញ។
ទូរទស្សន៍រដ្ឋរបស់ប្រទេសបង់ក្លាដេស បានបញ្ចាំងរូបភាពដែលអ្នកស្រី Sheikh Hasina រត់ឡើងជិះឧទ្ធម្ភាគចក្រដោយមានសមាជិកគណៈរដ្ឋមន្ត្រីទៅជាមួយផងដែរ។ កំហឹងបាតុករឡើងដល់កម្រិតខ្ពស់បំផុត ដោយសារបាតុករបានស្លាប់ជិត ៣០០នាក់។
នៅតាមមហាវិថីនានានៅរដ្ឋធានីដាកា គេសង្កេតឃើញបាតុកររាប់ម៉ឺននាក់។ ទីបំផុត កម្លាំងយោធាដែលហៅមកអន្តរាគមន៍ បែរជាមិនព្រមបង្ក្រាបបាតុករទៅវិញ។ ពួកបាតុករ និងយោធាបែរជាចាប់ដៃគ្នាផ្ដួលរំលំអ្នកស្រី Sheikh Hasina តែម្តង។
នាយសេនាធិការកងទ័ពបង់ក្លាដេស ឧត្ដមសេនីយ៍ Waker-Uz-Zaman បានធ្វើសេចក្ដីថ្លែងការណ៍ទៅកាន់ប្រជាជាតិបង់ក្លាដេស ដែលលោកថានៅពេលនេះ អ្នកស្រី Sheikh Hasina បានលាលែងពីតំណែងហើយ។ លោកឧត្ដមសេនីយ៍ Waker-Uz-Zaman បានប្រកាសថា រដ្ឋាភិបាលស្ដីទីនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗនេះ ដែលត្រូវដឹកនាំប្រទេស និងរដ្ឋាភិបាលជាបណ្ដោះអាសន្ន។
លោកឧត្ដមសេនីយ៍បានទទូចឱ្យមានភាពស្ងប់ស្ងាត់។ លោកថានឹងទៅជួបប្រធានាធិបតី ដើម្បីបង្កើតរដ្ឋាភិបាលស្ដីទី។ លោកបញ្ជាក់ថា នៅពេលនេះ ប្រទេសធ្លាក់ក្នុងបន្ទុករបស់ជាតិទាំងមូល ដែលត្រូវរួមគ្នាដោះស្រាយ ហើយបញ្ចប់វិបត្តិសង្គម និងស្ដារសេដ្ឋកិច្ចឡើងវិញ។
លោកបានសន្យាថានឹងស្វែងរកយុត្តិធម៌ឲ្យក្រុមបាតុករដែលបានស្លាប់បាត់បង់ជីវិត។ លោកសង្ឃឹមថា សភាពការណ៍នឹងល្អប្រសើរវិញ ដោយមិនចាំបាច់ដាក់ប្រទេសក្នុងភាពអាសន្នទៀតនោះទេ។
បាតុកម្មនៅបង់ក្លាដេស បានផ្ទុះឡើងជាដំបូង ព្រោះតែច្បាប់ជ្រើសរើសមន្ត្រីរដ្ឋការដែលមានការកំណត់កូតាពិសេសសម្រាប់កូនចៅមន្ត្រីអ្នកតស៊ូរំដោះជាតិនាទសវត្សរ៍១៩៧០ និងមន្ត្រីនៅក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី Sheikh Hasina។ ច្បាប់កូតាការងាររដ្ឋការ បាននាំឱ្យមានការបែងចែកវណ្ណៈសង្គម ដែលនិស្សិតក្រីក្រមិនមានសាច់ញាតិក្នុងជួររដ្ឋាភិបាល គ្មានឱកាសចូលបម្រើការងាររដ្ឋនោះទេ។ ច្បាប់ការងារនេះក៏បាននាំឱ្យមានអំពើពុករលួយនៅពាសពេញស្ថាប័នរដ្ឋទៀតផង។
នេះជាហេតុនាំឲ្យបាតុករផ្ទុះកំហឹង ហើយបណ្តាលឲ្យមានហិង្សា និងការចាប់ឃុំខ្លួន។ បើតាមអង្គការសិទ្ធិមនុស្សក្នុងស្រុក បាតុករយ៉ាងតិចណាស់ជាង ១ម៉ឺននាក់ត្រូវរដ្ឋអំណាចចាប់ឃុំខ្លួន។
អ្នកស្រី Sheikh Hasina អាយុ ៧៦ឆ្នាំ។ អ្នកស្រីបានចូលកាន់តួនាទីជានាយករដ្ឋមន្ត្រីលើកដំបូងចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ និងចាប់ពីឆ្នាំ២០០៩ រហូតមកទល់ពេលបច្ចុប្បន្ន។ តែអ្នកស្រីឆក់អំណាចបែបផ្ដាច់ការនៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលមេដឹកនាំបក្សប្រឆាំងល្បីៗត្រូវបានអ្នកស្រីចោទប្រកាន់ និងចាប់ដាក់គុក ហើយខ្លះរត់ចាកចេញពីប្រទេស។ ប្រទេសបង់ក្លាដេស ក៏មានប្រធានាធិបតីផងដែរ តែគ្រាន់តែជាប្រមុខរដ្ឋដែលគ្មានអំណាចឡើយ។ អំណាចនីតិប្រតិបត្តិធ្លាក់នៅក្នុងដៃនាយករដ្ឋមន្ត្រី។
បង់ក្លាដេស មានប្រជាជន ១៧០លាននាក់។ ជាប្រទេសក្រីក្របំផុតនៅអាស៊ីខាងត្បូង ជាប្រទេសកូនបំណុលចិន រាប់ពាន់លានដុល្លារ។
ចំណែកពីប្រទេសវេណេហ្ស៊ុយអេឡា នៅអាមេរិកខាងត្បូងឯណោះវិញ បាតុកម្មកំពុងផ្ទុះពាសពេញប្រទេសប្រឆាំងប្រធានាធិបតីរបស់ខ្លួន គឺលោក ម៉ាឌុយរ៉ូ។
ប្រជាជនរាប់សែននាក់ រួមនឹងមេដឹកនាំបក្សប្រឆាំង បានបន្តចេញតវ៉ានៅតាមដងវិថីនានានៅរដ្ឋធានីការ៉ាកាស និងទីក្រុងជាច្រើននៅទូទាំងប្រទេស ប្រឆាំងនឹងលោក ម៉ាឌុយរ៉ូ ដែលត្រូវបានបក្សប្រឆាំងចោទថាបានលួចបន្លំការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ហើយប្រកាសខ្លួនឯងថាជាបេក្ខជនឈ្នះឆ្នោត។
មេដឹកនាំបក្សប្រឆាំង អ្នកស្រី Maria Corina Machado និងអ្នកគាំទ្រ បានបន្តដឹកនាំបាតុកម្មភ្លូកទឹកភ្លូកដីប្រឆាំងនឹងការកាន់អំណាចរបស់លោក ម៉ាឌុយរ៉ូ។ ពួកគេបានដាក់សម្ពាធកាន់តែខ្លាំងឡើងឱ្យលោក ម៉ាឌុយរ៉ូ លាលែងពីតំណែង។
ប្រទេសវេណេហ្ស៊ុយអេឡា ជាជង្រុកប្រេងដ៏ធំមួយនេះធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរជាង ១០ឆ្នាំមកហើយចាប់តាំងពីលោក នីកូឡាស ម៉ាឌុយរ៉ូ ឡើងកាន់តំណែងប្រធានាធិបតីជំនួសជនកុម្មុយនីស្ត ហ៊ុងហ្គូ ឆាវេស នៅឆ្នាំ២០១៣។ លោក ម៉ាឌុយរ៉ូ ពង្រឹងអំណាចយ៉ាងណែនក្នុងដៃភ្លាមជាមួយនឹងការចាត់វិធានការបោសសម្អាតក្រុមប្រឆាំង។
មេដឹកនាំបក្សប្រឆាំងដែលមានឱកាសផ្ដួលលោកពីអំណាច ត្រូវបានចាប់ដាក់ពន្ធនាគារ ឬចាត់វិធានការឱ្យរត់ចោលប្រទេស។ នៅពេលនេះ ក្រុមប្រទេសប្រជាធិបតេយ្យកំពុងតាមដានយ៉ាងខ្លាំងព្រឹត្តិការណ៍បះបោររបស់ប្រជាជនវេណេហ្ស៊ុយអេឡា ដែលងើបឡើងប្រឆាំងរបបផ្ដាច់ការរបស់លោក ម៉ាឌុយរ៉ូ៕