ក្រុមនិស្សិតបញ្ញវន្តខ្មែរ ចាត់ទុកក្រុមគ្រួសារត្រកូលហ៊ុន ជាអ្នកបម្រើដាច់ថ្លៃឲ្យបក្សកុម្មុយនីស្តវៀតណាម ដូច្នេះរដ្ឋាភិបាលគ្មានជំហរជាតិនិយមក្នុងការការពារទឹកដីខ្មែរពីការឈ្លានពានវៀតណាម សោះឡើយ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ សីហា នេះថា មេដឹកនាំរដ្ឋាភិបាលត្រកូលហ៊ុន បានឃោសនាបោកប្រជារាស្ត្រខ្មែរថា ពួកគេនឹងការពារទឹកដីខ្មែរ។ ការពិតនៅពីក្រោយឆាក ពួកគេបានទៅលូនក្រាបសំពះសុំឲ្យមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម គាំទ្រ និងការពារអំណាចតវង្សត្រកូលពួកគេ ជាថ្នូរនឹងការកាត់ទឹកដីខ្មែរឱ្យតែប៉ុណ្ណោះ។
លោកថា ដរាបណាគ្រួសារត្រកូលហ៊ុននៅតែកាន់អំណាច ពួកគេនៅតែប្រើផែនទីរបស់វៀតណាម ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែន ហើយបង្គោលព្រំដែនគ្រប់ទីតាំងនឹងនៅតែបង្ខិតចូលដីខ្មែរជានិច្ចទោះបីជាមានបង្គោលព្រំដែនចាស់ដែលបានបោះចំណាំស្រាប់ហើយនោះក៏ដោយ។
លោក គឹម សុខ លើកឡើងថា អ្នកដឹកនាំត្រកូលហ៊ុនមិនស្ដាប់តាមសំណូមពររបស់ពលរដ្ឋខ្មែរក្នុងការកំណត់ព្រំដែនជាមួយវៀតណាម ទេ ហើយពួកគេក៏មិនហ៊ានទប់ស្កាត់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ហូរចូលកម្ពុជាដែរ ដែលជារួម គឺត្រកូលអ្នកដឹកនាំខ្មែរមួយនេះមិនហ៊ានប៉ះពាល់ប្រយោជន៍របស់វៀតណាម គ្រប់បែបយ៉ាងទាំងអស់។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា វិធីដោះស្រាយមានតែមួយគត់ គឺប្រជារាស្ត្រខ្មែរត្រូវតែប្រើសិទ្ធិជាម្ចាស់ប្រទេសប្រមូលផ្ដុំគ្នាទាមទារឲ្យគ្រួសារហ៊ុន បោះបង់អំណាចដឹកនាំប្រទេស ហើយធ្វើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ ដើម្បីបង្កើតរដ្ឋាភិបាលបម្រើរាស្ត្រដោយស្មោះត្រង់ថ្មីមួយ ទើបអាចដោះស្រាយបញ្ហានានាក្នុងសង្គមខ្មែរមានប្រសិទ្ធភាព។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ជាច្រើនជុំវិញព្រែកជីកក្នុងដីខ្មែរមួយខ្សែ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម ក្រោយការបោះបង្គោលព្រំដែនកាលពីអំឡុងឆ្នាំ២០១៧។
ព្រែកជីករបស់ខ្មែរមួយខ្សែមានឈ្មោះថា «ព្រែកស្នាយ» មានប្រវែងទទឹងចន្លោះពីជាង ២០ម៉ែត្ររហូតដល់ជាង ៤០ម៉ែត្រ និងមានបណ្តោយជាង ១០០គីឡូម៉ែត្រ បានលាតសន្ធឹងពីខេត្តព្រៃវែង ទៅកាន់ខេត្តស្វាយរៀង ត្រូវបានពលរដ្ឋអះអាងថា បានធ្លាក់ទៅក្នុងការកាន់កាប់នៃប្រទេសវៀតណាម អស់រយៈពេល ៦ឆ្នាំមកហើយ។
ប្រភពប្រជាពលរដ្ឋក្នុងខេត្តដដែលនេះអះអាងថា ក្រោយសម័យខ្មែរក្រហម បង្គោលព្រំដែនស្ថិតនៅម្ខាងនៃព្រែកទៅខាងទឹកដីវៀតណាម រាប់គីឡូម៉ែត្រ ប៉ុន្តែក្រោយរដ្ឋាភិបាលបោះបង្គោលព្រំដែននៅអំឡុងឆ្នាំ២០១៧ វៀតណាមបានយកបង្គោលទាំងនោះមកដាំនៅម្ខាងព្រែកដែលចូលក្នុងទឹកដីខ្មែររាប់គីឡូម៉ែត្រទៅវិញ។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ សីហា នេះថា បង្គោលព្រំដែនលេខ២២៩ ត្រូវបានភាគីវៀតណាម យកទៅដាំជិតដល់កាំជណ្តើរផ្ទះប្រជាពលរដ្ឋខ្មែរហើយ ដែលបានធ្វើឱ្យចូលដីភូមិរបស់ប្រជាពលរដ្ឋខ្មែរស្ថិតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចូលទៅក្នុងទឹកដីវៀតណាម រាប់គីឡូម៉ែត្រសព្វថ្ងៃនេះ។
លោក អ៊ុំ សំអាន អះអាងថា ការបោះបង្គោលព្រំដែននេះ បានធ្វើឱ្យបាត់ព្រែកកំពង់ស្នាយ ដែលបន្សល់តាំងពីសម័យបារាំង និងស្ដារឡើងវិញនៅសម័យខ្មែរក្រហម ទៅខាងវៀតណាមគ្រប់គ្រងទាំងស្រុង ក្រោយរាជរដ្ឋាភិបាលខ្មែរសហការជាមួយរដ្ឋាភិបាលវៀតណាម បោះបង្គោលព្រំដែនដោយស្ងាត់ៗកាលពីឆ្នាំ២០១៧ កន្លងទៅ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា កាលពីសម័យ ប៉ុល ពត ខ្មែរបានគ្រប់គ្រងព្រែកស្នាយនេះទាំងស្រុង ប៉ុន្តែការបោះបង្គោលព្រំដែនតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងសន្ធិសញ្ញាឆ្នាំ២០១៩ ដែលយកតាមសន្ធិសញ្ញាព្រំដែនរដ្ឋឆ្នាំ១៩៨៥ គឺសម័យវៀតណាម ត្រួតត្រាកម្ពុជា បានធ្វើឱ្យបាត់បង់ព្រែកកំពង់ស្នាយនេះ និងដីខ្មែរនៅតំបន់នោះជាច្រើនគីឡូម៉ែត្រទៅខាងវៀតណាម។
គួរបញ្ជាក់ថា ក្នុងឆ្នាំ១៩៨៥ កាសែតបក្សកុម្មុយនីស្តយៀកណាម ឈ្មោះ ញ៉ិន ហ្ស៊ិន (Nhan Dan) ឬកាសែតប្រជាជន បានបោះពុម្ពផ្សាយការកំណត់ព្រំដែនជាថ្មីឲ្យខ្មែរយ៉ាងលម្អិត ដោយវាស់ក្រវិកក្រវក់កាត់ប្រឡាយ ជ្រោះ ជ្រលង ដងអូរ ភូមិឋាន និគមជនជាតិយៀកណាមថ្មីដែលតាំងទីលំនៅក្នុងទឹកដីខ្មែរក្រោយឆ្នាំ១៩៧៩។ រដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា មិនហ៊ាន ឬមិនដឹងតវ៉ាដូចម្តេចឡើយ៕