តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើកឡើងថា ក្នុងប្រវត្តិសាស្ត្រខ្មែរ គ្មានមេដឹកនាំខ្មែរមួយណាចាត់ទុកវៀតណាម ជាអ្នកមានគុណទេ គឺមានតែលោក ហ៊ុន សែន ប៉ុណ្ណោះដែលចាត់ទុកសត្រូវឈ្លានពានទឹកដីប្រទេសកម្ពុជាជាអ្នកមានគុណខ្មែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ សីហា នេះថា លោក ហ៊ុន សែន ដឹកនាំប្រទេសធ្វើកិច្ចសន្យាខុសច្បាប់ឱ្យវៀតណាម រំលោភយកទឹកដីខ្មែរជាច្រើនអន្លើ។
ប្រភពខាងលើអះអាងថា ចំណែកលោក ហ៊ុន ម៉ាណែត ដែលកូនត្រូវដឹកនាំប្រទេសអនុវត្តកិច្ចសន្យាខុសច្បាប់របស់ឪពុកកាត់ទឹកដីខ្មែរឱ្យវៀតណាម ដើម្បីសងគុណវៀតណាម ដែលជួយឱ្យវង្សត្រកូលរបស់គាត់គ្រប់គ្រងប្រទេសកម្ពុជាតពូជទៅថ្ងៃមុខ។
លោក អ៊ុំ សំអាន លើកឡើងថា កោះត្រល់ និងចង្កោមកោះក្រចកសេះ ត្រូវបានលោក ហ៊ុន សែន កាត់ទៅឲ្យវៀតណាម គ្រប់គ្រងតាមសន្ធិសញ្ញាខុសច្បាប់ស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ អំឡុងពេលដែលវៀតណាម ឈ្លានពាន និងត្រួតត្រាប្រទេសកម្ពុជានៅអំឡុងទសវត្សរ៍១៩៨០។
លោកថា យោងតាមសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨២ នេះ លោក ហ៊ុន សែន ក៏បានកាត់ទឹកសមុទ្រខ្មែរឲ្យទៅវៀតណាម ៣ម៉ឺនគីឡូម៉ែត្រការ៉េ និងបានដាក់ដែនសមុទ្រខ្មែររួមជាមួយវៀតណាម ១ម៉ឺនគីឡូម៉ែត្រការ៉េផងដែរ។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះអះអាងថា នៅពេលដែលប្រទេសថៃ និងវៀតណាម ចុះហត្ថលេខាទ្វេភាគីឆ្នាំ១៩៩៧ ដោយសំអាងលើសន្ធិសញ្ញាស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ នេះ រដ្ឋាភិបាលថៃ ក៏បានយកដែនសមុទ្រខ្មែរអស់ ៣ម៉ឺនគីឡូម៉ែត្រការ៉េថែមទៀត។
លោកថា ហេតុនេះហើយទើបមានតំបន់ត្រួតគ្នារវាងកម្ពុជា-ថៃ ទំហំ ២៦០០០គីឡូម៉ែត្រការ៉េរហូតដល់សព្វថ្ងៃនេះ។ លោកបន្តថា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ គ្មានតំបន់ត្រួតគ្នារវាងកម្ពុជា-ថៃ ទំហំ ២៦០០០គីឡូម៉ែត្រការ៉េទេ។
លោក អ៊ុំ សំអាន បញ្ជាក់ថា នៅពេលរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ឯកភាពគ្នាបោះបង្គោលព្រំដែនគោករួចរាល់ ពួកគេនឹងគប់គិតគ្នាកំណត់ព្រំដែនសមុទ្រដោយប្រើសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨២ បន្តទៀត ដូច្នេះកម្ពុជានឹងត្រូវបាត់បង់កោះត្រល់ និងចង្កោមកោះក្រចកសេះ រួមទាំងដែនសមុទ្រខ្មែរដែលដាក់រួមគ្នាទៅខាងភាគីវៀតណាម និងភាគីថៃ ជាផ្លូវការនៅពេលខាងមុខ។
លោកថា នៅពេលដែលកម្ពុជាបាត់បង់ដែនទឹកទាំងនេះ ច្រកចេញចូលរបស់កម្ពុជាទៅកាន់សមុទ្រអន្តរជាតិ ក៏អាចនឹងត្រូវបិទដែរ ដូច្នេះនៅថ្ងៃអនាគត កម្ពុជានឹងផ្ញើវាសនារបស់ខ្លួនលើវៀតណាម ទាំងស្រុងដូចប្រទេសឡាវ ក្នុងពេលបច្ចុប្បន្ននេះ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ដោយសារតែគណបក្សប្រជាជនកម្ពុជា មានដើមកំណើតពីបក្សកុម្មុយនីស្តវៀតណាម ហើយលោក ហ៊ុន សែន ក៏ជាមេដឹកនាំដែលកងទ័ពវៀតណាម លើកបន្តុប ដូច្នេះហើយទើបបានជាមេដឹកនាំខ្មែររូបនេះហ៊ានចុះកិច្ចព្រមព្រៀងខុសច្បាប់កាត់ទឹកដីកម្ពុជាឱ្យរដ្ឋាភិបាលវៀតណាម ជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

