31 C
Phnom Penh

ព្រះរាជា​ខ្មែរ​យាង​ទៅ​ស្រុក​ចិន ប្រគល់​រាជកិច្ច​ឱ្យ​ប្រធាន​ព្រឹទ្ធសភា​សម្រេច​កិច្ចការ​ផែនដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះចៅ​ក្រុង​កម្ពុជា បាន​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​១៤ ខែ​សីហា នេះ​ទៅ ដោយ​ព្រះអង្គ​ប្រោស​ប្រទាន​នូវ​ព្រះរាជកិច្ច​ទាំងឡាយ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បំពេញ​ថ្វាយ​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី ខណៈ​លោក ហ៊ុន សែន ព្រមាន​ចាប់​ពលរដ្ឋ​មិន​គាំទ្រ​គម្រោង CLV ដាក់​គុក។

តាម​ព្រះរាជសារ​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​១០ ខែ​សីហា ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ថា អំឡុង​ពេល​ព្រះអង្គ​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន នេះ ព្រះអង្គ​ប្រោស​ប្រទាន​នូវ​ព្រះរាជកិច្ច​ទាំងឡាយ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី​បំពេញ​ថ្វាយ​ព្រះអង្គ ប៉ុន្តែ​ក្នុង​ព្រះរាជសារ​នេះ ព្រះអង្គ​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​ណា​នោះ​ទេ។

ការ​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន របស់​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នេះ ធ្វើឡើង​ចំ​ពេល​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ាណែត គំរាម​បង្ក្រាប និង​ចាប់​ប្រជាពលរដ្ឋ​ដែល​ប្រឆាំង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដាក់​ពន្ធនាគារ។

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​គំរាម​របស់​លោក ហ៊ុន សែន នា​ពេល​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ការពារ​ផល​ប្រយោជន៍​ឱ្យ​វៀតណាម ជា​អ្នក​លើក​បន្តុប​ឱ្យ​ដឹកនាំ​ប្រទេស​កម្ពុជា​ត​ពូជ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា លោក ហ៊ុន សែន ឡើង​កាន់​តំណែង​នា​ពេលនេះ គឺ​គាត់ និង​កូន​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត អាច​ប្រើ​អំណាច​តាម​អំពើ​ចិត្ត​ក្នុង​នាម​ជា​ស្តេច​ឪពុក និង​ស្តេច​កូន ដែល​ប្រើ​អំណាច​ផ្ទុយ​ពី​ច្បាប់​បាន​កំណត់។

លោក ហ៊ុន សែន បាន​ទទួល​ភារៈ​បំពេញ​មុខនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី​លើកដំបូង​នៅ​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៤ បន្ទាប់ពី​បាន​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​បាន​ពីរ​ថ្ងៃ ដែល​ស្ទើរតែ​រៀប​ឫក​មិន​ទាន់​ផង​នោះ បន្ទាប់ពី​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ស្តេច​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន។

ក្នុង​ស្ថានភាព​ប្រទេស​ដូច​សព្វថ្ងៃ​នេះ មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​ពោល​ទាំង​សោកស្តាយ​ថា៖ សង្គម​ជាតិ​ខ្មែរ​លែង​បាន​ឮ​ព្រះរាជឱង្ការ​ព្រះរាជា ព្រះបាទ​ជ័យវរ្ម័នទី៧ ហើយ​ដែល​ថា ទុក្ខ​របស់​រាស្ត្រ​ជា​ទុក្ខ​របស់​ស្តេច។ សព្វថ្ងៃ ទុក្ខ​របស់​រាស្ត្រ​ជា​ទុក្ខ​របស់​រាស្ត្រ ស្តេច​ជួយ​មិន​បាន​ឡើយ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស