ដោយភ័យព្រួយក្រែងពលរដ្ឋរួមគ្នាធ្វើបាតុកម្មរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ រដ្ឋអំណាចក្រុងភ្នំពេញហាមមន្ត្រីរាជការសាធារណៈ មិនឱ្យសុំអនុញ្ញាតច្បាប់ ខណៈប្រជាពលរដ្ឋក៏កំពុងត្រូវបានតាមដានយ៉ាងតឹងរ៉ឹងដែរ ដើម្បីទប់ស្កាត់កុំឱ្យពួកគេទៅចូលរួមធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណ ដែលចលនាប្រឆាំងគ្រោងធ្វើនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នេះ។
មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនឲ្យចេញឈ្មោះនៅថ្ងៃទី១៦ សីហា នេះថា តាមក្រសួងស្ថាប័ននីមួយៗកំពុងចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មិនឱ្យមន្ត្រីរាជការណាម្នាក់សុំច្បាប់សម្រាកដាច់ខាត ដើម្បីកុំឲ្យបុគ្គលិកតាមក្រសួងស្ថាប័ននីមួយៗទៅចូលរួមបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណ តាមការអំពាវនាវពីក្រុមប្រឆាំង។
ប្រភពដដែលនេះទម្លាយថា តាមក្រសួងស្ថាប័ននីមួយៗក៏កំពុងផ្សព្វផ្សាយ និងដាក់បម្រាមមិនឱ្យមន្ត្រីរាជការទទួលយកអាវយឺតដែលមានសញ្ញាប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណដែរ។ ក្រៅពីនេះ ក៏មានការណែនាំឱ្យអង្គភាពនីមួយៗផ្សព្វផ្សាយបទបញ្ជារបស់ឪកូន គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលហាមប្រាមមិនឱ្យចូលរួមក្នុងការធ្វើបាតុកម្មដាច់អហង្ការថែមទៀត។
ប្រជាការពារភូមិមួយចំនួនបញ្ជាក់ថា ពួកគេមានមុខនាទីចាំឃ្លាំមើលប្រជាពលរដ្ឋណាដែលធ្វើដំណើរចេញពីភូមិនៅអំឡុងពេលនេះ ដើម្បីរាយការណ៍ជូនថ្នាក់លើ ព្រោះដើម្បីកំណត់មុខសញ្ញាឱ្យជាក់លាក់ថា តើការធ្វើដំណើរចាកចេញពីភូមិរបស់ពួកគេ មានជាប់ពាក់ព័ន្ធនឹងរឿងការប្រមូលផ្ដុំធ្វើបាតុកម្មដែរឬក៏អត់។
បើដូច្នេះមែន របបសព្វថ្ងៃអាចប្រដូចបានទៅរបបប្រើភ្នាក់ងារឈ្លបនាសម័យខ្មែរក្រហមបេះបិទ។
ប្រភពដដែលគូសបញ្ជាក់ថា ប្រសិនបើមានរថយន្តប្លែកចូលទៅក្នុងភូមិ ប្រជាការពារភូមិទាំងអស់មានមុខនាទីតាមដាន និងរាយការណ៍ជាបន្ទាន់ ឬក៏អាចឈានដល់ការឃាត់រថយន្តដើម្បីត្រួតពិនិត្យអត្តសញ្ញាណដែលមានវត្តមានក្នុងភូមិនោះតែម្តង។
ប្រជាការពារភូមិទាំងនេះបង្ហើបថា នៅពេលនេះ ខណៈពួកគេមានភារកិច្ចដាក់កម្លាំងតាមដាននៅដើមភូមិ កណ្តាលភូមិ និងចុងភូមិទាំងយប់ទាំងថ្ងៃ ដើម្បីធានាថាគ្មានប្រជាពលរដ្ឋចេញពីភូមិទៅចូលរួមបាតុកម្មប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍។
ការចេញបម្រាមនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមមួយដែលមានឈ្មោះថា «រួបរួមគ្នាដើម្បីជាតិ» ដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរក្រោកឡើងធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ព្រមានថាបើប្រជាពលរដ្ឋខ្មែរដើរលើសគំនូសក្រហម នោះការបង្ហូរឈាមច្បាស់ជានឹងកើតមានឡើង ព្រោះរដ្ឋាភិបាលកម្ពុជាគ្មានជម្រើសផ្សេងទេ។
លោក ហ៊ុន សែន គំរាមថា អ្នកដែលចង់ធ្វើបាតុកម្ម និងអ្នកដែលចូលរួមជាមួយក្រុមមួយក្នុងបណ្ដាញទំនាក់ទំនងតេឡេក្រាមដែលមានឈ្មោះថា «រួបរួមគ្នាដើម្បីជាតិ» ត្រូវបញ្ឈប់គំនិតនេះ និងត្រូវដកខ្លួនជាបន្ទាន់ បើមិនចង់ជាប់ទោសចំពោះអ្នកដែលសមត្ថកិច្ចមិនទាន់បានចាប់ខ្លួន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ សីហា នេះថា ការប្រើមធ្យោបាយចាប់ពលរដ្ឋដាក់គុក គំរាមកំហែង និងដាក់សម្ពាធមន្ត្រីរាជការស៊ីវិល រួមទាំងកងកម្លាំងប្រដាប់អាវុធជុំវិញការប្រឆាំងគម្រោងត្រីកោណអភិវឌ្ឍន៍ គ្រាន់តែបង្ហាញពីទង្វើទុច្ចរិតរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។
លោក ម៉ែន ណាត អះអាងថា ការគំរាមកំហែង ការគាបសង្កត់ មិនមែនជាមធ្យោបាយសម្រាប់អ្នកដឹកនាំក្នុងសង្គមប្រជាធិបតេយ្យទេ ហើយមេដឹកនាំដែលប្រើវិធានការឃោរឃៅបែបនេះ រដ្ឋាភិបាលរបស់ពួកគេក៏មិនមានអនាគតវែងឆ្ងាយដែរ ព្រោះជារដ្ឋាភិបាលដែលបន្សល់ទុកតែភាពព្រៃផ្សៃ និងភាពស្អប់ខ្ពើមសម្រាប់ពលរដ្ឋខ្លួនឯង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា ប្រជាពលរដ្ឋគ្មានចង់បានអ្វីក្រៅពីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទេ ព្រោះអ្វីៗដែលប្រជាពលរដ្ឋត្រូវការទាំងអស់នេះ គឺសុទ្ធតែមានចែងក្នុងរដ្ឋធម្មនុញ្ញ ខណៈរដ្ឋាភិបាលក៏មានកាតព្វកិច្ចត្រូវធានាការនូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សសម្រាប់ពួកគេដែរ៕