30 C
Phnom Penh

រដ្ឋអំណាច​ក្រុង​ភ្នំពេញ​ប្រើ​ល្បិចកល​ចាស់ ចាប់​ក្រុម​អ្នក​ជំទាស់​នឹង​ខ្លួន​ដូច​ឆ្នាំ​១៩៧៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ចាត់ទុក​សកម្មភាព​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ដែល​បង្ហាញ​ពី​រូបភាព​បះបោរ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន គឺជា​ការ​រៀបចំ​របស់​រដ្ឋាភិបាល​ដើម្បី​ចាប់​ខ្លួន​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​ប្រឆាំង​មែនទែន​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA)។

អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​យុវជន​មិន​មាន​អត្តសញ្ញាណ​ជាក់លាក់​មួយ​ចំនួន ឬ​បាតដៃ​ទី​៣ ឲ្យ​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​សកម្មភាព​បះបោរ ជា​កុបកម្ម​ហិង្សា ដោយ​មាន​អាវុធ​ដែល​ជា​រូបភាព​ផ្តួល​រំលំ​រដ្ឋអំណាច។

លោក​ថា ការ​ប្រើ​ល្បិច​បែប​នេះ គឺ​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នក​បាតុកម្ម​ប្រឆាំង​គម្រោង CLV ហើយ​ចុងក្រោយ ពួកគេ​បាន​កេង​ចំណេញ​ក្រោម​រូបភាព​ថា រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ទប់ស្កាត់​ការ​បះបោរ​ទាន់​ពេល​ដើម្បី​សន្តិសុខ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​តាម​ពិត គឺជា​ល្បិច​ដែល​ពួកគេ​បង្កើត​ឡើង​ទាំងអស់។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ល្បិចកល​បែប​នេះ​គេ​ហៅថា​បង្កើត​ព្រឹត្តិការណ៍​ដើម្បី​លុប​បំបាត់​ព្រឹត្តិការណ៍ និង​ដើម្បី​លាប​ពណ៌​លើ​សកម្មជន​យុវជន​សង្គម និង​សកម្មជន​នយោបាយ​ពិតប្រាកដ ដើម្បី​ចាប់​ពួកគេ​ដាក់​គុក​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត។

អតីត​មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ បញ្ជាក់​ថា ល្បិចកល​នេះ​ក៏​ដើម្បី​លុប​បំបាត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ដែល​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ពិតប្រាកដ​ដែរ ក្នុង​នោះ​ក៏​ជា​ឱកាស​ដែល​ពួកគេ​អាច​ចាប់​សកម្មជន​នយោបាយ​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ​មិន​ព្រម​ចុះចូល​ជាមួយ​ពួកគេ​បន្ថែម​ទៀត​ដែរ។

កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៣១​នាក់ ដោយ​ចោទ​ថា​ពួកគេ​បាន​អនុវត្ត​ផែនការ​កុបកម្ម​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម ដែល​មាន​បំណង​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​រាជរដ្ឋាភិបាល ក្រោម​ឧបាយកល​ទុច្ចរិត​របស់​ពួក​ប្រឆាំង​ជ្រុល​និយម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្ដេជ្ញា​បង្ការ​ទប់ស្កាត់​នឹង​ការ​ប្រឆាំង​អំពើ​វិទ្ធង្សនា​បង្ក​អសន្តិសុខ ឈាន​ទៅ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​ប្រសូត​ចេញពី​ឆន្ទៈ​រាស្ត្រ និង​ប្រកាស​ប្ដេជ្ញា​មិន​ចូលរួម​ក្នុង​សកម្មភាព​បំផ្លិចបំផ្លាញ​ជាតិ​ជាមួយ​ពួក​ក្រុម​ជ្រុល​និយម​អគតិ​ទាំងនេះ​ដាច់ខាត។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​នឹង​វីដេអូ​ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​យុវជន​ទាំងនោះ​នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា សម្ដែង​ចប់ បើក​លុយ។

លោក ហ៊ីង សុខសាន្ត បញ្ជាក់​ថា បើ​មាន​អ្នក​សម្ដែង ក៏​ត្រូវ​តែ​មាន​អ្នក​ទស្សនា​ដែរ ប៉ុន្តែ​ការ​សម្ដែង​នេះ​ហាក់ដូចជា​មិន​ខ្វល់​នឹង​អ្នក​ទស្សនា​ថា​ពួកគេ​ជឿ ឬ​ក៏​អត់​នោះ​ទេ។

យុវជន​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​ប៉ុន្មាន​នាក់​នេះ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ជាក់លាក់​ទេ ព្រោះ​កន្លង​មក​គេ​ក៏​មិន​ដែល​ឃើញ​យុវជន​ទាំងនេះ​ចេញ​មុខ​ធ្វើ​កិច្ចការ​សង្គម​ដូច​យុវជន​ចលនា​មាតា​ធម្មជាតិ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នោះ​ដែរ។

កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ សមត្ថកិច្ច​ក៏​បាន​បិទ​ទីស្នាក់ការ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ក្នុង​សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ និង​ឃាត់​ខ្លួន​សមាជិក​សមាគម​នេះ​ចំនួន ៤​នាក់​ដែរ ដូចជា ប្រធាន​ស្ដីទី​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ធី ថន។ ក្រៅពី​ការ​ចាប់​ខ្លួន​សកម្មជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ សកម្មជន​ផ្សេង​ទៀត​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដែរ ដូចជា សកម្មជន​បក្ស​ភ្លើង​ទៀន ចំនួន ៣​នាក់​នៅ​ខេត្ត​ប៉ៃលិន ដោយ​មិន​បញ្ជាក់​អំពី​មូលហេតុ។

ជុំវិញ​បញ្ហា​នេះ គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​១៨ សីហា ថា ការ​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន គឺជា​ការ​រំលោភ​បំពាន​សិទ្ធិ​បុគ្គល​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ផ្ទុយ​ពី​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា។

ជាង​នេះ​ទៀត សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ដែរ ខណៈ​គណបក្ស​នេះ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​ចាត់ទុក​ទង្វើ​របស់​សមត្ថកិច្ច​បែប​នេះ គឺ​មិន​គោរព​តាម​នីតិវិធី​ច្បាប់ ព្រោះ​ការ​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​រូប​នោះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ និង​គ្មាន​ដីកា​តុលាការ។

ដោយឡែក​ក្រុម​យុវជន​ចំនួន ១៧​នាក់​ដែល​មកពី​ខេត្ត​ផ្សេងៗ កាលពី​យប់​ថ្ងៃទី​១៧ ខែ​សីហា ក្នុង​គោលបំណង​ចូលរួម​កម្មវិធី​សិក្ខាសាលា​នៅ​ថ្ងៃទី​១៨ ខែ​សីហា ជាមួយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDP ក៏​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ឃាត់​ខ្លួន​សួរនាំ​ពី​គម្រោង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​១៨ ខែ​សីហា នេះ​ដែរ ប៉ុន្តែ​ក្រោយ​ឃាត់​ខ្លួន និង​សួរនាំ អាជ្ញាធរ​ក៏​សម្រេច​ដោះលែង​ពួកគេ​វិញ ដោយ​បង្ខំ​ឱ្យ​ធ្វើ​កិច្ចសន្យា​ផ្ដិត​ស្នាមមេដៃ​បញ្ជាក់​ថា ពួកគេ​មិនមែន​ទៅ​ភ្នំពេញ​ដើម្បី​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍ CLV នោះ​ទេ។

ជាង​នេះ​ទៀត សកម្មជន​ព្រៃឡង់ ចំនួន ២​នាក់​ទៀត​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​សួរនាំ​ដែរ ដូចជា កញ្ញា ឆេន លក្ខិណា និង​កញ្ញា ឆោម ស្រីផា រួម​ទាំង​ឪពុក​របស់​កញ្ញា​ផង​ដែរ គឺ​លោក ម៉ៅ ញ៉ក់ ប៉ុន្តែ​ក្រោយ​សួរនាំ សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង ក៏​បាន​ដោះលែង​ឱ្យ​ពួកគេ​មាន​សេរីភាព​ឡើងវិញ​ក្រោយពី​បង្ខំ​ឱ្យ​ពួកគេ​ធ្វើ​កិច្ចសន្យា​ឈប់​បង្ហោះ​សារ​មិន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍ CLV។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា និង​ជា​អ្នក​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ លោក ហៃ វណ្ណា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ប្អូន​របស់​លោក​ឈ្មោះ ហៃ វណ្ណនិត នៅ​ច្រកព្រំដែន​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១៦ ខែ​សីហា ហើយ​រហូត​មក​ដល់​ពេលនេះ លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​ប្អូនប្រុស​របស់​លោក​នៅឡើយ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ លោក ហ៊ុន សែន ធ្លាប់​គំរាម​លោក ហៃ វណ្ណា ថា ទោះបីជា​លោក ហៃ វណ្ណា កំពុង​រស់នៅ​ប្រទេស​ជប៉ុន ក៏ដោយ ក៏​លោក​មាន​ក្រុម​គ្រួសារ​កំពុង​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​ដែរ ដូច្នេះ​កុំ​ព្រហើន​ឱ្យ​សោះ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្វែងរក​ក្រុម​គ្រួសារ​របស់​លោក ហៃ វណ្ណា និង​អ្នក​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នៅ​ក្រៅ​ប្រទេស​ផ្សេង​ទៀត​ដែរ។

ជុំវិញ​ការ​គំរាម​សាច់ញាតិ​របស់​អ្នក​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នៅ​ក្រៅ​ស្រុក​នេះ សាច់ញាតិ​របស់​សកម្មជន​ចលនា​យុវជន​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ម្នាក់ ដែល​មាន​ឈ្មោះ​ថា អាចារ្យ ហ្វី ក៏​រង​នូវ​ការ​គំរាមកំហែង​ដែរ។

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កម្លាំង​ពេញ​ទីក្រុង​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​បាតុកម្ម ប៉ុន្តែ​សកម្មភាព​នេះ​បាន​បង្ក​ទៅ​ជា​ការ​កកស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ទៅវិញ។

ទាក់ទង​នឹង​ការ​រៀបចំ​ឲ្យ​មាន​ក្រុម​យុវជន​បះបោរ​ដើម្បី​ថតរូប​ផ្សព្វផ្សាយ​ក្នុង​គោលបំណង​ឲ្យ​យុវជន​សកម្មជន​ឯ​ទៀត​យល់​ច្រឡំ​ថា​ជា​ការ​បះបោរ​មែនទែន រួច​ចោទប្រកាន់​តាម​ចាប់​គ្នា​ដាក់​គុក​នោះ វា​មិន​ខុស​ពី​ល្បិចកល​បក្ស​កុម្មុយនីស្ត​ប្រើ​ក្នុង​ឆ្នាំ​១៩៧៩ នោះ​ទេ។ គេ​បង្កើត​ចលនា​ប្រឆាំង​ក្លែងក្លាយ​ដើម្បី​ចាប់​ក្រុម​ប្រឆាំង​មែនទែន​នៅ​ក្នុង​ស្រុក ផ្តាច់​ខ្សែរយៈ​ជាមួយ​នឹង​ចលនា​តស៊ូ​ខ្មែរ​ស្នេហា​ជាតិ​នៅ​ជាយដែន​ខ្មែរ-ថៃ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស