29.2 C
Phnom Penh

គណបក្ស​ប្រជាធិបតេយ្យ​នៅ​អាមេរិក បើក​សមាជ​ជាតិ​កំណត់​យុទ្ធសាស្ត្រ​ដើម្បី​ប្រព័ន្ធ​យុត្តិធម៌​និង​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុន្មាន​ប៉ុណ្ណោះ ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាណត្តិ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក នឹង​ចាប់ផ្ដើម។

នៅ​លើ​ទឹកដី​បិតា​ប្រជាធិបតេយ្យ​ពិភពលោក ប៉ូល​នយោបាយ​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ ដែល​ត្រូវ​ដណ្ដើម​តំណែង​សេតវិមាន និង​សមាជិក​សភា សមាជិក​ព្រឹទ្ធសភា នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

មុន​ដំបូង ការ​ប្រកួតប្រជែង​ក្នុង​បក្ស​ជា​មុន​សិន​ដែល​ជា​ការ​ជម្រុះ​បេក្ខជន។ បេក្ខជន​ដែល​មាន​ការ​គាំទ្រ​ច្រើន​ចេញពី​អ្នកគាំទ្រ​បក្ស ទើប​អាច​ក្លាយ​ជា​បេក្ខជន​សម្រាំង តែ​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ពី​ប្រតិភូ​របស់​បក្ស។ បក្ស​មាន​សិទ្ធ​តែងតាំង ហើយ​ក៏​មាន​សិទ្ធិ​ដកហូត​បេក្ខជន​ប្រធានាធិបតី​ដែរ តែ​លើកលែង​ប្រធានាធិបតី​កំពុង​កាន់​អំណាច គឺជា​បេក្ខជន​ស្វ័យប្រវត្តិ​របស់​បក្ស។

នៅ​ប្រទេស​មហាអំណាច​នេះ ការ​ឃោសនា​ស្វែងរក​សំឡេង​គាំទ្រ ចាប់ផ្ដើម​តាំងពី​ដើម​ឆ្នាំ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត។ បក្ស​សាធារណរដ្ឋ ក្នុង​អាណត្តិ​នេះ ជា​បក្ស​ជំទាស់។ លោក ដូណាល់ ត្រាំ គឺជា​បេក្ខជន​ប្រធានាធិបតី​ដែល​ត្រូវ​បាន​បក្ស​សាធារណរដ្ឋ អនុម័ត​ជា​ផ្លូវការ​កាលពី​ខែ​មុន​នេះ ក្រោយពី​បេក្ខជន ៣​រូប​ទៀត​មិន​មាន​សំឡេង​គ្រប់គ្រាន់​លើស​លោក។

តែ​នៅ​ថ្ងៃ​នេះ បក្ស​ប្រជាធិបតេយ្យ កំពុង​ដំណើរការ​មហា​សន្និបាត​បក្ស​ដែល​មាន​រយៈពេល ៤​ថ្ងៃ ហើយ​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២២ សីហា។ បេក្ខជន​ប្រធានាធិបតី​បាន​ទៅ​លើ​អ្នកស្រី Kamala Harris អនុប្រធានាធិបតី​ក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី ចូ បៃដិន។

អ្នកស្រី Harris បាន​ឡើង​ឈរ​លេខ​រៀង​ទី​១ នៃ​បេក្ខជន​តំណែង​ប្រធានាធិបតី​ជំនួស​លោក បៃដិន ដែល​បាន​លា​ចេញពី​បេក្ខភាព​ប្រធានាធិបតី ករណី​សុខភាព និង​វ័យ​ចាស់​ខ្លាំង ដែល​លោក​មាន​អាយុ​ជិត ៨២​ឆ្នាំ។

អ្នកស្រី Harris អាយុ ៥៩​ឆ្នាំ បាន​ទទួល​ការ​យល់ព្រម​ឱ្យ​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ​នៅ​ក្នុង​ការ​អនុម័ត​ពី​ប្រតិភូ​របស់​បក្ស​ប្រជាធិបតេយ្យ។ អ្នកស្រី Harris បាន​ជ្រើសរើស​បេក្ខជន​អនុប្រធានាធិបតី​របស់​អ្នកស្រី គឺ​លោក Tim Walz អភិបាល​រដ្ឋ Minnesota ដែល​លោក Tim Walz​ក៏​ត្រូវ​ឆ្លងកាត់​អនុម័ត​ពី​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ផង​ដែរ។

សមាជ​ជាតិ​បក្ស​ប្រជាធិបតេយ្យ កំពុង​កាន់​អំណាច ធ្វើឡើង​នៅ​ទីក្រុង Chicago។ សមាជ​បក្ស​ប្រជាធិបតេយ្យ ក៏​បាន​បើក​ឱ្យ​អ្នកគាំទ្រ​ចូលរួម​ផង​ដែរ។

អ្នក​សង្កេតការណ៍​ចាប់អារម្មណ៍​ខ្លាំង គឺ​សេចក្ដី​ថ្លែងការណ៍​របស់​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​បក្ស ជាពិសេស​សេចក្ដី​ថ្លែងការណ៍​របស់​លោក ចូ បៃដិន ជា​ប្រធានាធិបតី​ដែល​ត្រូវ​ចាកចេញ​ពី​សេតវិមាន​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ជា​ថ្ងៃ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី​ជា​បេក្ខជន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ខែ​វិច្ឆិកា។

នៅ​ពេល​ទៅ​ដល់​ទីក្រុង Chicago ដើម្បី​បើក​សមាជ​របស់​គណបក្ស​ប្រជាធិបតេយ្យ លោក​ប្រធានាធិបតី ចូ បៃដិន ស្នើ​ដល់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ឱ្យ​រួបរួម​គ្នា​គាំទ្រ​អនុប្រធានាធិបតី អ្នកស្រី Kamala Harris ដើម្បី​ផ្តួល​គូប្រជែង គឺ​លោក Donald Trump បេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋ។

ក្រុម​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ បាន​ជួបជុំ​គ្នា​ក្នុង​សមាជ​ជាតិ​របស់​ពួកគេ​នៅ​ឯ​ទីលាន United Center នៃ​ទីក្រុង Chicago ខណៈ​ដែល​វត្តមាន​របស់​លោក បៃដិន ជា​និមិត្តរូប​តំណាង​ឱ្យ​ការ​ផ្ទេរ​ប្រជាប្រិយភាព​ទៅ​ឱ្យ​អ្នកស្រី Harris បន្ទាប់ពី​លោក​សម្រេច​ចិត្ត​បោះបង់​ការ​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​នៅ​អាណត្តិ​ទី​២ ក្នុង​ការ​បោះឆ្នោត​ដែល​នៅ​សល់​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។

លោក បៃដិន លើក​យក​ករណី​ក្នុង​ប្រព័ន្ធ​តុលាការ​របស់​លោក Trump ដែល​លោក​ថា​ជា​ការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ប្រព័ន្ធ​យុត្តិធម៌​សហរដ្ឋ​អាមេរិក។ លោក បៃដិន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិក​បោះឆ្នោត​ជូន​អ្នកស្រី Harris ដែល​មាន​ជំនាញ​ជា​រដ្ឋអាជ្ញា ជាជាង​បេក្ខជន​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដើម្បី​ភាព​រស់​រៀន​ឡើងវិញ​នៃ​ប្រព័ន្ធ​យុត្តិធម៌ និង​ការ​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក។ ជាមួយ​គ្នា​នេះ លោក បៃដិន ក៏​ថ្លែង​អំពី​សមិទ្ធផល​ក្រោម​ការ​ដឹកនាំ​របស់​លោក និង​អ្នកស្រី Harris ផង​ដែរ។

បរិយាកាស​ក្នុង​មហាសន្និបាត​បក្ស​ប្រជាធិបតេយ្យ ពោរពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម​ថា​នឹង​មាន​ជោគជ័យ​ជា​ថ្មី​ជាមួយ​បេក្ខនារី​ប្រធានាធិបតី អ្នកស្រី Kamala Harris។

អ្នកស្រី Kamala Harris បាន​ឡើង​ថ្លែង​ទៅ​កាន់​មហាសន្និបាត។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដ៏​ខ្លី អ្នកស្រី​បាន​ថ្លែង​ពី​ការ​ការ​ចងចាំ​ជា​គុណូបការៈ​របស់​លោក ចូ បៃដិន ដែល​អ្នកស្រី​ថា​ជា​ប្រធានាធិបតី​ដ៏​អស្ចារ្យ​នៃ​ប្រជាជន​អាមេរិក។

ក្នុង​វេទិកា​សមាជ​ជាតិ​បក្ស​ប្រជាធិបតេយ្យ ក៏​មាន​វត្តមាន​អតីត​ប្រធានាធិបតី មាន​ដូចជា លោក បារ៉ាក់ អូបាម៉ា និង​លោក ប៊ីល ឃ្លិនតុន។ អតីត​ប្រធានាធិបតី​ទាំង​ពីរ ឡើង​ថ្លែង​សេចក្ដី​ថ្លែងការណ៍​ដែល​ជា​ការ​កំណត់​យុទ្ធសាស្ត្រ​នយោបាយ​របស់​បក្ស​ប្រជាធិបតេយ្យ បើ​អ្នកស្រី Harris ឈ្នះ​ឆ្នោត​អាណត្តិ​ថ្មី​ទៀត។

ការ​ស្ទង់មតិ​ថ្នាក់​ជាតិ​មួយ​កាលពី​ពេល​ថ្មីៗ​ដែល​ស្រង់​មក​ចុះផ្សាយ​ដោយ​សារព័ត៌មាន The Economist បង្ហាញ​ថា អ្នកស្រី Harris មាន​ការ​កើន​ឡើង​ការ​គាំទ្រ​ពី ៤៨​ភាគរយ​ទៅ ៤៩​ភាគរយ។ ចំណែក​លោក ដូណាល់ ត្រាំ មាន​ការ​គាំទ្រ​ពី ៤៥​ភាគរយ​ទៅ ៤៦​ភាគរយ។ តែ​អ្នកវិភាគ​ថា​ភាព​ឈ្នះ និង​ចាញ់​រវាង​គូប្រជែង​ទាំង​ពីរ អាច​មាន​ពី ២% ទៅ ៣% នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​នា​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស