29 C
Phnom Penh

មេដឹកនាំ​យុវជន​ក្នុង​ប្រទេស​កូរ៉េខាងត្បូង អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ផ្តល់​ដំណឹង​ឱ្យ​ខ្លួន បើ​មាន​ការ​គំរាម​ពី​មន្ត្រី​ទូត​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ចលនា​យុវជន​សង្គ្រោះ​ជាតិ ក្នុង​ប្រទេស​កូរ៉េខាងត្បូង អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ទាំងអស់​ដែល​រង​នូវ​ការ​គំរាមកំហែង​ពី​ស្ថានទូត​ខ្មែរ ដោយ​ការ​មិន​បន្ត​ទិដ្ឋាការ​ឱ្យ​ធ្វើការ​នៅ​ប្រទេស​នេះ ដោយសារតែ​ពួកគេ​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV សូម​ផ្តល់​ដំណឹង​មក​ឱ្យ​ខ្លួន​ជាបន្ទាន់។

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ លោក មាស ពិសាល លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២០ ខែ​សីហា ថា លោក​ទទួល​បាន​ព័ត៌មាន​ច្បាស់ការ​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ចាប់ផ្តើម​គំរាម​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង ចំពោះ​អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ។

លោក មាស ពិសាល អះអាង​ថា ក្រោយ​ការ​ធ្វើ​បាតុកម្ម​នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​១១ សីហា កន្លង​ទៅ ពលករ​ខ្មែរ ឬ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើការ និង​រស់នៅ​លើ​ទឹកដី​នៃ​ប្រទេស​កូរ៉េ ដែល​ត្រូវ​បន្ត​ទិដ្ឋាការ​នោះ ត្រូវ​បាន​មន្ត្រី​ស្ថានទូត​ខ្មែរ​សួរនាំ និង​ស្រាវជ្រាវ​គណនី​ហ្វេសប៊ុក​របស់​ពួកគេ ដើម្បី​ចង់​ដឹង​ថា​អ្នក​ទាំងនោះ​បាន​ចូលរួម​បាតុកម្ម ឬ​បាន​ចែកចាយ​នូវ​សារ​ដែល​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​ដែរ​ឬ​ក៏​អត់។

ប្រធាន​ចលនា​យុវជន​រូប​នេះ ចាត់ទុក​ទង្វើ​របស់​មន្ត្រី​ស្ថានទូត​ខ្មែរ​បែប​នេះ គឺជា​ការ​គំរាមកំហែង​លើ​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការ​គំរាមកំហែង​នេះ គឺ​បង្ហាញ​ពី​ការ​គាបសង្កត់​ឆ្លងដែន​កាន់តែ​ខ្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ និង​សិទ្ធិ​ចូលរួម​កិច្ចការ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ។

លោក មាស ពិសាល បញ្ជាក់​ថា បើ​ពលករ​ខ្មែរ ឬ​អ្នក​ដែល​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង ណា​ម្នាក់​ត្រូវ​រង​នូវ​ការ​គំរាម​ពី​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង សូម​ទាក់ទង​ទៅ​កាន់​រូបលោក ដើម្បី​ឱ្យ​លោក​ចងក្រង​ជា​ភស្តុតាង​ដាក់​ជូន​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ឱ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​នេះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ លើកឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​គ្មាន​រដ្ឋាភិបាល​តំណាង​ឱ្យ​ជាតិ​ខ្មែរ​សម្រាប់​ដោះស្រាយ​បញ្ហា​ឱ្យ​ប្រជាជាតិ​ខ្មែរ​ទេ គឺ​មាន​តែ​រដ្ឋាភិបាល​តំណាង​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន សម្រាប់​ដោះស្រាយ​បញ្ហា​ឱ្យ​សែស្រឡាយ​បក្ខពួក​របស់​គ្រួសារ​ហ៊ុន​ប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើង​ថា ក្រោយ​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​របស់​លោក ហ៊ុន ម៉ាណែត ជិត ១​ឆ្នាំ​មក​នេះ គាត់​បាន​បង្ហាញ​ពិភពលោក​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា​គឺជា​រដ្ឋាភិបាល​យោធា​ក្រោម​ការ​គ្រប់គ្រង​ផ្ដាច់មុខ​របស់​គ្រួសារ​ហ៊ុន និង​បង្ក្រាប​ពលរដ្ឋ​ដែល​បញ្ចេញមតិ​តវ៉ា​ទាមទារ​ជុំវិញ​ការ​ភ័យ​ព្រួយ​ពី​ការ​បាត់បង់​ទឹកដី​នា​ពេលនេះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា មេដឹកនាំ​រដ្ឋាភិបាលយោធា​លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​អន្តរជាតិ​បាន​ឃើញ​យ៉ាង​ច្បាស់​ថា គាត់​កំពុង​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​របស់​វៀតណាម បន្ត​ពី​លោក ហ៊ុន សែន ឪពុក​របស់​គាត់​យ៉ាង​ពេញ​ទំហឹង តាមរយៈ​នៃ​ការ​បង្ក្រាប​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ការ​រិះគន់​លើ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ។

លោក​អះអាង​ថា ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កំពុង​ការពារ​ផែនការ​ឈ្លានពាន​ទឹកដី​ខ្មែរ​តាមរយៈ​ការ​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​ត្រីកោណ ជា​ថ្នូរ​នឹង​ការ​សុំ​ឱ្យ​វៀតណាម ជួយ​ជ្រោមជ្រែង​លោក ហ៊ុន ម៉ាណែត និង​គ្រួសារ​ហ៊ុន កាន់កាប់​អំណាច​ដឹកនាំ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។

ក្រោយ​ផ្ទុះ​ការ​រិះគន់ និង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ គេ​សង្កេត​ឃើញ​ថា​រដ្ឋាភិបាល​ថ្មី​ដែល​មាន​អាយុ​ជិត ១​ខួប​របស់​លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​សកម្មភាព​បង្ក្រាប​ពលរដ្ឋ​ដោយ​ពេញ​មុខ មាន​ទាំង​ការ​ចាប់​ដាក់​គុក ការ​ចោទប្រកាន់​ដោយ​ប្រើ​តុលាការ និង​គំរាមកំហែង​សាច់ញាតិ​របស់​អ្នក​រិះគន់​នៅ​ក្រៅ​ស្រុក ជាដើម។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​គំរាម​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​គ្រប់​ជាន់ថ្នាក់ តាមដាន​ពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃ តាជី យាយជី កុមារា កុមារី គ្រប់​មូលដ្ឋាន​ទាំងអស់ ដើម្បី​ទប់ស្កាត់​ខ្លាចក្រែង​អ្នក​ទាំងនោះ​ចូលរួម​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ដែល​ខ្លួន​កំពុង​ដោះដូរ​ដើម្បី​ឱ្យ​វៀតណាម ជួយ​ជ្រោមជ្រែង​អំណាច​ត្រកូល​ហ៊ុន​បន្ត​ទៀត​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស