លោក ហ៊ុន ម៉ាណែត ប្រកាសដំណើរការមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមឱ្យបានច្រើនកុះករ ដើម្បីជាស្មារតីជាតិខ្មែរ និងអភិវឌ្ឍតំបន់ព្រំដែនរបស់ប្រទេសជាតិ។
លោក ហ៊ុន ម៉ាណែត ប្រកាសជាផ្លូវការនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៦ សីហា នេះថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺក្នុងគោលបំណងកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្តោយព្រំដែន។
លោកអះអាងថា មូលនិធិនេះក៏ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរដ្ឋាភិបាល ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិរបស់ខ្លួនដែរ តាមរយៈនៃការបរិច្ចាគវិភាគទានដោយស្ម័គ្រចិត្តរបស់ពួកគេ។
លោកបន្តថា ការធ្វើបែបនេះ គឺសំដៅដល់ការរួមគ្នាជាធ្លុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាពទៅថ្ងៃមុខបន្តទៀត។
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានចូលរួមសហការពីធនាគារចំនួន ៦ ក្នុងការទទួលប្រាក់ឧបត្ថម្ភពីពលរដ្ឋ និងមន្ត្រីរាជការ ដូចជា ធនាគារកាណាឌីយ៉ា (Canadia Bank) ធនាគារអេហ្វធីប៊ី (FTB Bank) ធនាគារអេប៊ីអេ (ABA Bank) ធនាគារអេស៊ីលីដា (ACLEDA Bank) ធនាគារខេប៊ី ប្រាសាក់ (KB PRASAC Bank) និងធនាគាររីង (WING Bank) ផងដែរ។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៦ សីហា នេះដែរថា លោកអបអរសាទរគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារព្រំដែន ប៉ុន្តែរដ្ឋាភិបាលគួរមានគម្រោងទាក់ទាញមនុស្សឲ្យទៅរស់នៅ និងអភិវឌ្ឍតំបន់ព្រំដែន គឺយកមនុស្សទៅទប់មនុស្ស និងប្រទេសជិតខាង ជាពិសេសគឺទាក់ទាញ និងជួយដល់មនុស្សដែលអត់ដីធ្លីនៅតំបន់ផ្សេងៗ ទៅរស់នៅតំបន់ព្រំដែនទាំងនោះ។
ជុំវិញបញ្ហានេះ បណ្ឌិត ឡៅ ម៉ុងហៃ ក៏ធ្លាប់លើកឡើងកាលពីពេលថ្មីៗនេះដែរថា ដើម្បីទប់ស្កាត់កុំឲ្យកម្ពុជាទៅជាប្រទេសចំណុះប្រទេសវៀតណាម ឬប្រទេសផ្សេងទៀត កម្ពុជាត្រូវអនុវត្តវិធានការការពារបូរណភាពទឹកដីរបស់ខ្លួន ដូចជា អភិវឌ្ឍតំបន់ខ្សែបន្ទាត់ព្រំដែនតាមរយៈបញ្ជូនពលរដ្ឋខ្មែរឲ្យទៅរស់នៅទីនោះឲ្យបានកាន់តែច្រើន និងមានកម្មវិធីនយោបាយលើកទឹកចិត្តពលរដ្ឋដែលព្រមទៅរស់នៅតំបន់នោះថែមទៀត។
អ្នកវិភាគនយោបាយសង្គមរូបនេះបញ្ជាក់ថា រដ្ឋាភិបាលត្រូវបញ្ឈប់ការសម្បទានដីនៅតំបន់ព្រំដែន លក់ ឬជួលដីនៅតំបន់ព្រំដែនឲ្យជនណាទាំងអស់ ក្រៅពីពលរដ្ឋខ្មែរដែលមានឪពុកម្តាយមានសញ្ជាតិខ្មែរ។ លើសពីនេះ រដ្ឋត្រូវដកហូតដីសម្បទាន លក់ ឬជួលឱ្យពលរដ្ឋរបស់ប្រទេសជិតខាងកន្លងមក យកមកគ្រប់គ្រងវិញជាបន្ទាន់ផងដែរ។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា រដ្ឋត្រូវពិនិត្យ និងកែច្បាប់អន្តោប្រវេសន៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងជនអន្តោប្រវេសន៍វៀតណាម ឲ្យបានហ្មត់ចត់ជាទីបំផុត ព្រោះថាគ្មានផលប្រយោជន៍ណាធំជាងសន្តិសុខរបស់ប្រទេសជាតិនោះទេ។
ក្រុមអ្នកឃ្លាំមើលសង្គមត្អូញត្អែរថា ទាំងផ្លូវក្រវាត់ព្រំដែន និងប៉ុស្តិ៍យាមច្រកព្រំដែនរបស់កម្ពុជាសព្វថ្ងៃនេះ មិនមានលក្ខណៈបច្ចេកទេស និងផ្លូវច្បាប់ត្រឹមត្រូវដែលអាចទប់ស្កាត់ការឈ្លានពានរបស់វៀតណាម មកលើទឹកដីកម្ពុជាបាននោះទេ៕