អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា រដ្ឋាភិបាលបានចាត់ទុកអ្នកប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណជាក្រុមឧទ្ទាមក្រៅច្បាប់ ខណៈទង្វើរដ្ឋាភិបាលដែលចាប់ខ្លួនអ្នកសម្ដែងមតិរិះគន់លើគម្រោងនេះ គឺជាទង្វើរបស់ឧទ្ទាមរំលោភច្បាប់ដ៏ព្រៃផ្សៃ។
អ្នកឃ្លាំមើលសង្គម និងនយោបាយលោក ស៊ឹង សែនករុណា លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៦ ខែសីហា ថា ការគំរាមកំហែងអ្នកសម្ដែងមតិ ការចាប់ខ្លួនអ្នករិះគន់ដាក់គុក ការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ ការរំលោភច្បាប់ ការរំលោភសិទ្ធិពលរដ្ឋ និងការប្រើប្រព័ន្ធតុលាការជាឧបករណ៍បម្រើនយោបាយរបស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ គឺជាទង្វើរបស់ក្រុមឧទ្ទាមរំលោភច្បាប់យ៉ាងច្បាស់ក្រឡែត។
លោក ស៊ឹង សែនករុណា លើកឡើងថា ក្រៅពីចោទប្រកាន់អ្នកប្រឆាំងនឹងខ្លួនថាក្រុមឧទ្ទាម រដ្ឋាភិបាលក៏តែងប្រើពាក្យក្បត់ជាតិដើម្បីចោទប្រកាន់អ្នកទាំងនោះផងដែរ ទាំងដែលពួកគេគឺជាអ្នកដែលស្រឡាញ់ប្រទេសជាតិដោយពិតប្រាកដ ខណៈអ្នកទាំងនោះគ្មានសិទ្ធិអំណាចក្នុងការប្រគល់ទឹកដីទៅឱ្យបរទេសតាមការចោទប្រកាន់របស់រដ្ឋាភិបាលផងនោះ។
លោកថា មានតែរដ្ឋាភិបាលទៅវិញទេដែលមានសិទ្ធិអំណាចផ្ដាច់មុខក្នុងការចុះកិច្ចព្រមព្រៀងជាមួយបរទេសជិតខាងដោយរំលោភលើព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រដែលជាព្រះប្រមុខរដ្ឋ និងរំលោភរដ្ឋធម្មនុញ្ញ ដូចជា ការចុះកិច្ចព្រមព្រៀងក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ ជាដើម ដូច្នេះទង្វើក្បត់ជាតិបានស្តែងចេញតាមរយៈសកម្មភាពរបស់រដ្ឋាភិបាលខ្លួនឯង។
អ្នកឃ្លាំមើលសង្គមរូបនេះបញ្ជាក់ថា កម្ពុជាបានប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្សក្រោមការផ្ដួចផ្ដើមរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីឱ្យកម្ពុជាលុបបំបាត់នូវរបបដឹកនាំតាមបែបកុម្មុយនីស្តផ្ដាច់ការ ប៉ុន្តែការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាង ៤០ឆ្នាំមកនេះ បានទាញប្រទេសកម្ពុជាឱ្យរអិលខ្លួនធ្លាក់ទៅរកការដឹកនាំតាមរបៀបផ្ដាច់ការទៅវិញ។
លោក ស៊ឹង សែនករុណា គូសបញ្ជាក់ថា ពលរដ្ឋខ្មែរមិនចង់បានរបបកុម្មុយនីស្តសម្រាប់ដឹកនាំកម្ពុជាទេ គឺចង់បានការដឹកនាំតាមបែបប្រជាធិបតេយ្យ ដូច្នេះទោះមានការបង្ក្រាបយ៉ាងណា ក៏ពលរដ្ឋនៅតែចិញ្ចឹមចិត្តផ្លាស់ប្ដូរការដឹកនាំមួយដែលកំពុងគាបសង្កត់ពួកគាត់ដែរ ទោះរបបនោះគាបសង្កត់ពលរដ្ឋដូចរបប ប៉ុល ពត ក៏ដោយ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកំពុងចាត់វិធានការគ្រប់រូបភាព និងតាមបង្ក្រាបអ្នកបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណតាមគ្រប់វិធីសាស្ត្រ រហូតឈានដល់ការចាប់ឃុំខ្លួនអ្នកប្រឆាំងទាំងនោះដាក់គុកជាបន្តបន្ទាប់នៅពេលនេះ។
តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរៀ លោក តាក់ ម៉េង ហ៊ាង លើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា រដ្ឋាភិបាលអូស្ត្រាលីបានកត់សម្គាល់ពីទង្វើរបស់រដ្ឋាភិបាលកម្ពុជាដែលលូកដៃចូលក្នុងកិច្ចការរបស់ប្រទេសអូស្ត្រាលី ជុំវិញការសម្ដែងមតិរបស់ពលរដ្ឋខ្មែរ-អូស្ត្រាលី ដែលតវ៉ាជុំវិញគម្រោងអភិវឌ្ឍន៍ត្រីកោណនេះ។
លោក តាក់ ម៉េង ហ៊ាង លើកឡើងថា ទោះមានការគំរាមឆ្លងដែនរបស់រដ្ឋាភិបាលកម្ពុជាលើពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីអូស្ត្រាលី ក៏ដោយ ក៏មិនបានធ្វើឱ្យពួកគេខ្លាចញញើត ឬរាថយដែរតែផ្ទុយទៅវិញ គឺបង្ហាញឱ្យឃើញនូវទង្វើដ៏អាម៉ាស់របស់រដ្ឋាភិបាលកម្ពុជាទៅវិញតែប៉ុណ្ណោះ។
តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែររូបនេះបញ្ជាក់ថា អ្នកគាំទ្ររដ្ឋាភិបាលកម្ពុជា ឬជាសមាជិករបស់បក្សប្រជាជនកម្ពុជាដែលកំពុងរស់នៅលើទឹកដីអូស្ត្រាលី សព្វថ្ងៃនេះ កំពុងជួបការលំបាកក្នុងការធ្វើសកម្មភាព ដោយសាររដ្ឋាភិបាលទីក្រុងភ្នំពេញបើកការគាបសង្កត់ ឬគំរាមកំហែងពលរដ្ឋខ្មែរដែលមាននិន្នាការផ្សេង ហើយអាជ្ញាធរអូស្ត្រាលី បានតាមដាន និងត្រួតពិនិត្យសកម្មភាពរបស់សមាជិកបក្សប្រជាជនកម្ពុជាយ៉ាងតឹងរ៉ឹង។
អង្គការ Freedom House បានចេញរបាយការណ៍របស់ខ្លួនកាលពីដើមខែសីហា ឆ្នាំ២០២៤ នេះថា ឆ្នាំ២០២៤ នេះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងចំណោមប្រទេសទាំង១១ ក្នុងតំបន់អាស៊ាន ជាប្រទេសល្បីល្បាញខាងគាបសង្កត់សេរីភាពនយោបាយ សេរីភាពបញ្ចេញមតិ សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងបំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕