31 C
Phnom Penh

អ្នក​តាមដាន​ថា​កិច្ចព្រមព្រៀង CLV ដាក់​ខេត្ត​ខ្មែរ​បួន ជា​ការ​សម្រេច​ដោយ​បុគ្គល មិនមែន​បក្ស​ឬ​រដ្ឋសភា​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ លើកឡើង​ថា ការ​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ទាំង​៤ ចូល​ទៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ គឺជា​ការ​សម្រេច​ដោយ​ឯកច្ឆន្ទ​របស់​លោក ហ៊ុន សែន មិនមែន​ជា​ការ​សម្រេច​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ចេញពី​រដ្ឋសភា ឬ​ចេញពី​ព្រះមហាក្សត្រ​នោះ​ទេ។

ប្រធាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) លោក ប៉ា ងួនទៀង លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ សីហា ថា ចាប់តាំងពី​ឆ្នាំ​១៩៩៩ ដែល​លោក ហ៊ុន សែន បាន​សម្រេច​ដាក់​ទឹកដី​ខ្មែរ​នៅ​ភាគ​ឦសាន​តាម​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ត្រីកោណ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​យក​ការ​សម្រេច​នេះ​មក​ធ្វើ​ជា​គោលនយោបាយ​សម្រាប់​ឃោសនា​នៅ​ពេល​បោះឆ្នោត ដើម្បី​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ​ម្តង​ណា​ឡើយ។

លោក​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ដាក់​បញ្ចូល​ការ​អភិវឌ្ឍ​ខេត្ត​ខ្មែរ​ទាំង​៤ តាម​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ត្រីកោណ​ជា​គោលនយោបាយ​របស់​ខ្លួន​បែប​នេះ គឺជា​ភស្តុតាង​បង្ហាញ​យ៉ាង​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​សម្រេច​ដាក់​ខេត្ត​ទាំងនោះ​ចូល​ក្នុង​តំបន់​នេះ​ទេ ប៉ុន្តែ​នេះ​គឺជា​សេចក្តី​សម្រេច​របស់​លោក ហ៊ុន សែន ម្នាក់​ឯង​ប៉ុណ្ណោះ។

លោក ប៉ា ងួនទៀង លើកឡើង​ថា កិច្ចព្រមព្រៀង​រវាង​កម្ពុជា ឡាវ និង​វៀតណាម ក្នុង​តំបន់​ត្រីកោណ​នេះ មិនមែន​ជា​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​រវាង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ពី​ខាង​ប្រទេស​កម្ពុជា​និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ពី​ខាង​ប្រទេស​វៀតណាម ឬ​ឡាវ ទេ គឺជា​កិច្ចព្រមព្រៀង​រវាង​ប្រទេស និង​ប្រទេស។

លោក​បន្ត​ថា ក្នុង​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​រវាង​ប្រទេស និង​ប្រទេស​បែប​នេះ គេ​ហៅថា​សន្ធិសញ្ញា​ដែល​ត្រូវការ​សម្រេច​ពី​រដ្ឋសភា និង​សម្រេច​ជា​ផ្លូវការ​ដោយ​មាន​ការ​ឡាយព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ ប៉ុន្តែ​សន្ធិសញ្ញា​នេះ​មាន​តែ​ហត្ថលេខា​របស់​លោក ហ៊ុន សែន តែ​ម្នាក់​ឯង​ប៉ុណ្ណោះ ដូច្នេះ​មាន​ន័យ​ថា សន្ធិសញ្ញា​នេះ​គ្មាន​ការ​ទទួលស្គាល់​ពី​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ការ​ទទួលស្គាល់​ពី​រដ្ឋសភា ហើយ​ក៏​គ្មាន​ការ​ទទួលស្គាល់​ពី​ព្រះមហាក្សត្រ​ដែរ។

ប្រធាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​រូប​នេះ​បញ្ជាក់​ថា ការ​ចូល​លុយ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលនិធិ​កសាង​ព្រំដែន និង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ត្រីកោណ មាន​គោលដៅ​ដូច​គ្នា គឺ​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខេត្ត​ទាំង​៤ មក​វិញ ដើម្បី​អភិវឌ្ឍ​ដោយ​ខ្លួនឯង មិនមែន​ឱ្យ​បន្ត​សហការ​ជាមួយ​វៀតណាម ទៀត​ទេ។ លោក​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​បារម្ភ​ពី​ការ​ឈ្លានពាន​របស់​វៀតណាម គ្រប់​វិធី ទាំង​សេដ្ឋកិច្ច នយោបាយ និង​កងទ័ព។

លោក ប៉ា ងួនទៀង គូស​បញ្ជាក់​ថា ដោយសារតែ​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដឹង​ពី​ការ​ឈ្លានពាន​របស់​បរទេស​លើ​ទឹកដី​កម្ពុជា ទើប​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​នេះ​កំណត់​យ៉ាង​ច្បាស់​ពី​ការ​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា ដើម្បី​លុបបំបាត់​ការ​ឈ្លានពាន​បន្ត​ទៀត។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី​នេះ​ដែរ​ថា ដោយសារតែ​លោក ហ៊ុន សែន ត្រូវការ​ឱ្យ​វៀតណាម ជួយ​គាំទ្រ និង​ជ្រោមជ្រែង​លោក ហ៊ុន ម៉ាណែត ឱ្យ​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​បំណង​កាន់កាប់​អំណាច​បន្ត​ទៀត ទើប​គាត់​យល់ព្រម​តាម​ផែនការ​វៀតណាម បន្ត​ដាក់​ទឹកដី​ខ្មែរ​នៅ​ភូមិភាគ​ឦសាន​ក្នុង​គម្រោង​នេះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ផែនការ​របស់​វៀតណាម គឺ​តម្រូវ​ឱ្យ​លោក ហ៊ុន សែន ដាក់​ប្រទេស​កម្ពុជា​ទាំងមូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ដើម្បី​ប្រែ​ក្លាយ​ប្រទេស​ទាំង​បី​ទៅ​ជា​ប្រទេស​ឥណ្ឌូចិន ប៉ុន្តែ​ដើម្បី​ចៀសវាង​ប្រតិកម្ម​របស់​ពលរដ្ឋ លោក ហ៊ុន សែន មាន​តែ​ប្រើ​ឧបាយកល​ដាក់​ម្តង​មួយ​ខេត្តៗ រហូត​ចុងក្រោយ គឺ​ដាក់​ប្រទេស​ទាំងមូល​តាម​បំណង​របស់​វៀតណាម តែម្តង។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ការពារ​ទឹកដី​កម្ពុជា​ពី​ការ​ឈ្លានពាន​របស់​វៀតណាម គឺ​ត្រូវ​ដក​ខេត្ត​ទាំងអស់​របស់​ខ្មែរ​ចេញពី​តំបន់​ត្រីកោណ​ជាបន្ទាន់ និង​ដក​យក​ដី​សម្បទាន​ពី​ក្រុមហ៊ុន​វៀតណាម មក​វិញ​ទាំងអស់។ ជាង​នេះ​ទៀត ក៏​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​បញ្ជូន​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា ទៅ​ប្រទេស​វៀតណាម វិញ​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា (CAT) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​ជុំវិញ​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កាលពី​ថ្ងៃទី​២៦ សីហា ថា ការ​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ទាំង​៤ ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម របស់​លោក ហ៊ុន សែន គឺជា​អំពើ​ក្បត់​ជាតិ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក​មួយ​ជីវិត។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា បញ្ជាក់​ថា គ្រប់​កិច្ចព្រមព្រៀង​ទាំងអស់​ជុំវិញ​គម្រោង CLV នេះ សុទ្ធសឹងតែ​លក្ខខណ្ឌ​ដែល​កម្ពុជា​ត្រូវ​ប្រគល់​ដែនដី​របស់​ខ្លួន​ឱ្យ​បរទេស​គ្រប់គ្រង។

យោង​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល​គ្មាន​សិទ្ធិ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​អន្តរជាតិ​ដាច់ខាត ព្រោះ​រដ្ឋាភិបាល​គ្រាន់តែ​ជា​អង្គការ​នីតិប្បញ្ញត្តិ​ដែល​ត្រូវ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ផ្សេងៗ​របស់​កម្ពុជា​ប៉ុណ្ណោះ ខណៈ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ផ្សេងៗ​របស់​កម្ពុជា មិន​បាន​ចែង ឬ​កំណត់​ឱ្យ​នាយករដ្ឋមន្ត្រី​សម្រេច​ដាក់​ទឹកដី​របស់​ខ្លួន​ទាំងមូល ឬ​ផ្នែក​ណា​មួយ​ជាមួយ​ប្រទេស​ជិតខាង ដើម្បី​អភិវឌ្ឍ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ដែល​នាំ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​នោះ​ឡើយ។

ទោះជា​មាន​ការ​យល់​ឃើញ​ថា កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​មាន​ការ​យល់ព្រម យល់ស្រប ឬ​មិន​យល់ព្រម មិន​យល់ស្រប​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សភា​ជាតិ ឬ​ដោយ​ព្រះមហាក្សត្រ​ក៏ដោយ លោក ហ៊ុន សែន សម្រេច​តែ​ម្នាក់​ឯង​ក៏​បាន​ដែរ ពីព្រោះ​លោក​ជា​ប្រមុខ​បក្ស ប្រមុខ​រាជរដ្ឋាភិបាល​ផ្ដាច់មុខ។

ក្នុង​រយៈកាល​ប្រមាណ ៤​ទសវត្ស​នេះ ពលរដ្ឋ​ខ្មែរ​មិន​ដែល​ឃើញ​កម្មាភិបាល​ជាន់ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា សមាជិក​សភា​បក្ស​កាន់​អំណាច ព្រះមហាក្សត្រ​ចេញ​ព្រះភក្ត្រ ចេញ​មុខ​សម្ដែង​ការ​ជំទាស់​នឹង​គោលនយោបាយ​របស់​លោក ហ៊ុន សែន ជា​សាធារណៈ​ក្នុង​រឿង​អ្វី​មួយ​សោះ​ឡើយ ពោល​គឺ​ស្រប​តាម​ដោយ​ឥត​ប្រកែក​តវ៉ា។

ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ច្បាប់​គេ​ចាត់ទុក​ប្រទេស​កម្ពុជា ជា​ប្រទេស​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​ដោយ​បុគ្គល ពីព្រោះ​សេចក្តី​សម្រេច​ពី​បុគ្គល​ជា​មេ​បក្ស​កាន់​អំណាច រដ្ឋាភិបាល​ចាំ​តែ​អនុវត្ត​សេចក្តី​សម្រេច​នោះ​ប៉ុណ្ណោះ ហើយ​ស្ថាប័ន​សភា​ជាតិ​ទាំង​ពីរ ស្ថាប័ន​ព្រះមហាក្សត្រ គ្រាន់តែ​ជា​និមិត្តរូប ជា​សម្បក​ក្រៅ​ឧបកិច្ច​បង្គ្រប់​កិច្ច​ចំណុះ​បក្ស និង​រដ្ឋាភិបាល រីឯ​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ស្ថាប័ន​តុលាការ ចាំ​សម្រេច​តាម​បំណង​មេដឹកនាំ​បក្ស និង​រដ្ឋាភិបាល ព្រមទាំង​ដោះស្រាយ​ជម្លោះ​ប្រជាជន​រឿង​តូចតាច មិនមែន​រឿង​គោលការណ៍​នយោបាយ​ជាតិ​ធំៗ​នោះ​ឡើយ។ ប្រព័ន្ធ​គ្រប់គ្រង​បែប​នេះ ភាសា​អង់គ្លេស​ហៅថា Totalitarianism៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស