រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ពិភពលោកធ្លាក់ក្នុងវិបត្តិជាថ្មីម្ដងទៀត។ ចិន និងរុស្ស៊ី ជាមហាអំណាចដែលត្រូវមើលឃើញថាជាខ្នងបង្អែកដ៏ខ្លាំងរបស់ប្រទេសដែលមានមេដឹកនាំផ្ដាច់ការ។ ប្រទេសពីរនេះព្យាយាមពង្រីកឥទ្ធិពល ដើម្បីទប់ទល់ពួកបស្ចិមប្រទេសដែលជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ។
ក្នុងស្ថានភាពនេះ ចិន និងរុស្ស៊ី ទោះជាប្រែប្រួលការដឹកនាំទៅរកទីផ្សារសេរី និងគោលការណ៍ការដឹកនាំបង្កលក្ខណៈឱ្យប្រជាជនជ្រើសរើសយកផ្លូវដើម្បីជីវភាពរបស់ខ្លួនក៏ដោយ ក៏នៅតែប្រើប្រាស់មធ្យោបាយដែលគេហៅថាបង្ក្រាបដើម្បីពង្រឹងអំណាច ហើយធ្វើអនុត្តរភាពទៅលើប្រទេសដទៃ ដើម្បីទាញផលប្រយោជន៍ពីប្រទេសនោះឱ្យនៅក្នុងប៉ូលរបស់ខ្លួន ដែលគេថាជាការទាញឱ្យឆ្ងាយចេញពីសម្ព័ន្ធភាពកម្លាំងប្រជាធិបតេយ្យបស្ចិមប្រទេស។
ប្រទេសដែលងើបឡើងពីរបបសក្ដិភូមិ រាជានិយមផ្ដាច់ការទៅរបបកុម្មុយនីស្ត។ តែពេលនេះ របបដឹកនាំប្រទេសទាំងនោះបានទៅរករបបផ្ដាច់ការនិយមគ្រួសារនិយម គឺដូចនឹងរបបរាជាផ្ដាច់ការ និងសក្ដិភូមិទៅវិញ។
ចិន និងរុស្ស៊ី ទោះជាប្រកាន់យករបបដឹកនាំខុសគ្នា តែគំនិតគឺបង្កើតរបបដឹកនាំបែបផ្ដាច់ការដូចគ្នា។ រុស្ស៊ី ពេលនេះ ផ្ដាច់ការយ៉ាងខ្លាំងនៅក្រោមការដឹកនាំរបស់បុរសខ្លាំង វ៉្លាឌីមៀ ពូទីន។ មេដឹកនាំផ្ដាច់ការនៃប្រទេសមហាអំណាចមួយនេះ វាយបំបាក់គូប្រជែងទាំងអស់ដោយស្រវាឱបអំណាចយោធាណែនក្នុងដៃ។
ប្រទេសជាច្រើនទៀតនៅក្នុងតំបន់ផ្សេងៗគ្នាដែលធ្លាក់ក្នុងកណ្ដាប់ដៃរបស់មេដឹកនាំផ្ដាច់ការ មេដឹកនាំយោធានិយម កំពុងតែវាយបង្ក្រាបប្រព័ន្ធប្រជាធិបតេយ្យដែលទើបលូតលាស់។ ការវាយបង្ក្រាបរបស់មេដឹកនាំផ្ដាច់ការទាំងនោះ គឺគ្មានអ្វីខុសពីលោក ពូទីន ចាប់ដាក់គុកមេបក្សប្រឆាំងស្ទើរទាំងអស់នៅមុនការបោះឆ្នោតរហូតមេបក្សប្រឆាំងខ្លះស្លាប់ក្នុងគុក។
ទង្វើរបស់មេដឹកនាំផ្ដាច់ការនៅបណ្ដាប្រទេសទាំងនោះ ឥឡូវនេះកំពុងតែជះក្លិនអាក្រក់លើប្រព័ន្ធដឹកនាំរបស់ខ្លួនកាន់តែខ្លាំងឡើងៗ។ ចុងក្រោយនេះ គេកត់សម្គាល់ឃើញថា ប្រទេសធំបីនៅតំបន់អាស៊ីខាងត្បូង ដែលមេដឹកនាំព្យាយាមពង្រឹងអំណាចផ្ដាច់ការ ហើយព្យាយាមធ្វើឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ត្រូវបានប្រជាជនរួមនឹងកម្លាំងអ្នកនយោបាយបក្សប្រឆាំង វាយបំបាក់។ ប្រទេសបីនេះមានបង់ក្លាដេស ស្រីលង្កា និងប៉ាគីស្ថាន។
នាយករដ្ឋមន្ត្រីប្រទេសបង់ក្លាដេស អ្នកស្រី សេកហា ស៊ីណា ត្រូវបានបាតុករទាញទម្លាក់ពីអំណាចកាលពីពេលថ្មីៗនេះ។ ស្ត្រីនាយករដ្ឋមន្ត្រីរូបនេះចាប់ផ្ដើមពង្រឹងអំណាចផ្ដាច់ការរបស់ខ្លួនរយៈពេល ១០ឆ្នាំចុងក្រោយនេះ ជាមួយនឹងការវាយបង្ក្រាបសកម្មជនសង្គម បង្ក្រាបបក្សប្រឆាំងដោយចាប់ដាក់គុករាប់រយនាក់។ អ្នកស្រី សេកហា ស៊ីណា ដែលត្រូវបានប្រជាជនផ្ដួលរំលំពីអំណាច បានព្យាយាមទាញប្រទេសទៅរកចិន យ៉ាងខ្លាំងនៅក្រោមប្រាក់បំណុលរាប់ពាន់លានដុល្លារ។
ប្រទេសពីរទៀតក៏ស្ថិតក្នុងតំបន់អាស៊ីខាងត្បូងផងដែរ គឺប្រទេសស្រីលង្កា និងប៉ាគីស្ថាន។ ប្រទេសពីរនេះ មេដឹកនាំរបស់ពួកគេសុទ្ធតែមាននិន្នាការដឹកនាំទៅរកចិន និងរុស្ស៊ី ជាពិសេសទៅរកចិន។ ប្រទេសស្រីលង្កា ធ្លាក់ក្នុងការគ្រប់គ្រងគ្រួសារនិយមជាង ២០ឆ្នាំ គឺគ្រួសាររបស់ត្រកូល ម៉ាហិនដា។
ម៉ាហិនដា រ៉ាយ៉ាប៉ាសេក និងប្អូនប្រុស ម៉ាហិនដា ហ្កូតាបាយ៉ា កាន់អំណាចពីបងទៅប្អូន ហើយការដឹកនាំរបស់ពួកគាត់ គឺរបៀបចងប្រព័ន្ធគ្រួសារនិយម បក្សពួកនិយម។ អំណាចផ្ដាច់ការនៅស្រីលង្កា ត្រូវបានប្រជាជនផ្ដួលរំលំតាមរយៈសន្លឹកឆ្នោតរបស់ប្រជាជន ប៉ុន្តែចុងក្រោយ ត្រកូល ម៉ាហិនដា រត់ចោលប្រទេស និងត្រូវបានបញ្ឈប់ការកាន់អំណាចក្នុងប្រទេសនៅក្រោមកម្លាំងសាមគ្គីគ្នារបស់ប្រជាជន។
ប្រជាជនស្រីលង្កា ក៏ងើបឡើងបះបោរដូចនឹងបង់ក្លាដេស ផងដែរកាលពីឆ្នាំ២០២២ ហើយទាញទម្លាក់អំណាចរបស់ត្រកូល ម៉ាហិនដា ពីអំណាច ប៉ុន្តែការបះបោរនៃប្រជាជនស្រីលង្កា ពេលនោះ គឺព្រោះតែវិបត្តិសេដ្ឋកិច្ច។ វិបត្តិសេដ្ឋកិច្ចកើតចេញពីបំណុលរាប់ពាន់លានដុល្លារ ហើយម្ចាស់បំណុលគឺប្រទេសចិន។ ប្រជាជនងើបឡើងទម្លាក់ត្រកូល ម៉ាហិនដា ដោយសារតែការដឹកនាំរបស់គ្រួសារមួយនេះពោរពេញទៅដោយអំពើពុករលួយ។
ចំណែកឯប្រទេសប៉ាគីស្ថាន វិញ នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះលោក អ៊ីមរ៉ន ខាន់ ដែលមាននិន្នាការជ្រុលទៅរកចិន រហូតដល់អនុញ្ញាតឱ្យចិន មានមូលដ្ឋានទ័ពលើទឹកដីរបស់ខ្លួន ក៏ត្រូវបានប្រជាជន និងកម្លាំងបក្សនយោបាយប្រឆាំងទាញទម្លាក់ពីអំណាច។ នៅពេលដែលប្រជាជនធ្លាក់ប្រាក់ចំណូលប្រចាំគ្រួសារ បែរជារដ្ឋាភិបាលលោក អ៊ីមរ៉ន ខាន់ ដំឡើងពន្ធស្ទើរសព្វសារពើទាំងអស់ ជាពិសេសការដំឡើងថ្លៃសេវាកម្មអគ្គិសនីនៅទូទាំងប្រទេស ដែលនាំឱ្យប្រជាជនបះបោរ ហើយទីបំផុត អ្នកនយោបាយបក្សប្រឆាំងបានរួមកម្លាំងគ្នាយ៉ាងខ្លាំងនៅក្នុងសភាទាញទម្លាក់លោក អ៊ីមរ៉ន ខាន់ ពីអំណាចនាយករដ្ឋមន្ត្រីនៅខែមេសា ឆ្នាំ២០២២។
ទាំងប្រទេសប៉ាគីស្ថាន ទាំងស្រីលង្កា និងបង់ក្លាដេស សុទ្ធតែប្រកាន់គោលនយោបាយពហុបក្ស ប៉ុន្តែរចនាសម្ព័ន្ធដឹកនាំប្រទេស គឺគ្រួសារនិយម បក្ខពួកនិយម។
ចំណែកឯប្រទេសវេណេហ្ស៊ុយអេឡា នៅអាមេរិកខាងត្បូង ប្រជាជនប្រទេសនេះរាប់លាននាក់កំពុងតែធ្វើបាតុកម្មទម្លាក់មេដឹកនាំផ្ដាច់ការរបស់ខ្លួន ដែលមាននិន្នាការទៅរកចិន និងរុស្ស៊ី ពីអំណាច គឺលោកប្រធានាធិបតី នីកូឡាស ម៉ាឌុយរ៉ូ។
ប្រទេសជាច្រើន មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាកម្លាំងអ្នកប្រជាធិបតេយ្យដ៏ធំនៅលើពិភពលោក ប្រកាសមិនទទួលស្គាល់ប្រធានាធិបតី ម៉ាឌុយរ៉ូ ជាដាច់ខាតនៅវេណេហ្ស៊ុយអេឡា ហើយមូលហេតុ គឺព្រោះតែលោក ម៉ាឌុយរ៉ូ ចាញ់ឆ្នោត បែរជាប្រកាសខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោត។
ប្រជាជនចេញធ្វើបាតុកម្មជារៀងរាល់ថ្ងៃរាប់ម៉ឺនរាប់សែននាក់ ប៉ុន្តែការវាយបង្ក្រាបសម្លាប់ក៏មានរៀងរាល់ថ្ងៃដែរ។ បាតុកររាប់ពាន់នាក់ត្រូវបានចាប់ខ្លួន។ តែយ៉ាងណា ប្រជាជនវេណេហ្ស៊ុយអេឡា និងមេដឹកនាំបក្សប្រឆាំងនៃប្រទេសនេះ សច្ចារួមគ្នាថាធ្វើបាតុកម្មប្រឆាំងនឹងរបបលោក ម៉ាឌុយរ៉ូ រហូតដល់ជនផ្ដាច់ការនេះធ្លាក់ពីអំណាច។
ជុំវិញស្ថានភាពនេះ ពិភពលោកកំពុងសម្លឹងមើលចុងក្រោយថាតើលោក ម៉ាឌុយរ៉ូ អាចការពារអំណាចរបស់ខ្លួនបានដល់ណាទៀត។ បើរបបផ្ដាច់ការនៅវេណេហ្ស៊ុយអេឡា ត្រូវបានផ្ដួលរំលំដូចស្រីលង្កា បង់ក្លាដេស និងប៉ាគីស្ថាន នោះមានន័យថាមហាអំណាចពីរនេះ រុស្ស៊ី និងចិន បន្តជ្រុះបាត់កម្លាំងជួយជ្រោមជ្រែងប្រព័ន្ធផ្ដាច់ការរបស់ខ្លួននៅលើពិភពលោក៕