សកម្មជនខ្មែរក្នុងទីក្រុងឡងប៊ិច ចោទជាសំណួរទៅកាន់រដ្ឋាភិបាលកម្ពុជាថា តើហ៊ានដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ CLV-DTA ទេ ប្រសិនបើពលរដ្ឋខ្មែរនៅក្រៅស្រុកបង្កើតមូលនិធិម្នាក់ ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយរដ្ឋាភិបាលដើម្បីអភិវឌ្ឍខេត្តខ្មែរទាំង៤ ក្នុងតំបន់ត្រីកោណ។
សកម្មជនខ្មែរក្នុងទីក្រុងឡងប៊ិច លោក មួង ណារ៉េត បានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៥ កញ្ញា ថា ការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច ដែលចោទពលរដ្ឋខ្មែរនៅក្រៅស្រុកជុំវិញការប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណថាជាមនុស្សឥតមារយាទ រហូតមានបំណងបិទសិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋខ្មែរដែលមានសញ្ជាតិពីរ គឺជាគំនិតប្រាសចាកពីការដឹកនាំតាមបែបប្រជាធិបតេយ្យ។
លោក មួង ណារ៉េត លើកឡើងថា កម្ពុជាប្រកាន់យករបបដឹកនាំតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែការលើកឡើងរបស់លោក សុខ ទូច គឺជាការបង្ហាញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជារបបដឹកនាំមិនមែនប្រជាធិបតេយ្យទៅវិញ ដែលមានន័យថា ជារបបដឹកនាំដោយបក្ខពួក សែស្រឡាយ តាមបែបកុម្មុយនីស្តផ្ដាច់ការ។
លោក មួង ណារ៉េត អះអាងថា គំនិតរបស់លោក សុខ ទូច គឺជាការបង្ហាញពីកម្សោយនៃការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ដែលមិនហ៊ានបើកទូលាយឲ្យមានការប្រកួតប្រជែងជាមួយបញ្ញវន្តខ្មែរដែលមានចំណេះដឹងប៉ុណ្ណោះ។
លោកថា ពលរដ្ឋខ្មែរនៅក្រៅស្រុកសុទ្ធសឹងតែជាមនុស្សដែលទទួលបានការអប់រំទូលំទូលាយ ដូច្នេះពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយបក្សកាន់អំណាចដោយស្មើភាព ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការដឹកនាំប្រទេសឱ្យរីកចម្រើន។
លោក មួង ណារ៉េត បញ្ជាក់ថា លោកដឹងហើយថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា នៅតែខ្លាចមេដឹកនាំបក្សប្រឆាំងដែលមានសញ្ជាតិពីរ ព្រោះរដ្ឋាភិបាលបក្សកាន់អំណាចសព្វថ្ងៃនេះដឹកនាំទៅរកតែភាពអន់ថយដូចរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដូច្នេះហើយបានជាពួកគេមិនហ៊ានបើកឱ្យមានការប្រកួតប្រជែងដោយចំហនោះទេ។
លោកបញ្ជាក់ថា សម្រាប់អ្នកនយោបាយដែលមានសញ្ជាតិមួយ គឺងាយរងគ្រោះពីការចាប់ចងរបស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះខ្លាំងណាស់ នៅពេលដែលពួកគេដឹងថាខ្លួនឯងមិនយកឈ្នះគូប្រជែងតាមវិធីត្រឹមត្រូវបាន ជាក់ស្តែងដូចជាការចាប់ខ្លួនលោក កឹម សុខា ជាដើម។
កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច លើកឡើងថា ពលរដ្ឋខ្មែរនៅក្រៅស្រុកមិនយល់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTAនោះទេ ទើបពួកគេនាំគ្នាប្រឆាំងនឹងរដ្ឋាភិបាលតាមការបញ្ឆេះរបស់វៀតណាម។
លោកបន្តថា ឱ្យតែបរទេសឱ្យលុយ ឱ្យអំណាច ឱ្យវីសា ពួកគេចាប់ផ្តើមឈ្លោះជាមួយជនជាតិខ្លួនឯងភ្លាម ដែលនេះគឺជាទម្លាប់អាក្រក់របស់អ្នកដែលបានទៅរស់នៅក្រៅស្រុកកន្លងមក។
បណ្ឌិត សុខ ទូច ស្នើឱ្យរដ្ឋសភាជាតិផ្ដួចផ្ដើមគំនិតរៀបចំច្បាប់ហាមឃាត់អ្នកនយោបាយដែលមានសញ្ជាតិពីរ កុំឱ្យធ្វើនយោបាយនៅកម្ពុជាបន្តទៀត ព្រោះអ្នកនយោបាយមានសញ្ជាតិពីរ តែងធ្វើឱ្យរលាយប្រទេសជាតិ៕