29 C
Phnom Penh

យុវជន​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ប្រកាស​ធ្វើ​បាតុកម្ម​អំឡុង​ពេល​លោក ហ៊ុន សែន មាន​វត្តមាន​នៅ​ទីនោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​បាតុកម្ម​អំឡុង​ពេល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន មាន​វត្តមាន​ក្នុង​ប្រទេស​នេះ ដើម្បី​បង្ហាញ​ទៅ​លោក ហ៊ុន សែន និង​ពិភពលោក​ថា ពលករ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង មិន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA) ដាច់ខាត។

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង លោក មាស ពិសាល បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​០៩ ខែ​កញ្ញា ថា លោក ហ៊ុន សែន គឺជា​កូនសោ​គន្លឹះ​តែ​មួយ​គត់​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ជាមួយ​វៀតណាម តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ។

លោក​អះអាង​ថា សព្វថ្ងៃ​នេះ​ពិត​មែន​តែ​លោក ហ៊ុន សែន មិនមែន​ជា​នាយករដ្ឋមន្ត្រី​ដែល​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ប៉ុន្តែ​ការ​សម្រេច​របស់​គាត់​គ្រប់​បែប​យ៉ាង គឺ​នៅតែ​ជា​នាយករដ្ឋមន្ត្រី​ដដែល។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ក៏​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ចុះហត្ថលេខា​ដាក់​ខេត្ត​ទាំង​៤​របស់​ខ្មែរ ចូល​ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ជាមួយ​ឡាវ និង​វៀតណាម ចាប់តាំងពី​ឆ្នាំ​១៩៩៩ មក។

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​រូប​នេះ​អះអាង​ថា ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េខាងត្បូង របស់​លោក ហ៊ុន សែន យ៉ាង​តក់ក្រហល់​នៅ​ពេលនេះ ទំនង​ជា​ខ្លាច​ការ​ធ្វើ​បាតុកម្ម​របស់​ពលករ​ខ្មែរ​នៅ​កូរ៉េ ដែរ ព្រោះ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ជូនដំណឹង​ពី​ដំណើរ​របស់​គាត់​ទៅ​កាន់​ប្រទេស​កូរ៉េ ត្រឹម​តែ​មួយ​ថ្ងៃ​មុន​ការ​ចេញ​ដំណើរ​របស់​គាត់​ប៉ុណ្ណោះ ដែល​ការ​ជូនដំណឹង​នេះ​ធ្វើឡើង​ខុស​ពី​សព្វមួយដង ដែល​ជូនដំណឹង​មុន​រហូត​ដល់​ទៅ ១​អាទិត្យ ឬ​ពីរ​អាទិត្យ​មុន​នឹង​គាត់​ចេញ​ទៅ​បរទេស​ម្តងៗ។

លោក​ថា តាម​ច្បាប់​នៅ​ប្រទេស​កូរ៉េ មុន​នឹង​ធ្វើ​បាតុកម្ម គឺ​ត្រូវ​ជូនដំណឹង​ទៅ​អាជ្ញាធរ​កូរ៉េ ១​សប្តាហ៍​មុន ប៉ុន្តែ​ដោយសារ​ពេលវេលា​ខ្លី គឺ​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់។ ជាង​នេះ​ទៀត វត្តមាន​របស់​លោក ហ៊ុន សែន នៅ​ប្រទេស​កូរ៉េ ម្តង​នេះ គឺ​ចំ​ថ្ងៃ​ធ្វើការ​របស់​ពលករ​ខ្មែរ​ថែម​ទៀត ដូច្នេះ​លោក​មិន​ដឹង​ថា​តើ​ពលករ​ដែល​ចង់​ចូលរួម​ធ្វើ​បាតុកម្ម​នេះ អាច​មក​បាន​ប៉ុន្មាន​នាក់​នោះ​ទេ ដោយសារតែ​ពួកគេ​ជាប់​រវល់​ធ្វើ​ការងារ។

លោក មាស ពិសាល បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នៅ​ពេលនេះ គ្រោង​ធ្វើឡើង​នៅ​ទីក្រុង​សេអ៊ូល ព្រោះ​ជា​ទីក្រុង​ដែល​លោក ហ៊ុន សែន មាន​វត្តមាន​ចូល​កម្មវិធី​នានា ខណៈ​ទីក្រុង​ខ្វាងជូ នឹង​ត្រូវ​ត្រៀម​ទុក​ធ្វើ​បាតុកម្ម​ធំ​ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ៥​ម៉ឺន​នាក់​នា​ពេល​ខាងមុខ​នេះ។

កាល​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ចូលរួម​ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​លើក​ទី​២៥ និង​ដើម្បី​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «ភាព​ជា​អ្នក​ដឹកនាំ និង​ការ​កសាង​សន្តិភាព» ផង​ដែរ ដែល​គាត់​នឹង​មាន​វត្តមាន​នៅ​ប្រទេស​កូរ៉េ រយៈពេល ៥​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​៩ រហូត​ដល់​ថ្ងៃទី​១៣ ខែ​កញ្ញា ក្នុង​សប្តាហ៍​នេះ។

កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៤ បាតុករ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រមាណ​ជា ៣​ម៉ឺន​នាក់ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ម្តង​រួច​មក​ហើយ ដើម្បី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​មួយ​នេះ​ជាបន្ទាន់ ដោយសារ​ពួកគេ​បារម្ភ​ពី​ការ​បាត់បង់​ខេត្ត​ទាំង​បួន​របស់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​អនាគត ដូច​ដែល​កម្ពុជា​ធ្លាប់​បាន​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ​រួច​ទៅ​ហើយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស