មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចោទមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ថាបានប្រឌិតមួលបង្កាច់ដោយទុច្ចរិត ដើម្បីចោទប្រកាន់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ពីបទសន្ទិដ្ឋិភាព ឬអំពើក្បត់ជាតិ។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ការចោទប្រកាន់លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព ឬអំពើក្បត់ជាតិ ដោយចោទភ្ជាប់ជាមួយសហរដ្ឋអាមេរិក ថាជាមេគំនិតនៅពីក្រោយ គឺជាការប្រឌិត និងការមួលបង្កាច់ដោយទុច្ចរិតពីសំណាក់អ្នកកាន់អំណាចសុទ្ធសាធ។
លោកថា គ្មានភស្តុតាងណាមួយបញ្ជាក់ថា លោក កឹម សុខា បានគប់គិតជាមួយសហរដ្ឋអាមេរិកក្នុងអំពើក្បត់នេះទេ។ ជាងនេះទៀត ក៏គ្មានកងទ័ពអាមេរិកណានៅលើទឹកដីកម្ពុជា ដែលបានបង្កឱ្យមានការប្រទូសរ៉ាយ និងការឈ្លានពានប្រឆាំងលើប្រទេសកម្ពុជា ដោយមានការអនុញ្ញាតពីមេដឹកនាំបក្សប្រឆាំងរូបនេះដែរ។
លោក មុត ចន្ថា លើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ គ្មានភ្នាក់ងារ ឬកងទ័ពអាមេរិកណាម្នាក់ត្រូវបានចាប់ខ្លួនក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាឡើយ ខណៈភស្តុតាងដូចជា អាវុធយុទ្ធភណ្ឌដែលផលិតនៅសហរដ្ឋអាមេរិក ឬរដ្ឋបរទេសណាមួយ ក៏មិនត្រូវបានរឹបអូសចេញពីគេហដ្ឋានរបស់លោក កឹម សុខា ដែរ។
លោកថា ផ្ទុយទៅវិញ ភស្តុតាងដែលតំណាងអយ្យការបានលើកយកមកបង្ហាញនៅក្នុងសវនាការ បែរជាឃ្លីបវីដេអូសុន្ទរកថារបស់លោក កឹម សុខា នៅឆ្នាំ២០១៣ ក្នុងពិធីជាមួយសហគមន៍ខ្មែរនៅក្នុងប្រទេសអូស្ត្រាលី ដែលកាត់តជាកង់ៗបាត់អត្ថន័យ និងខ្លឹមសារដើម ដែលត្រូវបានកែច្នៃ និងក្លែងនូវបំណងពិតរបស់លោក កឹម សុខា ដើម្បីមួលបង្កាច់ទម្លាក់កំហុសលើរូបលោកទៅវិញ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា អស់រយៈពេលជាង ៧ឆ្នាំមកនេះ លោក កឹម សុខា បានរងនូវអំពើអយុត្តិធម៌យ៉ាងខ្លាំងដែលបង្កឡើងដោយមេដឹកនាំនៃបក្សកាន់អំណាច ដែលចោទប្រកាន់មួលបង្កាច់ក្នុងចេតនានយោបាយកម្ចាត់គូបដិបក្ខនយោបាយ ដើម្បីការពារនូវការបន្តវេនអំណាចប៉ុណ្ណោះ។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ក្រុងភ្នំពេញបានចេញលិខិតជូនដំណឹងមួយ ស្ដីពីការលើកពេលសវនាការលោក កឹម សុខា ដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែកញ្ញា។
សេចក្តីជូនដំណឹងរបស់សាលាឧទ្ធរណ៍នេះ មិនបានកំណត់ពីពេលវេលាសម្រាប់សវនាការលើកក្រោយទេ ហើយក៏មិនបញ្ជាក់ពីមូលហេតុនៃការប្រកាសលើកពេលសវនាការនេះដែរ។
ជុំវិញបញ្ហានេះ សហមេធាវីការពារក្តីឱ្យមេដឹកនាំបក្សប្រឆាំង លោក ចាន់ ចេន សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៩ កញ្ញា នេះថា រឿងតុលាការពន្យារពេលម្តងហើយម្តងទៀតលើសំណុំរឿងលោក កឹម សុខា ជាង ៧ឆ្នាំមកនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនយោបាយរបស់លោក កឹម សុខា ទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋដែលធានាដោយកតិកាសញ្ញាអន្តរជាតិ ដែលកម្ពុជាបានទទួលស្គាល់ផ្តល់សច្ចាប័ន និងប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជាថែមទៀត។
អ្នកច្បាប់រូបនេះបញ្ជាក់ថា ជាពិសេស តុលាការបានកាត់ផ្តាច់ពីលោក កឹម សុខា នូវមនោសញ្ចេតនា គុណធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរនៅរដូវបុណ្យភ្ជុំបិណ្ឌនេះទាំងស្រុង ដោយមិនអនុញ្ញាតឱ្យលោកទៅចូលរួមធ្វើពិធីបុណ្យទាន និងមិនអាចទៅជួបជុំគ្រួសារ ជាពិសេសមិនអាចទៅជួបមុខម្តាយចាស់ជរាកំពុងសម្រាកជាប់នៅលើគ្រែសព្វថ្ងៃនេះតែម្តង។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោសលោក កឹម សុខា ឱ្យជាប់ឃុំខ្លួនក្នុងផ្ទះរយៈពេល ២៧ឆ្នាំ ពីបទ ត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និងហាមឃាត់មិនឱ្យជួបអ្នកណាទាំងអស់ក្រៅពីសាច់ញាតិ៕