អ្នកឃ្លាំមើលអំពាវនាវឱ្យពលរដ្ឋខ្មែរតាមដានគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) បន្តទៀត ព្រោះការប្រកាសដកខ្លួនចេញពីគម្រោងនេះពីសំណាក់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន មិនមែនមានន័យថាកម្ពុជាបានបញ្ចប់ការសហការគ្នាក្នុងគម្រោងនេះចប់សព្វគ្រប់ជាមួយឡាវ និងវៀតណាម នោះទេ។
អ្នកឃ្លាំមើលសង្គម លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ កញ្ញា នេះថា បើយោងតាមកិច្ចព្រមព្រៀង CLV ដើម្បីឱ្យកម្ពុជាអាចចាកចេញពីគម្រោងនេះជាផ្លូវការស្ថាពរ លុះត្រាតែមានការយល់ព្រមពីវៀតណាម និងឡាវ ជាមុនសិន ប៉ុន្តែបើភាគីទាំងពីរនេះណាមួយមិនយល់ព្រម នោះគឺមានន័យថា កម្ពុជានៅតែជាប់ក្នុងការអនុវត្តគម្រោងនេះជាមួយវៀតណាម និងឡាវ ដដែល។
លោក ស៊ឹង សែនករុណា យល់ឃើញថា ការប្រកាសដកខ្លួនពីគម្រោងត្រីកោណនេះ គ្រាន់តែធ្វើឡើងដើម្បីបញ្ចៀសនូវការតវ៉ាទាមទាររបស់ពលរដ្ឋខ្មែរដែលអាចនាំឱ្យបាត់បង់ការគាំទ្របក្សកាន់អំណាចប៉ុណ្ណោះ ដូច្នេះដើម្បីកុំឱ្យរឿងនេះក្លាយជាល្បិចនយោបាយបោកប្រាស់ពីអ្នកនយោបាយ មានតែពលរដ្ឋបន្តតាមដានបន្ថែមទៀត។
អ្នកឃ្លាំមើលសង្គមរូបនេះបញ្ជាក់ថា បើរដ្ឋាភិបាលព្រមដកខ្លួនចេញពីគម្រោងនេះដោយស្មោះត្រង់ ព្រោះខ្លាចបាត់បង់ទឹកដីមែន មានវិធានការមួយចំនួនដែលរដ្ឋាភិបាលត្រូវអនុវត្ត ដូចជា ការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ការដកដីសម្បទានដែលរដ្ឋាភិបាលធ្លាប់ប្រគល់ឱ្យក្រុមហ៊ុនវៀតណាមគ្រប់គ្រង និងការប្រកាសធ្វើមោឃភាពពីសំណាក់រដ្ឋសភាលើកិច្ចព្រមព្រៀងនេះ ជាដើម នោះទើបអាចឱ្យពលរដ្ឋទុកចិត្តបានថា រដ្ឋាភិបាលពិតជាមានបំណងដកខ្លួនចេញពីគម្រោងនេះដោយសុទ្ធចិត្តមែន។
មាត្រា២២ នៃកិច្ចព្រមព្រៀងត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ចំណុចទី៣ ចែងថា កិច្ចព្រមព្រៀងនេះត្រូវស្ថិតនៅជាធរមាន លុះត្រាតែបានបញ្ចប់ដោយការយល់ព្រមទៅវិញទៅមកជាលាយលក្ខណ៍អក្សរពីបណ្តាភាគីពាក់ព័ន្ធ។
ចំពោះការរៀបចំដែលបានធ្វើឡើងនៅមុនកាលបរិច្ឆេទនៃការបញ្ចប់កិច្ចព្រមព្រៀងនេះ បទប្បញ្ញត្តិពាក់ព័ន្ធនានានៃកិច្ចព្រមព្រៀងត្រូវស្ថិតនៅជាធរមានសម្រាប់ការរៀបចំនោះរហូតដល់មានការបញ្ចប់សព្វគ្រប់។
ចំណែកចំណុចទី២ នៃមាត្រា២២ ដដែលនេះបញ្ជាក់ថា ក្នុងករណីភាគីមួយដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ភាគីនោះត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៦ខែតាមផ្លូវការទូត ហើយភាគីពីរផ្សេងទៀតអាចអនុវត្តកិច្ចព្រមព្រៀងនេះបន្ត។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សម្រេចដកខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តទៅ។
លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីពេលនេះតទៅ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និងប្រទេសឡាវ រួចហើយដែរ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកតស៊ូមតិកម្ពុជា ដែលហៅកាត់ថា CAT បានអះអាងកាលពីពេលថ្មីៗនេះថា ឯកសារទាំង១១ នៃកិច្ចព្រមព្រៀងគម្រោង CLV មិនមានឯកសារណាមួយដែលបានផ្តល់សច្ចាប័ន ឬការចុះហត្ថលេខាទទួលស្គាល់ពីព្រះមហាក្សត្រខ្មែរទេ។ ជាងនេះទៀត កិច្ចព្រមព្រៀងទាំងនេះក៏មិនមានការអនុញ្ញាតដោយច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែរ៕