មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ពលរដ្ឋខ្មែរត្រូវបន្តការតវ៉ាទាមទារឱ្យរដ្ឋាភិបាលដាក់សំណើទៅរដ្ឋសភា ដើម្បីអនុម័តលើការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) ព្រោះនៅមានបញ្ហាជាច្រើនទៀតដែលនៅកប់ជ្រៅក្នុងកិច្ចព្រមព្រៀងតំបន់ត្រីកោណមួយនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៦ កញ្ញា នេះថា ប្រជាពលរដ្ឋត្រូវបន្តការតវ៉ាទាមទារឱ្យរដ្ឋាភិបាលដាក់សំណើទៅរដ្ឋសភា ដើម្បីអនុម័តលើការដកខ្លួនចេញពីគម្រោង CLV នេះ។
លោកថា ជាងនេះទៀត ក៏ត្រូវថ្វាយព្រះមហាក្សត្រខ្មែរឱ្យចេញព្រះរាជក្រមប្រកាសពីការដកខ្លួនចេញពីគម្រោងនេះជាផ្លូវការដែរ នោះទើបបញ្ជាក់បានថា កម្ពុជាពិតជាបានដកខ្លួនចេញពីគម្រោងនេះប្រាកដមែន។
លោក អ៊ុំ សំអាន លើកឡើងថា គម្រោងត្រីកោណអភិវឌ្ឍន៍ (CLV) បានក្លាយជាច្បាប់ឆ្នាំ២០១៨ ជាផ្លូវការទៅហើយ ដូច្នេះនីតិវិធីបញ្ចប់គម្រោងនេះមានតែរដ្ឋសភាអនុម័តបញ្ចប់គម្រោងនេះ និងព្រះមហាក្សត្រឡាយព្រះហស្តលេខាបញ្ចប់ប៉ុណ្ណោះ នោះទើបគម្រោងនេះត្រូវបានធ្វើមោឃភាពជាស្ថាពរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ ជំរុញឱ្យពលរដ្ឋទាមទារឱ្យរដ្ឋាភិបាលលុបចោលដីសម្បទានសេដ្ឋកិច្ចដែលខ្លួនបានប្រគល់ឱ្យយោធាវៀតណាម និងក្រុមហ៊ុនវៀតណាម ជាង ២៤ម៉ឺនហិកតា ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ព្រោះរដ្ឋាភិបាលមិនទាន់ប្រកាសលុបកិច្ចព្រមព្រៀងប្រគល់ដីសម្បទានសេដ្ឋកិច្ចនេះពីវៀតណាម នៅឡើយទេ។
បន្ថែមពីនេះ ពលរដ្ឋក៏ត្រូវទាមទារឱ្យរដ្ឋាភិបាលបណ្តេញជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ដែលកំពុងសាងសង់ផ្ទះ រស់នៅ និងធ្វើជាកម្មកររាប់ម៉ឺននាក់លើដីសម្បទានសេដ្ឋកិច្ចដែលគ្រប់គ្រងដោយយោធាវៀតណាម និងក្រុមហ៊ុនវៀតណាម ជាង ២៤ម៉ឺនហិកតាក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនោះដែរ។
លោក អ៊ុំ សំអាន បញ្ជាក់ថា ពលរដ្ឋក៏ត្រូវបន្តទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំឃាំងដោយសារប្រឆាំងគម្រោង CLV ទាំងជាង ៦០នាក់ និងអ្នកទោសមនសិការផ្សេងទៀតដែរ ពីព្រោះអ្នកទាំងនោះកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅឡើយ បើទោះបីជារដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពីគម្រោងនេះហើយក៏ដោយ។
កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានចុះហត្ថលេខាព្រះរាជក្រមមួយដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាអាណត្តិទី៥។
ព្រះរាជក្រមដដែលបានកំណត់ច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលបានចុះហត្ថលេខានៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ។
ក្រោយកិច្ចព្រមព្រៀងនេះក្លាយជាច្បាប់ពេញលេញនៅឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ដែលពេលនោះរដ្ឋាភិបាលវៀតណាម បានស្នើដាក់ប្រទេសកម្ពុជាទាំងមូលរួមជាមួយវៀតណាម និងឡាវ ទៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនេះផងដែរ។
មាត្រា២២ នៃកិច្ចព្រមព្រៀងត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម CLV-DTA ចំណុចទី៣ ចែងថា កិច្ចព្រមព្រៀងនេះត្រូវស្ថិតនៅជាធរមាន លុះត្រាតែបានបញ្ចប់ដោយការយល់ព្រមទៅវិញទៅមកជាលាយលក្ខណ៍អក្សរពីបណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលមានន័យថា ទោះភាគីណាមួយមិនយល់ព្រម ក៏ភាគីដែលសុំបញ្ចប់មិនអាចដកខ្លួនចេញពីគម្រោងនេះបានដែរ៕