អ្នកវិភាគនយោបាយ ចាត់ទុករបៀបដឹកនាំនៅកម្ពុជាជារបបដឹកនាំគ្រួសារកុម្មុយនីស្ត ដែលមិនមែនជាការដឹកនាំដោយរបបកុម្មុយនីស្តរបស់បក្សកុម្មុយនីស្តដូចប្រទេសកុម្មុយនីស្តមួយចំនួនឡើយ។
អ្នកវិភាគរូបនេះបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អ្នកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា ចំណែកព្រះមហាក្សត្រជាប្រមុខរដ្ឋ ប៉ុន្តែការដឹកនាំជាក់ស្ដែង គឺលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ជាអ្នកបង្គាប់បញ្ជាទៅវិញ រួមទាំងតុលាការផងដែរ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ កញ្ញា នេះថា ប្រព័ន្ធដឹកនាំកុម្មុយនីស្តត្រកូលហ៊ុននៅកម្ពុជា គឺស្ថិតនៅក្រោមអំណាចផ្ដាច់ការអាជ្ញាទំនើងចិត្តរបស់បុគ្គលតែម្នាក់គត់ គឺលោក ហ៊ុន សែន ដែលមានគោលការណ៍អាត្មានិយមដឹកនាំដើម្បីតែផលប្រយោជន៍អំណាចគ្រួសារហ៊ុនតែមួយមុខប៉ុណ្ណោះ ដោយមិនខ្វល់ពីគ្រោះមហន្តរាយចំពោះប្រទេសជាតិឡើយ។
អ្នកវិភាគរូបនេះលើកឡើងថា ស្មារតីដឹកនាំរបបកុម្មុយនីស្តគ្រួសារត្រកូលហ៊ុនមួយនេះ ពិតជាទុច្ចរិតខ្លាំងបំផុតសម្រាប់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរ ដែលខុសពីស្មារតីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ចំពោះប្រទេសវៀតណាម និងជនជាតិរបស់គេ។
លោកថា អគ្គលេខាធិការបក្សវៀតណាម ដែលជាប្រមុខដឹកនាំបក្ស និងជាបុគ្គលមានអំណាចកំពូល ក៏នៅមានការិយាល័យនយោបាយមួយអាចតម្រង់ផ្លូវដឹកនាំដើម្បីប្រយោជន៍ជាតិរួមរបស់គេដែរ ប៉ុន្តែសម្រាប់លោក ហ៊ុន សែន គ្មានស្ថាប័នណាអាចកែតម្រង់ ឬទប់ស្កាត់អំណាចទំនើងចិត្តរបស់គាត់បានឡើយ។
លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីសព្វថ្ងៃនេះ គ្រាន់តែជាជំនួយការរបស់លោក ហ៊ុន សែន ជាឪពុកប៉ុណ្ណោះ ដែលបង្ហាញឱ្យឃើញថា ការដឹកនាំនៅកម្ពុជាសព្វថ្ងៃនេះ គឺជាប្រព័ន្ធកុម្មុយនីស្តសុទ្ធសាធ ព្រោះអំណាចដឹកនាំទាំងស្រុង គឺត្រូវស្ថិតនៅក្រោមបុគ្គលតែម្នាក់ ដែលផ្ទុយពីខ្លឹមសារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទាំងស្រុង។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ទង្វើរបស់លោក ហ៊ុន សែន បែបនេះ ក៏បង្ហាញឱ្យឃើញដែរថា គាត់ប្រាកដជាដឹងដោយខ្លួនឯងយ៉ាងច្បាស់ថា លោក ហ៊ុន ម៉ាណែត នឹងមិនអាចរក្សាអំណាចបន្តត្រកូលហ៊ុនបានទេ ទើបគាត់នៅតែបន្តគ្រប់គ្រងពីលើអំណាចជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ដូចសព្វថ្ងៃនេះ។
លោក គឹម សុខ គូសបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត មិនដូចលោក ហ៊ុន សែន ទេ។ មិនដូចគឺនៅត្រង់ថា លោក ហ៊ុន សែន កាលធ្វើជានាយករដ្ឋមន្ត្រី គឺជានាយករដ្ឋមន្ត្រីដែលមានអំណាចឃោរឃៅ ប៉ុន្តែពេលគាត់ឈប់ធ្វើជានាយករដ្ឋមន្ត្រី ក៏គាត់នៅតែជាអ្នកបញ្ជានាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ក្រោមអំណាចឃោរឃៅរបស់គាត់ដែរ។ ចំណែកលោក ហ៊ុន ម៉ាណែត វិញ ក្នុងពេលកំពុងកាន់តំណែងនាយករដ្ឋមន្ត្រីនៅពេលនេះ គ្រាន់តែជាជំនួយការរបស់លោក ហ៊ុន សែន ជាឪពុកប៉ុណ្ណោះ គ្មានអំណាចជានាយករដ្ឋមន្ត្រីសូម្បីតែបន្តិច។
ការអះអាងនេះ ធ្វើឡើងដើម្បីបង្ហាញពីទំនាក់ទំនងនៃការបែងចែកអំណាចរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកសព្វថ្ងៃនេះ។
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា អំឡុងពេលចេញពីកិច្ចប្រជុំប្រចាំខែរវាងប្រធាន និងបណ្តាអនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនកាលពីថ្ងៃទី២៥ ខែកញ្ញា អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត បានដើរជាមួយលោកដើម្បីបន្តពិភាក្សាលើការងារខ្លះបន្ថែមទៀត។
លោក ហ៊ុន សែន បញ្ជាក់ថា អ្នកថតរូប ថតបានប៉ុន្មានសន្លឹកដែលបង្ហោះនៅពេលនេះ ដូច្នេះសូមពលរដ្ឋជួយផ្តល់មតិផងថា តើលោកដូចកូន ឬកូនដូចលោកដែលជាឪពុក។
ជុំវិញបញ្ហានេះ គេកត់សម្គាល់ឃើញថា ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីលោក ហ៊ុន សែន ដែលជាឪពុកជាង ១ឆ្នាំមកនេះ ត្រូវលោក ហ៊ុន សែន គ្រប់គ្រងពីលើអំណាចរបស់ខ្លួនជាប់រហូត ជាពិសេសការសម្រេចផែនការជាតិធំៗដែលនាយករដ្ឋមន្ត្រីត្រូវសម្រេច ត្រូវលោក ហ៊ុន សែន អារកាត់ពីលើលោក ហ៊ុន ម៉ាណែត ស្ទើរតែគ្រប់ពេលទាំងអស់។
ជាក់ស្តែង ការសាងសង់ព្រែកជីកហ្វូណន គឺលោក ហ៊ុន សែន ជាអ្នកសម្រេច ចំណែកការសម្រេចដាក់ខេត្តខ្មែរទាំង៤ និងត្រៀមដាក់ខេត្តព្រះវិហារ ក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណកាលពីពេលថ្មីៗនេះ ក៏លោក ហ៊ុន សែន ជាអ្នកសម្រេច។ ជាងនេះទៀត ការដកខេត្តខ្មែរចេញពីគម្រោងអភិវឌ្ឍន៍នេះ ក៏លោក ហ៊ុន សែន ជាអ្នកសម្រេចដែរ។
កាន់តែធ្ងន់ធ្ងរទៀតនោះ សូម្បីការចាប់ខ្លួនអ្នករិះគន់គម្រោងត្រីកោណអភិវឌ្ឍន៍កន្លងមក ក៏លោក ហ៊ុន សែន ជាអ្នកចេញបញ្ជាដោយផ្ទាល់ដែរ ទោះលោក ហ៊ុន សែន គ្មានតួនាទីអនុវត្តវិធានការទាំងនេះក៏ដោយ ខណៈលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីមិនបានប្រើតួនាទី និងអំណាចរបស់ខ្លួនដែលនាយករដ្ឋមន្ត្រីត្រូវធ្វើនោះឡើយ។
ជុំវិញបញ្ហានេះ គេសង្កេតឃើញថា នាយករដ្ឋមន្ត្រីថ្មីដែលឪពុកលើកបន្តុបរូបនេះ បានត្រឹមបន្ទរជាសំឡេងតាមពីក្រោយការសម្រេចរបស់ឪពុកប៉ុណ្ណោះ ដែលបង្ហាញឱ្យឃើញថា លោក ហ៊ុន ម៉ាណែត គ្មានសិទ្ធិអ្វីទាំងអស់ក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈពេលជាង ១ឆ្នាំមកនេះ។
ក្រុមអ្នកតស៊ូមតិកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ចាត់ទុកលោក ហ៊ុន ម៉ាណែត ត្រឹមតែជានាយករដ្ឋមន្ត្រីហាត់ការប៉ុណ្ណោះ ដែលមានន័យថា ជានាយករដ្ឋមន្ត្រីសាកល្បង ឬជាបុគ្គលដែលទើបនឹងរៀនធ្វើជានាយករដ្ឋមន្ត្រីក្រោមការបង្ហាត់បង្រៀនរបស់ឪពុកសព្វថ្ងៃនេះ៕