31 C
Phnom Penh

ចលនា KMD ជំរុញ​ប្រទេស​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​ការពារ​ជោគវាសនា​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ជំរុញ​ឲ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួយ​ការពារ​ជោគវាសនា​អនាគត​របស់​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ដែល​រង​ទុក្ខវេទនា​រាប់​សិប​ឆ្នាំ​កន្លង​មក​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (Khmer Movement for Democracy) បាន​ចេញ​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ដាក់​ញត្តិ​របស់​ពលរដ្ឋ​ខ្មែរ និង​អង្គការ​សង្គម​ស៊ីវិល​នានា កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្ដីពី​កម្ពុជា ផ្ដួចផ្ដើម​ការ​ត្រួតពិនិត្យ​ដោយ​ឯករាជ្យ​លើ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​មួយ​នេះ​ឡើងវិញ។

ប្រភព​ដដែល​អះអាង​ថា កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​នេះ​បាន​បរាជ័យ​ទាំងស្រុង​ក្រោម​ស្នាដៃ​មេដឹកនាំ​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ៤​ទសវត្សរ៍​មក​នេះ។

ប្រភព​ដដែល​បន្ត​ថា បរាជ័យ​ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​សម្រេច​របស់​ពលរដ្ឋ​កម្ពុជា​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ រួម​ទាំង​ការ​ការពារ​អធិបតេយ្យ ឯករាជ្យ បូរណភាព​ទឹកដី​ជាតិ​របស់​កម្ពុជា​ផង​ដែរ។

KMD លើកឡើង​ថា ការ​កម្ទេច​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​រំលោភ​លើ​អធិបតេយ្យ​ជាតិ​ខ្មែរ​ដោយ​ការ​ពឹង​ផ្អែក​លើ​ប្រទេស​ចិន ដែល​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​ចិន​នៅ​កំពង់ផែ​រាម។

លើស​ពី​នេះ ក៏​មាន​ការ​ដាក់​ទឹកដី​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ដែល​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ពី​ប្រទេស​វៀតណាម។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បញ្ជាក់​ថា ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូចជា​សហរដ្ឋ​អាមេរិក ចិន រុស្ស៊ី បារាំង ចក្រភព​អង់គ្លេស ជប៉ុន ឥណ្ឌូនេស៊ី ឥណ្ឌា និង​អូស្ត្រាលី ជាដើម គឺជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​កាន់​អំណាច​កំពូល​នៅ​កម្ពុជា បំពេញ​កាតព្វកិច្ច​ជា​អន្តរជាតិ​ស្រប​ច្បាប់​របស់​ខ្លួន។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​រៀបចំ​ឲ្យ​មាន​សន្តិភាព​ឡើងវិញ​នៅ​កម្ពុជា និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ការពារ​អធិបតេយ្យ ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​របស់​កម្ពុជា​ទាំងមូល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស