28.6 C
Phnom Penh

កម្ពុជា​ក្លាយ​ជា​កន្លែង​លាង​លុយ​កខ្វក់​របស់​ជនជាតិ​ចិន​តាមរយៈ​គោលការណ៍​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​បាន​ក្លាយ​ជា​ជម្រក​នៃ​ការ​លាង​លុយ​កខ្វក់​សម្រាប់​ឧក្រិដ្ឋជន​ចិន ក្រោម​ហេតុផល​មួយ​ចំនួន​នៃ​ការ​អនុវត្ត​គោលការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ទាក់ទាញ​ឲ្យ​បុគ្គល​មួយ​ចំនួន​ចង់​លាក់​ទ្រព្យសម្បត្តិ​របស់​ពួកគេ។

យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត The Asia Financial នៅ​ថ្ងៃទី​៧ ខែ​តុលា ដែល​បាន​ដកស្រង់​សម្ដី​វិភាគ​របស់​អ្នកជំនាញ បាន​ឲ្យ​ដឹង​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ក្នុង​ផ្នែក​នៃ​ប្រព័ន្ធ​របាយការណ៍​ទូទៅ ឬ​ហៅ CRS ទេ។

ប្រព័ន្ធ CRS ជា​ក្របខ័ណ្ឌ​សកល​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​គណនី​ហិរញ្ញវត្ថុ​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ជាមួយ​រដ្ឋាភិបាល ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ទាក់ទាញ​ពី​ជនជាតិ​ចិន ក្នុង​ការ​ប្រព្រឹត្ត​សកម្មភាព​លាង​លុយ​កខ្វក់។

នៅ​ក្នុង​សំណុំរឿង​លាង​លុយ​កខ្វក់​ដូច​គ្នា​នេះ រដ្ឋាភិបាល​សិង្ហបុរី ធ្លាប់​បាន​រក​ឃើញ​ជនជាតិ​ចិន មាន​សញ្ជាតិ​ខ្មែរ​ចំនួន ១០​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​លាង​លុយ​កខ្វក់​ចំនួន​ជាង ២,២​ពាន់​លាន​ដុល្លារ​ក្នុង​ប្រទេស​សិង្ហបុរី។

The Asia Financial បាន​រាយការណ៍​ថា តាំងពី​ឆ្នាំ​២០១៧ មក ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ចិន បាន​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​លិខិត​ឆ្លងដែន​កម្ពុជា​ដើម្បី​ចៀសវាង​ពី​ស្តង់ដារ CRS និង​ថា​កម្ពុជា​អនុវត្ត​គោលការណ៍​ទិដ្ឋាការ​ពេល​មក​ដល់ (Visa on arrival) ដោយ​គ្មាន​ការ​បដិសេធ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ទិដ្ឋាការ​ពេល​មក​ដល់ ឬ​ទិដ្ឋាការ​ពាណិជ្ជកម្ម​ចម្រុះ​នេះ ជនជាតិ​ចិន អាច​ដើរ​ចូល​ទៅ​ក្នុង​ធនាគារ​នៅ​ស្រុក​ខ្មែរ និង​អាច​បើក​គណនី រួម​ទាំង​កាត​ធនាគារ​ក្នុង​រយៈពេល​ត្រឹម​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ដូច្នេះ​ធ្វើ​ឲ្យ​ជនជាតិ​ចិន ងាយស្រួល​ក្នុង​ការ​ផ្ទេរ​លុយ​ទៅ​មក​ក្នុង​គណនី​ធនាគារ​ខ្លួន រួម​ទាំង​តាម​គណនី Huione ផង​ដែរ។

របាយការណ៍​ស៊ើបអង្កេត​រួម​គ្នា​រវាង OCCRP និង​កាសែត The straits Times ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​សិង្ហបុរី កំពុង​តាម​ចាប់​ខ្លួន​ឧក្រិដ្ឋជន​បរទេស​ចំនួន ៧​នាក់​ទៀត​ដែល​មាន​សញ្ជាតិ​ខ្មែរ។

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ធ្លាប់​ប្រតិកម្ម​លើ​របាយការណ៍​ទាក់ទង​នឹង​បញ្ហា​លាង​លុយ​កខ្វក់ និង​អំពើពុករលួយ​នៅ​កម្ពុជា ថា​មាន​ចេតនា​មិន​ល្អ ដោយ​បាន​ចូល​ជ្រៀតជ្រែក​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ។

យោង​តាម OCCRP ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ​បាន​ធ្វើ​ប្រតិបត្តិការ​លាង​លុយ​កខ្វក់​ក្រោម​រូបភាព​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ បើក​ហាង​មាស ពេជ្រ និង​បើក​ទីតាំង​ឆបោក​តាម​អនឡាញ។

ទីភ្នាក់ងារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​របស់​អង្គការ​សហប្រជាជាតិ បាន​រាយការណ៍​ថា កម្ពុជា​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជាមួយ​នឹង​ប្រាក់ចំណូល​ដែល​ប្រមូល​បាន​ពី​ឧស្សាហកម្ម​មួយ​នេះ​ក្នុង​ទឹកប្រាក់​ចន្លោះ​ពី ៧,៥​ពាន់​លាន​ដល់ ១២,៥​ពាន់​លាន​ដុល្លារ ឬ​ស្មើ​នឹង​ពាក់កណ្តាល​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​កម្ពុជា។

ទាក់ទង​ទៅ​នឹង​ការ​លាង​លុយ​កខ្វក់​នេះ ក្រុមហ៊ុន​វិភាគ​កាក់​ឌីជីថល Elliptic ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​រក​ឃើញ​ថា បងជីដូនមួយ​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ គឺជា​ម្ចាស់​អាជីវកម្ម​ក្រុមហ៊ុន​បោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត​ខ្មៅ​ដ៏​ធំ​មួយ​ឈ្មោះ​ក្រុមហ៊ុន ហួយ អាដេ គ្រុប (Huioun AD Group) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​បោកប្រាស់​អន្តរជាតិ​ឈ្មោះ ហួយ ហ្គែរិនធី (Huioun Guarantee)។

ប្រភព​ដដែល​បង្ហាញ​ថា ក្រុមហ៊ុន​បោកប្រាស់​មួយ​នេះ​បាន​ធ្វើ​ប្រតិបត្តិការ​ឆបោក​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តាមរយៈ​ទីផ្សារ​អនឡាញ​ងងឹត ដែល​អាច​រក​ចំណូល​បាន​យ៉ាងហោចណាស់ ១១​ពាន់​លាន​ដុល្លារ​អាមេរិក​ចាប់តាំងពី​ឆ្នាំ​២០២១ មក៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស