27.4 C
Phnom Penh

ជំនួប​កំពូល​អាស៊ាន-ចិន​ចាប់ផ្ដើម ហ្វីលីពីន​ប្រាប់​ថា​ត្រូវ​ពន្លឿន​ច្បាប់​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ចិន​វាតទី​ទន្ទ្រាន​កាន់តែ​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ តុលា នេះ នៅ​ក្រោម​រូបភាព​មើល​មុខ​គ្នា​មិន​ចំ​រវាង​ប្រទេស​សមាគម​អាស៊ាន និង​ប្រទេស​ចិន ករណី​ដណ្ដើម​ខ្សែ​ទឹក​ត្រួត​ស៊ី​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr បាន​ជំរុញ​ឱ្យ​បណ្តា​មេដឹកនាំ​ប្រទេស​អាស៊ាន ព្រមទាំង​ចិន ព្យាយាម​ពន្លឿន​ជាបន្ទាន់​នូវ​កិច្ចប្រឹងប្រែង​ចរចា​ស្ដីពី​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង។

ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​ក្រុម​មេដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​ចិន លោក Li Qiang លោក Marcos បាន​និយាយ​ថា វា​ជា​រឿង​ចាំបាច់ និង​បន្ទាន់​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​វឌ្ឍនភាព​ច្បាស់លាស់​ក្នុង​កិច្ចចរចា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ភាគី​ទាំងអស់​ត្រូវតែ​បើក​ទូលាយ​ប្រកប​ដោយ​ជំហរ​ស្ថាបនា និង​ទទួល​ខុសត្រូវ​ខ្ពស់ ចំពោះ​បញ្ហា​ខ្វែង​គំនិត​គ្នា ហើយ​គួរ​ស្វែងរក​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង ជាជាង​ដំឡើង​កម្ដៅ​ប្រឈម​មុខ​ដាក់​គ្នា។

សមុទ្រ​ចិន​ខាងត្បូង មាន​ផ្ទៃក្រឡា ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា តែ​ក្រុង​ប៉េកាំង អះអាង​ថា​ខ្លួន​មាន​កម្មសិទ្ធិ​យ៉ាងតិច ៩០%។ ជម្លោះ​ដែនទឹក​នេះ​មាន​ជាង ២០​ឆ្នាំ​មក​ហើយ។

សមាគម​អាស៊ាន មាន ១០​ប្រទេស តែ​យ៉ាងតិច ៥​ប្រទេស កំពុង​មាន​ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ចិន។ ប្រទេស​ចំនួន​ប្រាំ​នោះ រួម​មាន​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង​ចុងក្រោយ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ក្រុង​ប៉េកាំង ទើប​តែ​អះអាង​ថា​មាន​ខ្សែ​ទឹក​របស់​ខ្លួន​កំពុង​ត្រួត​ស៊ី​គ្នា​នឹង​ខ្សែ​ទឹក​ប្រទេស​ឥណ្ឌូនេស៊ី។

ហ្វីលីពីន និង​ចិន បាន​ជួប​ហេតុការណ៍​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ញឹកញាប់​ក្នុង​តំបន់​មាន​បញ្ហា​វិវាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន។

ទីក្រុង​ម៉ានីល ចោទ​ចិន ជា​អ្នក​បង្ក​ហេតុ ដោយសារតែ​នាវា​ល្បាត​របស់​ចិន តែងតែ​បង្ក​រឿង​ដាក់​លើ​នាវា​នេសាទ​ហ្វីលីពីន តែ​ទីក្រុង​ប៉េកាំង អះអាង​ថា សកម្មភាព​របស់​ខ្លួន​គឺជា​ការ​ការពារ​អធិបតេយ្យ​របស់​ចិន។

នាវា​ល្បាត​ប្រទេស​ទាំង​ពីរ​បាន​ប៉ះ​ទង្គិច​គ្នា​ជា​ញឹកញាប់​មក​ហើយ រហូត​ប្រុងប្រៀប​ប៉ះ​គ្នា​ដោយ​ប្រដាប់​អាវុធ​ទៀត​ផង។

ចំពោះ​ប្រទេស​វៀតណាម វិញ ក៏​តែងតែ​ថ្កោលទោស​ចិន ផង​ដែរ ព្រោះ​តែ​ក្រុង​ហាណូយ ចោទ​ថា​នាវា​ល្បាត​ចិន បាន​ដេញ​នាវា​នេសាទ​វៀតណាម មិន​ឱ្យ​ចូល​នេសាទ​ដែនទឹក​របស់​វៀតណាម នៅ​ប្រជុំ​កោះ​ប៉ារ៉ាហ្សែល នា​សមុទ្រ​ចិន​ខាងត្បូង។

ប្រជាជន​វៀតណាម និង​ហ្វីលីពីន បាន​ធ្វើការ​តវ៉ា​ដាច់ដោយឡែក​ពី​គ្នា​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម នៅ​ក្រុង​ហាណូយ និង​នៅ​ខាង​មុខ​ស្ថានទូត​ចិន នៅ​ក្រុង​ម៉ានីល។ ពួកគេ​បាន​ថ្កោលទោស​ចិន ហើយ​ទាមទារ​ឱ្យ​ចិន គោរព​ច្បាប់​សមុទ្រ​អន្តរជាតិ។

ទីក្រុង​ហាណូយ បាន​គំរាម​ថា​នឹង​ប្ដឹង​ចិន ទៅ​តុលាការ​របស់​អង្គការ​សហប្រជាជាតិ ក្រោម​ចោទ​ថា​បាន​រំលោភ​អធិបតេយ្យ បូរណភាព​ដែនទឹក​របស់​វៀតណាម។ ចំណែក​ក្រុង​ម៉ានីល វិញ បើ​ទោះជា​បាន​ឈ្នះ​ក្ដី​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​មជ្ឈិត្តការ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ ក៏​ចិន មិន​គោរព​អនុវត្ត​ឡើយ។

កាលពី​ឆ្នាំ​២០១៦ តុលាការ​មជ្ឈិត្តការ​អន្តរជាតិ បាន​បង្គាប់​ថា តំបន់​ទឹក​ដែល​ជាប់​នឹង​សមុទ្រ​ហ្វីលីពីន​ខាងលិច​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រាតលី គឺជា​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ហ្វីលីពីន ដែល​ហ្វីលីពីន មាន​សិទ្ធិ​ក្នុង​ការ​ចាប់​យក​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

តុលាការ​មជ្ឈិត្តការ​អន្តរជាតិ​ដែល​សម្រេច​ដូចនេះ ដោយ​ផ្អែក​លើ​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ ដែល​ថា​ខ្សែ​ទឹក​ប្រទេស​ណា​កៀក​ខ្លាំង​នឹង​ដែន​កោះ ឬ​ដែនទឹក​ប្រទេស​នោះ វា​ជា​កម្មសិទ្ធិ​របស់​ប្រទេស​នោះ។

បើ​រាប់​ពី​កោះ​របស់​ប្រទេស​ហ្វីលីពីន ដល់​ចំណុច​ប្រទាញប្រទង់​ជាមួយ​ចិន គឺ​មាន​រយៈ​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ តែ​បើ​រាប់​ពី​ខ្សែ​ទឹក​នៃ​សមុទ្រ​លឿង​ប្រទេស​ចិន វា​មាន​រយៈ​ចម្ងាយ​ដល់​ទៅ ៦០០​គីឡូម៉ែត្រ។

តែ​បែប​នេះ​ក្ដី ចិន​លើកឡើង​ថា ខ្សែ​ទឹក​ដែល​ត្រួត​ស៊ី​គ្នា​នោះ វា​កៀក​នឹង​ប្រជុំ​កោះ​ស្ព្រាតលី ដែល​ក្រុង​ប៉េកាំង អះអាង​ថា កោះ​និង​តំបន់​ទឹក​ទាំងមូល​ជា​របស់​ចិន។

ចិន មិន​បាន​ចូល​ខ្លួន​ទៅ​ការពារ​ក្ដី​នោះ​ទេ ខណៈ​តុលាការ​មជ្ឈិត្តការ​អន្តរជាតិ​បើក​សំណុំរឿង​ក្ដី​នេះ ដែល​តុលាការ​នេះ​មាន​ដែន​យុត្តាធិការ​ករណី​វិវាទ​ដែនសមុទ្រ។ តុលាការ​មជ្ឈិត្តការ​អន្តរជាតិ​នៅ​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ មាន​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន​នៅ​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។

សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​ដែនទឹក​សម្រាប់​តំបន់​សមុទ្រ​ដែល​មាន​បញ្ហា​ជម្លោះ​មួយ​នេះ ត្រូវ​បាន​ព្រមព្រៀង​គ្នា​ដំបូង​រវាង​ចិន និង​អាស៊ាន ចាប់​តាំងតែ​ពី​ឆ្នាំ​២០០២។ វា​ជាប់​គាំង​តាំងពី​ត្រូវ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អាស៊ាន​នៅ​ឆ្នាំ​២០១២ នៅ​ពេល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ។ ប៉ុន្តែ​នីតិវិធី​ផ្លូវការ​នៃ​ការ​បង្កើត​ក្រម​ប្រតិបត្តិ​នោះ​ឡើង ទើប​តែ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៧។ មក​ទល់​ពេលនេះ វា​មាន​វឌ្ឍនភាព​យឺត​បំផុត។

អ្វី​ដែល​មិន​ចុះ​សម្រុង​គ្នា ដោយសារតែ​ចិន ទាមទារ​ថា​ខ្លួន​គេ​មាន​កម្មសិទ្ធិ​គ្រប់គ្រង​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដល់​ទៅ ៩០​ភាគរយ ខណៈ​ហ្វីលីពីន និង​វៀតណាម ទាត់​ចោល​ការ​អះអាង​របស់​ចិន។

ក្នុង​ស្ថានភាព​បែប​នេះ សហរដ្ឋ​អាមេរិក​ដែល​នៅ​ក្រៅ​តំបន់ ក៏​ហក់​មក​ប្រជែង​ផង​ដែរ គឺ​មក​ការពារ​ប្រទេស​ក្នុង​សមាគម​អាស៊ាន ជាពិសេស​ប្រទេស​ហ្វីលីពីន ជា​សម្ព័ន្ធភាព​របស់​ខ្លួន ហើយ​ក៏​អាច​រាប់​ទាំង​វៀតណាម ព្រោះតែ​ប្រទេស​ពីរ​នេះ​ហ៊ាន​ប្រជែង​នឹង​ចិន។

សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធភាព​លោក​ខាងលិច បាន​ទាមទារ​ថា ចិន​ត្រូវ​ទុក​ផ្លូវទឹក​សម្រាប់​នាវាចរ​អន្តរជាតិ ដោយ​មិន​ត្រូវ​វាតទី​បំពាន​ច្បាប់​អន្តរជាតិ​ឡើយ។ សហរដ្ឋ​អាមេរិក រួម​ទាំង​ឥណ្ឌា ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ កាណាដា បារាំង អង់គ្លេស តែងតែ​បញ្ជូន​នាវាចម្បាំង​របស់​ពួកគេ​បើក​ឆ្លងកាត់​តំបន់​ទឹក​ដែល​ចិន​អះអាង​ជា​ដែនទឹក​របស់​ខ្លួន។

មិន​តែប៉ុណ្ណោះ ប្រទេស​ទាំងនេះ​បាន​បញ្ជូន​នាវាចម្បាំង​មក​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​នឹង​កង​នាវា​ប្រទេស​ហ្វីលីពីន ទៀត។

ក្រុង​វ៉ាស៊ីនតោន គំរាម​ចិន កុំ​បង្ក​សង្គ្រាម​វាយ​លើ​ប្រទេស​ក្នុង​តំបន់ ជាពិសេស​ប្រទេស​ហ្វីលីពីន បើ​ពុំ​នោះ​ទេ សហរដ្ឋ​អាមេរិក​នឹង​លើក​ទ័ព​ជួយ​កងទ័ព​ហ្វីលីពីន ដែល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ម៉ានីល មាន​សន្ធិសញ្ញា​ការពារ​រួម​គ្នា​តាំងពី​ឆ្នាំ​១៩៥១ មក​នោះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស