27.5 C
Phnom Penh

លោក ហ៊ុន ម៉ាណែត លុប​ឈ្មោះ​មេបញ្ជាការ​រង​ខេត្ត​ប៉ៃលិន​ពាក់ព័ន្ធ​ការ​ធ្វើ​ទារុណកម្ម​ជនជាតិ​ចិន​ម្នាក់​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​លុប​ឈ្មោះ និង​បញ្ចប់​តួនាទី​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន លោក ស ប៊ុនសឿន ក្រោយពី​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​ចិន​ម្នាក់​រហូត​ដល់​ស្លាប់ កាលពី​ខែ​សីហា កន្លង​ទៅ និង​ធ្លាប់​ប្រព្រឹត្ត​ហិង្សា​ជា​បន្តបន្ទាប់។

អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៧ តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​លុប​ឈ្មោះ​វរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ។

ប្រភព​ដដែល​បាន​អះអាង​ថា ការ​សម្រេច​លុប​ឈ្មោះ និង​ការ​បញ្ចប់​តួនាទី​លោក ស ប៊ុនសឿន ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ពេល​នេះ ធ្វើ​ឡើង​ក្រោយ​រក​ឃើញ​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​ចិន​ម្នាក់​រហូត​ដល់​ស្លាប់​ក្នុង​ខេត្ត​ប៉ៃលិន កាលពី​ខែ​សីហា កន្លង​ទៅ។

នៅ​ក្នុង​សំណុំរឿង​ស្លាប់​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន ដែរ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន ៥​នាក់ ជនជាតិ​ខ្មែរ ២​នាក់ និង​កំពុង​តាម​រក​ចាប់​មនុស្ស​ពាក់ព័ន្ធ ២​នាក់​ផ្សេង​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន។

ប្រភព​ខាងលើ​អះអាង​ថា លោក ស ប៊ុនសឿន ជា​មន្ត្រី​ធ្លាប់​មាន​រឿងរ៉ាវ​ជាច្រើន ដូចជា ធ្លាប់​ធ្វើ​ទារុណកម្ម​លើ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រហូត​មាន​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់ និង​ធ្លាប់​មាន​រឿងរ៉ាវ​ជាមួយ​អ្នក​រត់​តាក់ស៊ី​ដឹក​អីវ៉ាន់​កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ។

លោក ស ប៊ុនសឿន មុន​នឹង​ទទួល​បាន​តំណែង​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ធ្លាប់​ជា​អតីត​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​សំណុំរឿង​ដីធ្លី ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​កាលពី​ឆ្នាំ​២០២០។ លោក​ត្រូវ​បាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ កាត់ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ។

នៅ​ក្នុង​សំណុំរឿង​នេះ លោក ស ប៊ុនសឿន បាន​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង ដោយ​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​ពី​ការ​ជាប់​ក្នុង​ពន្ធនាគារ​ពី ៤​ឆ្នាំ​មក​នៅ ១​ឆ្នាំ​កន្លះ​វិញ។ ក្រោយ​ចេញពី​ពន្ធនាគារ លោក​បាន​ទទួល​តំណែង​ថ្មី​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន។

អ្នក​ឃ្លាំមើល​សង្គម លោក ស៊ឹង សែនករុណា អះអាង​ថា ចំណាត់ការ​របស់​លោក​នាយករដ្ឋមន្ត្រី​នា​ពេលនេះ គ្រាន់តែ​ចង់​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្លួន​ដែល​ទើប​ឡើង​កាន់​តំណែង​បន្ត​ពី​ឪពុក​តែប៉ុណ្ណោះ។ លោក​ថា ការ​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ក្រោយពី​រក​ឃើញ​មាន​ពាក់ព័ន្ធ​ការ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់ នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ។

លោក​ជំរុញ​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​បន្ថែម ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ បើ​គ្រាន់តែ​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ដោយ​មិន​ធ្វើការ​ស៊ើបអង្កេត​ទេ​នោះ លោក​ថា​វា​គ្រាន់​តែ​ជា​ចំណាត់ការ​មួយ​ធ្វើ​ឲ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស