28 C
Phnom Penh

លោក សម រង្ស៊ី៖ របប​ផ្ដាច់ការ​នៅ​កម្ពុជា​នឹង​ដួល​រលំ​ដូច​បង់ក្លាដេស ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា របប​ដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា​នឹង​ដួល​រលំ​ដូច​របប​ដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​បង់ក្លាដេស ក្នុង​ពេល​ឆាប់ៗ​នេះ ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ជា​កម្លាំង​តែ​មួយ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ តុលា នេះ​ថា សាលាក្ដី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បង់ក្លាដេស បាន​ចេញ​ដីកា​ចាប់​ខ្លួន​អ្នកស្រី ហាស់ ស៊ីណា នៅ​ពេលនេះ បន្ទាប់ពី​ពលរដ្ឋ​បង់ក្លាដេស បាតុកម្ម​ទម្លាក់​ពី​អំណាច​ក្នុង​ករណី​សម្លាប់​រង្គាល​ក្រោម​អំណាច​ដឹកនាំ​របស់​គាត់ ដូច្នេះ​នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ក៏​អាច​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​សេរីភាព​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ។

លោក សម រង្ស៊ី លើកឡើង​ថា ចលនា​តវ៉ា​នៅ​ក្រៅ​ប្រទេស​នៅ​ពេលនេះ​កំពុង​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង ហើយ​ក្នុង​ពេល​ឆាប់ៗ​នេះ ប្រជាជន​ខ្មែរ​ទាំងអស់​នឹង​បញ្ចប់​របប​ផ្ដាច់ការ​ត្រកូល​ហ៊ុន​ជាមិនខាន ហើយ​ពេល​នោះ ពលរដ្ឋ​ខ្មែរ​ទាំងអស់​នឹង​ទទួល​បាន​យុត្តិធម៌​គ្រប់ៗ​គ្នា។

លោក​បន្ត​ថា របប​ផ្ដាច់ការ​មិន​អាច​នៅ​ស្ថិតស្ថេរ​បាន​ទេ ខណៈ​មេដឹកនាំ​ផ្ដាច់ការ​ទាំងអស់​ក៏​នឹង​ដួល​រលំ​ដែរ។ លោក​ថា មិន​សំខាន់​ថា​ជន​ផ្ដាច់ការ​ខ្លាំង និង​មាន​អំណាច​ធំ​ប៉ុនណា​ទេ ព្រោះ​ជន​ផ្ដាច់ការ​មិន​អាច​យក​ឈ្នះ​អំណាច​របស់​ពលរដ្ឋ​បាន​ឡើយ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​រួម​គ្នា​រឹងមាំ ប្រាកដជា​អាច​ការពារ​ប្រទេស​ជាតិ​បាន និង​អាច​ដោះស្រាយ​បញ្ហា​ទឹកដី​របស់​ខ្លួន​បាន រួម​ទាំង​អាច​ដោះស្រាយ​បញ្ហា​បំណុល ហើយ​នឹង​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ ដែល​ជា​ឫសគល់​ដ៏​កខ្វក់​ក្នុង​សង្គម​ជាតិ​របស់​ខ្លួន​បាន​ដូច​គ្នា​ដែរ​ជាមិនខាន​ឡើយ។

កាលពី​ថ្ងៃទី​១៧ តុលា សាលាក្ដី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៃ​ប្រទេស​បង់ក្លាដេស បាន​ចេញ​ដីកា​ចាប់​ខ្លួន​អ្នកស្រី ហ្សេក ហាស់ ស៊ីណា អតីត​នាយករដ្ឋមន្ត្រី​បង់ក្លាដេស ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ទៅ​លើ​ចលនា​និស្សិត និង​យុវជន​បង់ក្លាដេស អំឡុង​ការ​បះបោរ​នយោបាយ​ដ៏​ហិង្សា​មួយ​នៅ​ដើម​ខែ​សីហា ដែល​កម្លាំង​មហាជន​បាន​រុញ​ស្ត្រី​ក្រាញ​អំណាច​ម្នាក់​នេះ​ធ្លាក់​ពី​អំណាច។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​កម្មវិធី​ទទួលទាន​អាហារ​ជាមួយ​សមាគម​ឧកញ៉ា​កាលពី​ពេល​កន្លង​ទៅ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក នោះ​ច្បាស់​ជា​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត​មនុស្ស​យ៉ាង​ច្រើន​ដូច​នៅ​ប្រទេស​បង់ក្លាដេស (Bangladesh) ដែរ។

យ៉ាងណា​ក៏ដោយ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ដើម្បី​ការពារ​អំណាច​ក្នុង​គ្រួសារ​របស់​ខ្លួន​ដូច​គ្នា​ទៅ​នឹង​ការ​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​បង់ក្លាដេស ដែរ ដែល​ខុស​ទៅ​នឹង​ខ្លឹមសារ​ធម្មនុញ្ញ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ចំណែក​អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​លើកឡើង​ថា នៅ​ពេល​ដែល​ការ​ទាមទារ​របស់​ពលរដ្ឋ​ឈរ​លើ​ភាព​ត្រឹមត្រូវ និង​ប្រើប្រាស់​វិធីសាស្ត្រ​អហិង្សា ការ​ប្ដេជ្ញា​ចិត្ត​មិន​ងាករេ និង​មិន​រាថយ នោះ​ការ​ទាមទារ​របស់​ពួកគេ​ច្បាស់​ជា​អាច​បង្ខំ​ឱ្យ​មេដឹកនាំ​ផ្ដាច់ការ​រឹងមាំ​បំផុត ចុះ​ចេញពី​តំណែង ឬ​រត់​ចេញពី​ប្រទេស​ដោយ​ភាព​អាម៉ាស់​ជាមិនខាន៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស