នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅក្នុងខែធ្នូ ឆ្នាំនេះ ប្រទេសកម្ពុជានឹងត្រូវទទួលភារកិច្ចរៀបចំកិច្ចប្រជុំអំពី «គម្រោងអភិវឌ្ឍន៍ត្រីកោណ CLV-DTA» ប្រសិនបើប្រទេសកម្ពុជាមិនបានដកខ្លួនចេញពីការអភិវឌ្ឍតំបន់នេះរួមគ្នាកាលពីប៉ុន្មានខែមុនទេនោះ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ថ្ងៃទី២៤ តុលា នេះ ថាការបន្តបំផុសរឿង CLV-DTA គឺបង្កឱ្យខ្មែរបែកបាក់ផ្ទៃក្នុង ដែលជាចេតនាដ៏អាក្រក់ពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក ខណៈដែលប្រទេសកម្ពុជាខិតខំយ៉ាងលំបាកដើម្បីស្វែងរកសន្តិភាព និងអភិវឌ្ឍជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជានឹងត្រូវរៀបចំកិច្ចប្រជុំ CLV-DTA នៅខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែដោយសារប្រទេសកម្ពុជាសម្រេចបញ្ចប់នូវកិច្ចសហប្រតិបត្តិការ CLV-DTA នេះ ទើបមិនមានប្រជុំបែបនេះទេ។
លោក ហ៊ុន ម៉ាណែត បន្តថា ការបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ដើម្បីបញ្ចប់ភាពហ្មងសៅរវាងប្រជាជន និងប្រជាជន។
កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅថ្មីៗ ប្រទេសកម្ពុជាបានប្រកាសដកខ្លួនចេញពីគម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណរួមគ្នាជាមួយវៀតណាម និងឡាវ (CLV-DTA) ដោយសារភាពចាំបាច់ខាងនយោបាយ និងគិតគូរពីក្តីកង្វល់របស់ប្រជាជនអំពីបញ្ហាបាត់បង់ទឹកដី។
ទោះបីជារាជរដ្ឋាភិបាលបានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA តែកម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជិតខាងដដែល ហើយថាប្រទេសកម្ពុជាមានកិច្ចសហប្រតិបត្តិការមួយផ្សេងទៀតជាមួយវៀតណាម ឡាវ និងភូមា គឺកិច្ចសហប្រតិបត្តិការ CLMV ដែលជាយន្តការអាស៊ានបង្កើតឡើងកាលពីឆ្នាំ២០០០។
ចំណែកឯភាគីវៀតណាម គេក៏បានបញ្ជាក់នៅជំនួបក្រៅកិច្ចប្រជុំអាស៊ាននៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាពេលថ្មីៗនេះថា វៀតណាមនឹងបន្តពិគ្រោះយោបល់ជាមួយភាគីកម្ពុជា និងឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទោះបីប្រទេសកម្ពុជាដើរចេញពីគម្រោងតំបន់អភិវឌ្ឍន៍រួមគ្នា CLV-DTA ក្តី។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន លើកឡើងថា វៀតណាមនៅតែអាចបន្តមហិច្ឆតាឈ្លានពានទឹកដីខ្មែរនៅភូមិភាគឦសានដូចមុនដដែល ព្រោះរាជរដ្ឋាភិបាលកម្ពុជាមិនបានដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណដោយពិតប្រាកដទេ ខណៈកិច្ចសហប្រតិបត្តិការត្រីភាគីជាប្រពៃណីកម្ពុជា ឡាវ និង វៀតណាម ដែលបង្កើតឡើងនៅពេលនេះ ក៏ជាផែនការឈ្លានពានទឹកដីខ្មែរបន្តពីគម្រោងត្រីកោណអភិវឌ្ឍន៍ CLV DTA ដែរ។
លោក អ៊ុំ សំអាន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបន្តការធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ និងកិច្ចសហប្រតិបត្តិការត្រីភាគីកម្ពុជា ឡាវ និងវៀតណាម បន្តទៀត ដើម្បីឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងទាំងនេះដោយពិតប្រាកដ មុននឹងត្រូវវៀតណាមឈ្លានពានទឹកដីរបស់ខ្លួនដូចប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោម។
ទាក់ទងគម្រោងអភិវឌ្ឍន៍តំបន់រួម CLV-DTA នេះ រដ្ឋាភិបាលក៏បានបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ផងដែរកាលពីថ្ងៃទី២២ ខែសីហា សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្តោយព្រំដែន។ គិតត្រឹមថ្ងៃទី២០ ខែតុលា មូលនិធិទទួលបានថវិកាជាង ២៦លានដុល្លារសហរដ្ឋអាមេរិកពីសប្បុរសជនប្រមាណ ៧០ម៉ឺនរូប។ ការទទួលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែននេះ នឹងបិទបញ្ចប់ត្រឹមថ្ងៃទី៣១ ខែតុលា៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

