27.5 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​តួអង្គ​តែ​មួយ​គត់​ដែល​កំពុង​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ហេតុ​ធ្វើ​ឱ្យ​បែកបាក់​ជាតិ​ខ្មែរ​កាន់តែ​ធ្ងន់ធ្ងរ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (Cambodian Advocacy Team) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​មួយ​នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ជា​រឿង​អកុសល​បំផុត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​បំភ្លេច​ចោល​នូវ​គោលបំណង​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ចាប់​យក​ការ​ដឹកនាំ​តាម​បែប​បំពាន​សិទ្ធិមនុស្ស បំពាន​រដ្ឋធម្មនុញ្ញ គ្មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​សេរី​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន។

ប្រភព​ខាងលើ​អះអាង​ថា ជាង​នេះ​ទៀត បក្ស​កាន់​អំណាច​ក៏​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៧ ដោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​តំណាង​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​មាន ៥៥​អាសនៈ​ក្នុង​រដ្ឋសភា​នៅ​ថ្នាក់​ជាតិ និង​បំផ្លាញ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង​ជាង ៥​ពាន់​នាក់​ក្នុង​ភាព​ជា​តំណាង​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ថ្នាក់​ក្រោម​ជាតិ​ថែម​ទៀត។

ប្រភព​ដដែល​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចេតនា​បំបាត់​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ចាប់​យក​ការ​ដឹកនាំ​តាម​របៀប​ផ្ដាច់ការ គ្រួសារ​និយម និង​បក្សពួក​និយម ដែល​ជា​ដើមចម​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ទាំងមូល​ចូល​ក្នុង​រណ្ដៅ​នៃ​អំពើពុករលួយ ធ្លាក់​ក្នុង​បំណុល​បរទេស​វ័ណ្ឌក​ទៅ​ថ្ងៃ​អនាគត។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក ហុង លីម លើកឡើង​នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ការ​បោះបង់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ គឺជា​ចេតនា​ដែល​ចង់​រុញច្រាន​ឱ្យ​ប្រទេស​កម្ពុជា​វិល​ទៅ​រក​ស្ថានភាព​មុន​សម័យកាល​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​វិញ។

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​រូប​នេះ​អំពាវនាវ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា​ភាគី​នៅ​សល់​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពិនិត្យ​មើល​ឡើងវិញ​ពី​ស្មារតី​រួម ដើម្បី​ធានា​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ និង​រដ្ឋធម្មនុញ្ញ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​គោលបំណង​បង្កើត​សន្តិភាព​ពិតប្រាកដ យុត្តិធម៌​សង្គម ប្រជាធិបតេយ្យ និង​ផ្សះផ្សា​ជាតិ​ខ្មែរ​ទាំងមូល។

កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៤ ចំ​ថ្ងៃ​ខួប ៣៣​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ថា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏​ពិត​មែន ប៉ុន្តែ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ គឺ ប៉ុល ពត នៅតែ​បន្ត​ដដែល ទាល់តែ​ដល់​ឆ្នាំ​១៩៩៨ ទើប​សង្គ្រាម​ស៊ីវិល​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ គឺ​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​នៅ​កម្ពុជា ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ គោរព​សិទ្ធិមនុស្ស ឯករាជភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​កម្ពុជា និង​ការ​កសាង​កម្ពុជា​ឡើងវិញ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស