33.8 C
Phnom Penh

ពិភពលោក​កំពុង​រង់ចាំ​មើល​ម្ចាស់​ថ្មី​នៅ​សេតវិមាន​កើត​ចេញពី​ការ​បោះឆ្នោត​ថ្ងៃទី​៥ វិច្ឆិកា នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃទី​០៥ ខែ​វិច្ឆិកា ខាងមុខ​នេះ ប្រជាជន​អាមេរិក​នឹង​កាន់​សន្លឹកឆ្នោត​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​ខ្លួន ដែល​ពេល​នេះ​បេក្ខជន​មាន​លោក ដូណាល់ ត្រាំ ជា​អតីត​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ និង​អ្នកស្រី កាម៉ាឡា ហារីស ជា​អនុប្រធានាធិបតី​អាមេរិក​នៃ​រដ្ឋការ​របស់​លោក បៃដិន មកពី​បក្ស​ប្រជាធិបតេយ្យ។

មាន​លោក ត្រាំ ជា​បេក្ខជន​ប្រធានាធិបតី ធ្វើ​ឱ្យ​គេ​នឹក​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០១៦ ដែល​បុរស​រូប​នេះ​ឈ្នះ​បេក្ខជន​ជា​ស្ត្រី គឺ​អ្នកស្រី Hillary Clinton តែ​នៅ​ឆ្នាំ​២០២០ បែរជា​លោក​ចាញ់​លោក បៃដិន។ នៅ​ខណៈ​នេះ ពិភពលោក​កំពុង​រង់ចាំ​មើល​ម្ចាស់​ថ្មី​នៅ​សេតវិមាន​កើត​ចេញពី​ការ​បោះឆ្នោត ថា​តើ​លោក ដូណាល់ ត្រាំ ឬ​អ្នកស្រី កាម៉ាឡា ហារីស។

ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូល​ដល់​ដំណាក់កាល​ចុងក្រោយ។ គោលនយោបាយ​នៃ​ក្រុម​ឃោសនា​បោះឆ្នោត​របស់​បេក្ខជន​ទាំង​ពីរ​ដែល​ផ្ដោត​លើ​បញ្ហា​សេដ្ឋកិច្ច សង្គមកិច្ច ច្បាប់​អន្តោប្រវេសន៍ សិទ្ធិ​រំលូត​កូន ការ​ពង្រឹង​សណ្ដាប់ធ្នាប់​សង្គម ការ​ជួយ​និស្សិត​ចេញពី​សាកលវិទ្យាល័យ​មាន​ការងារ​ធ្វើ រួម​ទាំង​ការ​ពង្រឹង​សណ្ដាប់ធ្នាប់​ពិភពលោក នយោបាយ​ការបរទេស ការ​ការពារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សកល សុទ្ធតែ​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​អ្នក​បោះឆ្នោត​អាមេរិក។

នៅ​ក្នុង​អារម្មណ៍​របស់​ពិភពលោក សង្គ្រាម​ធំ​ពីរ គឺ​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន និង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​កំពុង​ស្ថិត​ក្នុង​ការ​ទន្ទឹង​រង់ចាំ​នូវ​ការ​ប្រើ​អំណាច និង​យុទ្ធសាស្ត្រ​ដ៏​មាន​ឥទ្ធិពល​របស់​ម្ចាស់​ថ្មី​នៅ​សេតវិមាន។

ជាមួយ​គ្នា​នេះ បញ្ហា​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​ហ្វីលីពីន បញ្ហា​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងកើត​រវាង​ជប៉ុន និង​ចិន បញ្ហា​ជ្រោយ​ឧបទ្វីប​កូរ៉េ កំពុង​រំអិល​ទៅ​រក​សង្គ្រាម​ជា​ថ្មី ដែល​រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​នៃ​ត្រកូល គីម គំរាម​កម្ទេច​ពិភពលោក​ដោយ​អាវុធ​នុយក្លេអ៊ែរ រួម​ទាំង​ការ​ងើប​ឡើង​នូវ​ប្រព័ន្ធ​ដឹកនាំ​ផ្ដាច់ការ​បែប​សក្ដិភូមិ​ទម្រង់​ថ្មី ជា​ក្ដី​រំពឹង​របស់​ពិភពលោក​ទៅ​លើ​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក​ដែល​ចេញពី​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​៥ វិច្ឆិកា។

នៅ​ក្នុង​របៀបវារៈ​នយោបាយ​រវាង​លោក ដូណាល់ ត្រាំ និង​អ្នកស្រី កាម៉ាឡា ហារីស ទាក់ទង​នឹង​ការ​ពង្រឹង​សណ្ដាប់ធ្នាប់​ពិភពលោក នយោបាយ​ការបរទេស ការ​ការពារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សកល វា​បាន​បង្ហាញ​នូវ​ភាព​ខុស​គ្នា​នៃ​ការ​ដោះស្រាយ​រវាង​បេក្ខជន​ទាំង​ពីរ​រូប​នេះ។

បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន លោក ដូណាល់ ត្រាំ បាន​រិះគន់​រដ្ឋការ​លោក ចូ បៃដិន ថា​បាន​យក​ប្រាក់​ពាន់​លាន​ដុល្លារ​របស់​ប្រជាជន​អាមេរិក​ទៅ​បំផ្លាញ ក្នុង​ការ​ជួយ​ទំនុក​បម្រុង​អ៊ុយក្រែន ដែល​លោក ត្រាំ ថា​ធ្វើ​សង្គ្រាម​មិន​ឈ្នះ​រុស្ស៊ី។

លោក ដូណាល់ ត្រាំ អះអាង​ថា បើ​លោក​ឈ្នះ​ឆ្នោត មិន​ថា​តែ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន គឺ​នៅ​មជ្ឈិមបូព៌ា លោក​នឹង​ដោះស្រាយ​ជួយ​បញ្ចប់​សង្គ្រាម​បាន​ភ្លាម។ លោក ត្រាំ អួត​ថា​លោក​នឹង​ស្រាយ​វិបត្តិ​ទាំង​ពីរ​នេះ​ឱ្យ​បាន​មុន​លោក​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ បើ​លោក​ក្លាយ​ជា​ម្ចាស់​ថ្មី​ឡើងវិញ​នៅ​សេតវិមាន។

ចំពោះ​វិបត្តិ​តានតឹង​នៅ​លើ​ជ្រោយ​ឧបទ្វីប​កូរ៉េ បញ្ហា​សមុទ្រ​ចិន​ខាងកើត សមុទ្រ​ចិន​ខាងត្បូង រួម​ជាមួយ​នឹង​ករណី​ចិន គំរាម​ចង់​លេប​កោះ​តៃវ៉ាន់ ក៏​លោក ត្រាំ អួតអាង​ថា​រដ្ឋការ​របស់​លោក​នឹង​ជួយ​បន្ថយ​បាន​ភ្លាម​ភាព​តានតឹង​ទាំងនោះ។ នេះ​ជា​ការ​សន្យា​របស់​លោក ត្រាំ ជា​បេក្ខជន​មកពី​បក្ស​សាធារណរដ្ឋ។

ចំពោះ​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន អ្នកស្រី កាម៉ាឡា ហារីស បាន​អះអាង​ថា រដ្ឋការ​របស់​អ្នកស្រី​នៅតែ​បន្ត​ប្ដេជ្ញា​ឈរ​នៅ​ខាង​អ៊ុយក្រែន គឺ​ជួយ​អ៊ុយក្រែន ឱ្យ​ឈ្នះ​ការ​ឈ្លានពាន​ពី​រុស្ស៊ី។

អ្នកស្រី ហារីស បាន​ថ្លែង​ចំអក​ដាក់​ថា បើ​លោក ត្រាំ បាន​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ជា​ថ្មី​ទៀត គឺ​មេដឹកនាំ​ផ្ដាច់ការ​នៅ​លើ​ពិភពលោក រាប់​ទាំង​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែល​បញ្ជា​ឱ្យ​លើក​ទ័ព​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​មេដឹកនាំ​ផ្ដាច់ការ​ជាច្រើន​ទៀត នឹង​ក្លាយ​ជា​មិត្ត​ស្និទ្ធស្នាល​នឹង​លោក ត្រាំ។

ករណី​សង្គ្រាម​កំពុង​ផ្ទុះ​នៅ​តំបន់​មជ្ឈិមបូព៌ា សម្រាប់​អ្នកស្រី ហារីស បាន​សន្យា​ការពារ​បុព្វហេតុ​យុត្តិធម៌​អ៊ីស្រាអែល តែ​ចំពោះ​ទុក្ខវេទនា​របស់​ប្រជាជន​ប៉ាឡេស្ទីន អ្នកស្រី​ថ្លែង​ថា​ត្រូវតែ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ។ អ្នកស្រី​ប្រឆាំង​ដាច់ខាត​ឥទ្ធិពល​របស់​អ៊ីរ៉ង់ នៅ​ក្នុង​តំបន់​នេះ ដែល​អ្នកស្រី​ថា​អ៊ីរ៉ង់ ជា​ប្រទេស​ដែល​បង្ក​អសន្តិសុខ​នៅ​ក្នុង​តំបន់។

ដោយឡែក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​កំពុង​ឡើង​កម្ដៅ អ្នកស្រី ហារីស អះអាង​ថា​រដ្ឋការ​របស់​លោក បៃដិន បាន​ខិតខំ​ខ្លាំង​ទប់ស្កាត់​ឥទ្ធិពល​ចិន និង​ភាព​កំរោល​របស់​កូរ៉េខាងជើង ដោយ​កាត់បន្ថយ​ប្រទេស​ពីរ​នេះ​មិន​ឱ្យ​រីក​រាលដាល​នូវ​អនុត្តរភាព​បាន​ឡើយ។ សម្រាប់​អ្នកស្រី​នៅតែ​សន្យា​ប្រកាន់ខ្ជាប់​គោលនយោបាយ​ការបរទេស​របស់​រដ្ឋការ​លោក បៃដិន។

ទោះជា​យ៉ាងណា ប្រជាជន​អាមេរិក​រាប់​លាន​នាក់ រួម​ទាំង​មជ្ឈដ្ឋាន​កណ្ដាល​ដែល​មិន​ទោរទន់​ខ្លាំង​ទៅ​រក​បេក្ខជន​ទាំង​ពីរ​រូប​នេះ ពួកគេ​កំពុង​ព្រួយបារម្ភ​ថា​តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​លោក ត្រាំ បរាជ័យ គឺ​ពិត​ណាស់​លោក ត្រាំ នឹង​មិន​ទទួលស្គាល់​ថា​ខ្លួន​ពិត​ជា​ចាញ់​នោះ​ទេ ដែល​រឿង​នេះ​វា​កើត​មាន​ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លើក​ទី​៤៦ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ពេល​នោះ​លោក ត្រាំ មិន​បាន​ទទួលស្គាល់​ជ័យជម្នះ​របស់​លោក បៃដិន នោះ​ទេ។

ពួកគេ​បារម្ភ​ថា បើ​លោក ត្រាំ ចាញ់​ឆ្នោត វិមាន​រដ្ឋសភា​អាច​នឹង​ត្រូវ​បាតុករ​គាំទ្រ​លោក ត្រាំ ដែល​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ផ្លោះ​របង​វាយ​អុកឡុក​ជា​ថ្មី​ម្ដង​ទៀត ព្រោះ​តែ​លោក ត្រាំ គំរាម​រួច​ហើយ​ថា បើ​លោក​ចាញ់​ឆ្នោត​ម្ដង​ទៀត គឺ​ក្រុម​មន្ត្រី​រៀបចំ​បោះឆ្នោត​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ លោក ត្រាំ គំរាម​ចាប់​មន្ត្រី​បោះឆ្នោត​ទាំងនោះ​ទៀត​ផង។

តើ​លោក ដូណាល់ ត្រាំ អាច​បង្កើត​ប្រវត្តិសាស្ត្រ​ម្ដង​ទៀត​ដែរ​ឬ​ទេ ឬ​សហរដ្ឋ​អាមេរិក​ផ្លាស់ប្ដូរ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មាន​ស្ត្រី​ជា​ប្រធានាធិបតី​ដឹកនាំ​ប្រទេស​មហាអំណាច​នេះ?

ទាំងនេះ កំពុងតែ​រង់ចាំ​ការ​មក​ដល់​នូវ​ពេលវេលា​ដែល​កំពុង​ធ្វើការ​ផ្លាស់ប្ដូរ ហើយ​ពិភពលោក​ក៏​កំពុង​រង់ចាំ​ថា​តើ​ម្ចាស់​ថ្មី​សេតវិមាន​ជា​បុរស​វ័យ ៧៨​ឆ្នាំ ឬ​ជា​ស្ត្រី​វ័យ ៦០​ឆ្នាំ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស