តំណាងរាស្ត្របក្សប្រឆាំងថាបើរាជរដ្ឋាភិបាលប្រទេសកម្ពុជាហ៊ានប្រគល់កោះគុត ទៅឱ្យប្រទេសថៃ ទាំងស្រុងដូចនាយករដ្ឋមន្ត្រីថៃ អះអាងមែននោះ គឺបញ្ជាក់យ៉ាងច្បាស់ថាត្រកូលហ៊ុនជាជនក្បត់ជាតិខ្មែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ វិច្ឆិកា នេះថា មានភស្តុតាងច្រើនណាស់ដែលបញ្ជាក់ថា ២ភាគ៣ នៃទឹកដីកោះគុត គឺជារបស់ខ្មែរ។ លោកថា ការពិតជាក់ស្តែង សន្ធិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ចែងថា «ព្រំប្រទល់រវាងប្រទេសឥណ្ឌូចិនបារាំងសែស និងប្រទេសសៀម ចាប់ផ្តើមចេញពីមាត់សមុទ្រកាត់តាមចំណុចមួយនៅចំពីមុខកោះគុត ត្រង់កំពូលខ្ពស់បំផុត» ខណៈផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញាដដែលនេះ ក៏បង្ហាញពីខ្សែបន្ទាត់ព្រំដែនសមុទ្រចេញពីបង្គោលព្រំដែនសម័យបារាំង នៅលើឆ្នេរសមុទ្រនៅតំបន់ចាំយាម នៃខេត្តកោះកុង រត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត ដែរ។
លោក អ៊ុំ សំអាន លើកឡើងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤១ សង្គ្រាមបារាំង-សៀម ផ្ទុះឡើងនៅលើកោះឆាង ក៏ដោយសារតែបារាំង ការពារកោះគុត មិនឱ្យកងទ័ពថៃ ឈ្លានពានលើដែនអធិបតេយ្យភាពខ្មែរជុំវិញការដណ្តើមកាន់កាប់កោះគុតនេះដែរ។
ក្រៅពីនេះ នៅអំឡុងឆ្នាំ១៩៦៥ សង្គ្រាមរវាងប្រទេសកម្ពុជា និងប្រទេសថៃ លើបញ្ហាកោះគុត ដែលភាគីខ្មែរទាមទារយកចំណុចខ្ពស់បំផុតនៅលើកោះនេះ ក៏ដោយសារតែផ្អែកទៅលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ នេះដែរ។ លុះក្រោយមកទៀត ក្នុងសម័យសង្គមរាស្ត្រនិយម កងទ័ពខ្មែរក៏បានទៅឈរជើងនៅលើកោះគុតថែមទៀត។
នៅអំឡុងឆ្នាំ១៩៧២ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរដឹកនាំដោយលោក លន់ នល់ ក៏បានគូសផែនទីសមុទ្រផ្អែកតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ដើម្បីកំណត់ព្រំដែនសមុទ្ររវាងប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីបញ្ជាក់ដែរ។
ដោយឡែកមួយទៀត សម័យកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ទ័ពខ្មែរក្រហមក្រោម ប៉ុល ពត ក៏បានកាន់កាប់កោះគុតទាំងមូលដោយឧត្ដមសេនីយ៍ មាស មុត ដែរ ប៉ុន្តែសព្វថ្ងៃនេះ ថៃកំពុងតែគ្រប់គ្រងកោះគុតទាំងស្រុងដោយចាត់ទុកកោះនោះជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួនទៅវិញ។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះអះអាងថា បើប្រទេសកម្ពុជាបាត់បង់កោះគុតទាំងស្រុងទៅប្រទេសថៃ វាក៏នឹងនាំឱ្យព្រំដែនសមុទ្រដ៏ច្រើនរបស់ខ្មែរបាត់បង់ទៅប្រទេសថៃ ដូចគ្នាដែរ ខណៈសន្ធិសញ្ញាបារាំង-សៀម កំណត់ថា ថៃទទួលបានចំណែកដីនៃកោះគុតត្រឹមតែ ១ភាគ៣ ប៉ុណ្ណោះ។
លោក អ៊ុំ សំអាន បញ្ជាក់ថា ប្រទេសថៃ នឹងមិនឱ្យចំណែក ២/៣ នៃកោះគុត មកប្រទេសកម្ពុជាវិញទេ បើរដ្ឋាភិបាលក្រុងភ្នំពេញចរចាទ្វេភាគីជាមួយថៃ ដូច្នេះជម្រើសមានតែមួយគត់ គឺប្រទេសកម្ពុជាត្រូវតែប្តឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ (Permanent Court of Arbitration = PCA) នៅទីក្រុងឡាអេ ដោយប្រើប្រាស់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដើម្បីទាមទារទឹកដី ២ភាគ៣ នៃកោះគុត ដែលជាទឹកដីរបស់ខ្មែរត្រឡប់មកវិញ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានអះអាងទៅកាន់ប្រជាពលរដ្ឋថៃ ថា គ្មានការសង្ស័យទេ កោះគុតជាទឹកដីអធិបតេយ្យរបស់ថៃ ផ្ដាច់មុខ។
នាយករដ្ឋមន្ត្រីថៃរូបនេះបញ្ជាក់ថា ទាំងថៃ ទាំងកម្ពុជា បានទទួលស្គាល់រួមគ្នារួចហើយថា កោះគុតជាទឹកដីថៃ ក្រោមសន្ធិសញ្ញាបារាំង ដោយភាគីកម្ពុជាមិនបានទាមទារយកកោះនេះឡើយ។
បញ្ជីឈ្មោះជាផ្លូវការនៃកោះខ្មែរសម័យសង្គមរាស្ត្រនិយម អំឡុងឆ្នាំ១៩៦៩ ប្រទេសកម្ពុជាមានកោះទាំងអស់ចំនួន ៦៤កោះ ប៉ុន្តែសព្វថ្ងៃនេះ ប្រទេសកម្ពុជាបានបាត់បង់កោះចំនួន ៣ ហើយ គឺកោះត្រល់ និងចង្កោមកោះក្រចកសេះ ដែលបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ខណៈកោះគុត ក៏កំពុងធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសថៃ ដែរ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

