35.9 C
Phnom Penh

អនុប្រធានាធិបតី​អាមេរិក អ្នកស្រី ហារីស ទទួលស្គាល់​ការ​ចាញ់​ឆ្នោត និង​ថ្លែង​ជូនពរ​លោក ដូណាល់ ត្រាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី កាម៉ាឡា ហារីស បាន​ថ្លែង​ទទួលស្គាល់​បរាជ័យ​របស់​អ្នកស្រី​ដែល​ចាញ់​ឆ្នោត​អតីត​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាមួយ​នឹង​ការ​លើក​ទឹកចិត្ត​ក្រុម​អ្នកគាំទ្រ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​អ្នកស្រី ឱ្យ​ទទួលស្គាល់​បរាជ័យ និង​ទទួលស្គាល់​ជ័យជម្នះ​របស់​លោក ដូណាល់ ត្រាំ។

ក្នុង​ទឹកមុខ​ញញឹម និង​ពោរពេញ​ដោយ​មោទនភាព អ្នកស្រី ហារីស ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ដែល​មាន​អ្នក​ខ្លះ​សម្រក់​ទឹកភ្នែក​សោកស្ដាយ​ដែល​ជ័យជម្នះ​មិន​គួរ​បាន​ទៅ​លោក ដូណាល់ ត្រាំ។ អ្នកស្រី ហារីស ចាប់​យក​ទីកន្លែង​មួយ​ក្នុង​សាកលវិទ្យាល័យ Howard ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ជា​ទី​ដែល​អ្នកស្រី​ថ្លែង​អរគុណ​អ្នកគាំទ្រ និង​ក្រុម​យុទ្ធនាការ​បោះឆ្នោត​របស់​អ្នកស្រី និង​បក្ស​ប្រជាធិបតេយ្យ។

អ្នកស្រី ហារីស បាន​ថ្លែង​ថា បើ​ទោះ​អ្នកស្រី​ទទួលស្គាល់​បរាជ័យ​ក្នុង​ការ​បោះឆ្នោត តែ​អ្នកស្រី​មិន​បោះបង់​ចោល​ការ​ប្រយុទ្ធ​តស៊ូ​ដែល​បាន​ជំរុញ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឈាន​មក​ដល់​ទី​ប្រកួត​នោះ​ទេ។ ជាមួយ​គ្នា​នេះ អ្នកស្រី ហារីស សន្យា​បន្ត​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ស្ត្រី សេរីភាព​ប្រជាពលរដ្ឋ​អាមេរិកាំង ប្រឆាំង​នឹង​អំពើ​ហិង្សា​ដោយ​កាំភ្លើង ហើយ​នឹង​ប្រយុទ្ធ​តស៊ូ​ដើម្បី​ភាព​ថ្លៃថ្នូរ​សម្រាប់​មនុស្ស​ជាតិ​ទាំងអស់។

អ្នកស្រី​បាន​បញ្ជាក់​ថា នៅ​ពេល​យើង​ចាញ់​ឆ្នោត យើង​ត្រូវ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ហើយ​យើង​ត្រូវ​មាន​មោទនភាព​ដែល​យើង​បាន​ឈាន​ជើង​ដល់​ទី​ផ្ដាច់ព្រ័ត្រ។

សារ​របស់​អ្នកស្រី ហារីស បាន​ទាញ​អារម្មណ៍​អ្នកគាំទ្រ​ដោយ​ផ្ដោត​ទៅ​លើ​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​លោក ត្រាំ ចាញ់​ឆ្នោត​ក្នុង​ការ​ប្រកួត​ជាមួយ​លោក បៃដិន គឺ​នៅ​ពេល​នោះ លោក ត្រាំ មិន​ត្រឹមតែ​មិន​បាន​ទៅ​ចូលរួម​ផ្ទេរ​អំណាច​ទៅ​លោក បៃដិន បែរ​លោក​ត្រូវ​បាន​ជាប់​ចោទ​ថា​ជា​មេខ្លោង​នៅ​ពីក្រោយ​ការ​បញ្ឆេះ​កុបកម្ម​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត រហូត​ដល់​កុបករ​សម្រុក​ចូល​វាយ​កម្ទេច​វិមាន​សភា​ជាតិ ហៅថា Capitol។

អ្នកស្រី ហារីស ក៏​បាន​ឱ្យ​ដឹង​ថា អ្នកស្រី​បាន​ហៅ​ទូរសព្ទ​ទៅ​កាន់​លោក ដូណាល់ ត្រាំ ដើម្បី​សម្ដែង​ការ​អបអរ​សាទរ ជូនពរ ហើយ​សន្យា​ថា​នឹង​ចូលរួម​ក្នុង​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន USA Today នៅ​ថ្ងៃទី​៧ ខែ​វិច្ឆិកា។

ស្រប​ពេល​នេះ​ដែរ លោក​ប្រធានាធិបតី ចូ បៃដិន បាន​ហៅ​ទូរសព្ទ​ទៅ​កាន់​លោក ដូណាល់ ត្រាំ ដើម្បី​អបអរ​សាទរ​ជ័យជម្នះ​របស់​លោក ត្រាំ និង​បាន​អញ្ជើញ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​រូប​នេះ​មក​ជួប​គ្នា​នៅ​សេតវិមាន។

មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ជាច្រើន​ក្នុង​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​អាមេរិកាំង ដែល​និយាយ​ថា នេះ​ហើយ​គេ​ហៅថា​របប​ប្រជាធិបតេយ្យ៖ បើ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​សុចរិត​ហើយ គេ​មិន​ឡាំប៉ា​កើតទុក្ខ​មិន​សុខចិត្ត​ទៅ​បំបះបំបោរ​ប្រជាពលរដ្ឋ ដើម្បី​រក្សា​អំណាច​មួយ​ជីវិត​នោះ​ទេ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ពី​សេតវិមាន​បញ្ជាក់​ថា អំឡុង​កិច្ចសន្ទនា​ជាមួយ​លោក ត្រាំ លោក បៃដិន បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​លោក​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ផ្ទេរ​អំណាច​ដោយ​រលូន ដែល​នាំ​មក​នូវ​ការ​ឯកភាព​ជាតិ។

សេចក្ដី​ថ្លែងការណ៍ ក៏​បាន​បញ្ជាក់​ថា លោក បៃដិន ក៏​បាន​ជជែក​គ្នា​ជាមួយ​អ្នកស្រី ហារីស និង​បាន​អបអរ​សាទរ​ដល់​អ្នកស្រី​អនុប្រធានាធិបតី ចំពោះ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នៃ​ក្រុម​យុទ្ធនាការ​ខាង​អ្នកស្រី។

នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​អង្គារ ទី​៥ វិច្ឆិកា លោក ដូណាល់ ត្រាំ ពី​គណបក្ស​សាធារណរដ្ឋ បាន​យក​ឈ្នះ​អ្នកស្រី ហារីស ពី​គណបក្ស​ប្រជាធិបតេយ្យ ដោយ​ទទួល​បាន​អង្គ​បោះឆ្នោត electoral college ឬ​តំណាង​ម្ចាស់​ឆ្នោត​ហៅថា electors ២៩៥​នាក់ លើស​ពី​ចំនួន ២៧០ ដែល​តម្រូវ​ការ​ចាំបាច់​តាម​ច្បាប់​បោះឆ្នោត​សហរដ្ឋ​អាមេរិក ទើប​បេក្ខជន​អាច​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី។ រីឯ​អ្នកស្រី ហារីស ទទួល​បាន​អង្គ​បោះឆ្នោត ២២៦។ ចំពោះ​សំឡេង​ឆ្នោត​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង ឬ Popular Vote លោក ត្រាំ ទទួល​បាន​សន្លឹកឆ្នោត​ជិត ៧៣​លាន​សំឡេង ចំណែកឯ​អ្នកស្រី ហារីស ទទួល​បាន​ជិត ៦៨​លាន​សំឡេង។

នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ក៏​មាន​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា ឬ​សភា​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ដែរ។ តាម​លទ្ធផល បក្ស​សាធារណរដ្ឋ​បាន​អាសនៈ ៥២​ក្នុង​អាសនៈ​សរុប​១០០ ដែល​នាំ​ឱ្យ​បក្ស​សាធារណរដ្ឋ មាន​សិទ្ធិ​គ្រប់គ្រង​ស្ថាប័ន​ព្រឹទ្ធសភា​ដ៏​មាន​អំណាច​នៃ​ប្រទេស​មហាអំណាច​នេះ។

ដោយឡែក​ការ​បោះឆ្នោត​សភា​តំណាងរាស្ត្រ ឬ​សភា​ជាន់​ទាប បក្ស​សាធារណរដ្ឋ កំពុង​នាំមុខ​បក្ស​ប្រជាធិបតេយ្យ ដោយ​បាន​អាសនៈ ២០៨ និង​បក្ស​ប្រជាធិបតេយ្យ បាន ១៨៩​អាសនៈ។ ចំពោះ​បក្ស​ណា​ដណ្ដើម​បាន​អាសនៈ ២១៨ ឡើង​ទៅ បក្ស​នោះ​នឹង​មាន​សិទ្ធិ​គ្រប់គ្រាន់ ពីព្រោះ​ជា​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា។

ក្នុង​ស្ថានភាព​នេះ ទំនង​បក្ស​សាធារណរដ្ឋ អាច​គ្រប់គ្រង​បាន​ប្រធាន​រដ្ឋសភា ដែល​នាំ​ឲ្យ​បក្ស​នេះ​គ្រប់គ្រង​បាន​ទាំង​ស្ថាប័ន​នីតិប្បញ្ញតិ និង​ស្ថាប័ន​នីតិប្រតិបត្តិ។

ព្រឹត្តិការណ៍​ធំ​មួយ​ទៀត​នឹង​មាន​ម្ដង​ទៀត​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ជា​ថ្ងៃ​ប្រារព្ធ​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​៤៧ ដោយ​លោក ដូណាល់ ត្រាំ ដែល​ជា​ពេលវេលា​នាំ​លោក ត្រាំ ត្រឡប់​ទៅ​កាន់​សេតវិមាន​ម្ដង​ទៀត ដែល​មាន​រយៈពេល ៤​ឆ្នាំ​នៃ​អាណត្តិ​ទី​២ របស់​លោក ត្រាំ។

ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ ប្រៀប​បាន​នឹង​ព្រឹត្តិការណ៍​ធំ​បំផុត​នៃ​ពិភពលោក ដែល​គ្រប់​ក្រសែភ្នែក​ក្នុង​ពិភពលោក​បាន​តាមដាន​យ៉ាង​ខ្លាំង​លើ​ដំណើរការ​រាប់​សន្លឹកឆ្នោត ដែល​មាន​គូប្រជែង ២​រូប។ ប្រជាពលរដ្ឋ​អាមេរិកាំង​ប្រមាណ ១៤០​លាន​នាក់ បាន​ចេញ​ទៅ​បោះឆ្នោត​ដោយ​ពុំ​មាន​ហិង្សា និង​គ្មាន​ការ​ចល័ត​ទ័ព​ដាក់​ពង្រាយ​កង​សន្តិសុខ រថពាសដែក​តាម​ដង​ផ្លូវ​ឡើយ ទោះជា​មាន​ការ​បំភ័យ​តាម​ទូរសព្ទ​ឥត​ការពិត​អំពី​ការ​ដាក់​គ្រាប់បែក​ផ្ទុះ​នៅ​ក្បែរ​កន្លែង​បោះឆ្នោត​តាម​រដ្ឋ​ចំនួន ៥ ក្តី។

សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នៃ​ប្រទេស​មហាអំណាច​នេះ បាន​នាំ​ឱ្យ​មេដឹកនាំ និង​អ្នក​នយោបាយ​នៅ​ទូទាំង​ពិភពលោក​តាមដាន និង​ធ្វើ​ការ​កត់ត្រា​ទុក​ក្នុង​អារម្មណ៍​របស់​ពួកគេ។

ទោះជា​យ៉ាងណា​ក៏ដោយ មាន​អ្នក​ស្នេហា​យុត្តិធម៌ សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ វិភាគ​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន​ធំ ទាំង​អ្នក​មាន ទាំង​អ្នកក្រ បារម្ភ​អំពី​គោលនយោបាយ​ថ្មី​អាមេរិកាំង ទាំង​គោលនយោបាយ​ក្នុង​ប្រទេស ទាំង​គោលនយោបាយ​ក្រៅ​ប្រទេស។ គេ​ថា​វា​អាច​ដើរ​ផ្ទុយ​ទិស​គ្នា​រវាង​ទស្សនវិស័យ​ខាង​បក្ស​ប្រជាធិបតេយ្យ និង​ខាង​បក្ស​សាធារណរដ្ឋ ពីព្រោះ​អតីត​វីរជន​អាមេរិកាំង​ធំៗ​ជាច្រើន​រូប ទាំង​ខាង​ស៊ីវិល ទាំង​យោធា មិន​ចាត់ទុក​លោក ត្រាំ តំណាង​ឲ្យ​បក្ស​សាធារណរដ្ឋ​ពិតៗ ហើយ​មិន​គាំទ្រ​លោក​ឡើយ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស