33.8 C
Phnom Penh

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា​ចលនា​ជាតិ​តស៊ូ​របស់​លោក សម រង្ស៊ី ជា​មធ្យោបាយ​ប្រមូល​លុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុក​ការ​បង្កើត «ចលនា​ជាតិ​តស៊ូ» ខាង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជា​ល្បិច​បង្កើត​ព្រឹត្តិការណ៍​ដើម្បី​ទប់ស្កាត់​សមាជិក​របស់​ខ្លួន​កុំ​ឱ្យ​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏​អាច​ជា​ល្បិច​ដើម្បី​ប្រមូល​លុយ​ពី​អ្នក​ចូលរួម​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ «វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល» ស្ថិត​ក្នុង​ខេត្ត​កែប នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ​ថា ការ​ប្រកាស​បង្កើត​ចលនា​តស៊ូ​ក្រៅ​ប្រទេស គ្រាន់តែ​ជា​ការ​បង្កើត​ព្រឹត្តិការណ៍​ទាក់ទាញ​ចំណាប់អារម្មណ៍​តែប៉ុណ្ណោះ ខណៈ​ដែល​មនុស្ស​ធ្លាប់​គាំទ្រ​ស្ម័គ្រស្មោះ​នឹង​ក្រុម​ប្រឆាំង កំពុង​អស់​ជំនឿ ហើយ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​កាន់តែ​ច្រើន​ឡើងៗ​ទៅ​ហើយ​នោះ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ក្រុម​ប្រឆាំង​ខំ​នាំគ្នា​បង្កើត​ចលនា​នៅ​ក្រៅ​ស្រុក​ជា​បន្តបន្ទាប់ ប៉ុន្តែ​អ្នកគាំទ្រ​របស់​ពួកគេ​កន្លង​មក​ក៏​កាន់តែ​ដើរ​ចេញ​ឈប់​គាំទ្រ​អ្នក​ទាំងនោះ​ជា​បន្តបន្ទាប់​ដែរ ព្រោះ​តែ​អ្នក​ទាំងនោះ​បាន​នាំគ្នា​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​ប្រកាស​បង្កើត​រដ្ឋ​ចលនា​តស៊ូ និង​រដ្ឋាភិបាល​ក្រៅ​ប្រទេស មាន​ន័យ​ថា​ពួកគេ​នៅតែ​បន្ត​ចិញ្ចឹម​ចិត្ត​ញុះញង់ អុជអាល និង​បបួល​មនុស្ស​ឲ្យ​បែងចែក​បក្ខពួក បែកបាក់​ជាតិ​ប៉ុណ្ណោះ។

លោក​គូសបញ្ជាក់​ថា លើស​ពី​នេះ អ្នក​ទាំងនោះ​ក៏​ឆ្លៀត​ចោទប្រកាន់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ថា​ជា​រាជរដ្ឋាភិបាល​មិន​ស្រប​ច្បាប់​ទៅវិញ ទោះបីជា​រដ្ឋាភិបាល​នេះ​បាន​កើត​ចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាង ៨​លាន​នាក់​តាម​រដ្ឋធម្មនុញ្ញ​ក៏ដោយ។

កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​បង្កើត​ចលនា​ជាតិ​តស៊ូ ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ​នៅ​ក្រៅ​ស្រុក ដែល​តំណាង​ឆន្ទៈ​ពិតប្រាកដ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ។

លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​បក្ស​នយោបាយ​នានា មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាដើម ត្រូវ​នាំគ្នា​ឈប់​គាំទ្រ​គណបក្ស​នយោបាយ​ទាំងនោះ ដោយ​ងាក​មក​គាំទ្រ​ការ​បង្រួបបង្រួម​ជាតិ​វិញ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​បង្កើត​ចលនា​ជាតិ​តស៊ូ​នេះ​ឡើង គឺ​ដោយសារតែ​លោក​មើល​ឃើញ​ថា ត្រកូល​ហ៊ុន​បាន​ប្លន់​អំណាច​ពី​ប្រជារាស្ត្រ​ខ្មែរ​តាមរយៈ​ការ​បោះឆ្នោត​ក្លែងក្លាយ​ជាច្រើន​លើក​ច្រើនសា និង​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ដាច់មុខ​របស់​ខ្លួន​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​មាន​ឯករាជ្យ បូរណភាព​ទឹកដី និង​ការ​រួបរួម​សាមគ្គី​ពិតប្រាកដ ទាល់តែ​ប្រទេស​នេះ​ត្រូវ​បាន​រំដោះ​ចេញពី​កណ្ដាប់ដៃ​គ្រួសារ​ត្រកូល​ហ៊ុន​ជា​មុន​សិន៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស