មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អំពាវនាវឱ្យពលរដ្ឋខ្មែរយកគំរូតាមពលរដ្ឋថៃ ទាមទារឱ្យនាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត ប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិទីក្រុងឡាអេ ទាមទារយកទឹកដី ២ភាគ៣ នៃកោះគុត មកគ្រប់គ្រងជាកម្មសិទ្ធិរបស់ខ្មែរវិញ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១០ វិច្ឆិកា នេះថា បើយោងតាមគេហទំព័រ Siam នៅថៃ ដែលបានចុះផ្សាយអំពីកោះគុត បញ្ជាក់ថា កោះនេះត្រូវបានថៃ កាន់កាប់ជាកម្មសិទ្ធិផ្ដាច់មុខទាំងស្រុងទៅហើយ។
មន្ត្រីបក្សប្រឆាំងរូបនេះលើកឡើងថា ពលរដ្ឋខ្មែរត្រូវដាក់សម្ពាធលើលោក ហ៊ុន ម៉ាណែត ឱ្យប្តឹងទៅតុលាការអចិន្ត្រៃយ៍មជ្ឈត្តវិនិច្ឆ័យ ឬតុលាការអាជ្ញាកណ្ដាលអន្តរជាតិ (PCA) ទាមទារយកទឹកដីរបស់ខ្លួននៅកោះគុត ត្រឡប់មកវិញ ដូចដែលពលរដ្ឋថៃ កំពុងទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ ការពារកោះគុត កុំប្រគល់មកប្រទេសកម្ពុជាវិញដូច្នោះដែរ។
លោក អ៊ុំ សំអាន ព្រមានថា ការសហការរកស៊ីរួមគ្នារវាងកម្ពុជា និងថៃ ក្នុងដែនសមុទ្រត្រួតស៊ីគ្នាអំពីប្រេង និងឧស្ម័ន នឹងនាំឱ្យកម្ពុជាបាត់បង់កោះគុត និងដែនសមុទ្រខ្មែរទៅប្រទេសថៃ បើកម្ពុជាមិនបានកំណត់ព្រំដែនសមុទ្រជាមួយថៃ មុននឹងធ្វើការសហការរកស៊ីនេះទេនោះ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានអះអាងទៅកាន់ប្រជាពលរដ្ឋថៃ ថា គ្មានការសង្ស័យទេ កោះគុតជាទឹកដីអធិបតេយ្យរបស់ថៃ ផ្ដាច់មុខទៅហើយ។
ទាក់ទិននឹងបញ្ហានេះ គេហទំព័រ Thailandblog របស់ថៃ បានចុះផ្សាយកាលពីពេលកន្លងទៅថា កោះគុត ជាកោះធំជាងគេទី៤ របស់ប្រទេសថៃ ហើយក៏ជាកោះដ៏ស្រស់ស្អាតបំផុតរបស់ប្រទេសថៃ ដែរ។
កោះគុត មានប្រវែងបណ្តោយប្រមាណជា ២៣គីឡូម៉ែត្រ និងទទឹងប្រវែងប្រមាណជា ៩គីឡូម៉ែត្រ ដែលលាតសន្ធឹងលើផ្ទៃក្រឡាសរុបប្រមាណជា ១០៥គីឡូម៉ែត្រការ៉េ។
យោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ គេបានកំណត់ថា ប្រទេសកម្ពុជាត្រូវទទួលបានទឹកដី ២/៣ នៃកោះគុត ចំណែកឯប្រទេសថៃ ទទួលបានតែ ១/៣ប៉ុណ្ណោះ ព្រោះព្រំដែនសមុទ្រខ្មែរត្រូវគិតចាប់ពីចំណុចកំពូលភ្នំខ្ពស់បំផុតនៃកោះគុត ឆ្ពោះមកចំណុចរួមលើគោកនៅតំបន់ចាំយាម ស្រុកមណ្ឌលសីមា នៃខេត្តកោះកុង។
ចាប់តាំងពីនាយករដ្ឋមន្ត្រីថៃ ប្រកាសថា កោះគុតជាកម្មសិទ្ធិរបស់ថៃ មក គេនៅមិនទាន់ឃើញនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត ធ្វើការស្រាយបំភ្លឺជុំវិញបញ្ហានេះនៅឡើយទេ ខណៈសារព័ត៌មាន The Cambodia Daily ក៏នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា សុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយដែររហូតដល់ពេលនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

