ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចាត់ទុកបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជុំវិញការរឹតបន្តឹងសន្តិសុខព្រំដែន ស្មើនឹងក្រដាសខ្ចប់ផេះ បើមិនហ៊ានអនុវត្តវិធានការច្បាប់វះកាត់មន្ត្រីពុករលួយក្រោមឱវាទទេនោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ វិច្ឆិកា នេះថា ដើម្បីឲ្យបទបញ្ជារបស់លោក ស សុខា មានប្រសិទ្ធភាពក្នុងការអនុវត្តយូរអង្វែង លុះត្រាតែគាត់ហ៊ានដាក់ពិន័យម៉ឺងម៉ាត់ទៅអភិបាលរាជធានី-ខេត្ត និងមន្ត្រីក្រោមឱវាទដែលល្មើស ឬធ្វេសប្រហែស ឬក៏ព្រងើយកន្តើយនឹងបទបញ្ជានេះ។
លោក ម៉ែន ណាត លើកឡើងថា លោក ស សុខា ក៏ត្រូវតែហ៊ានចាត់វិធានការលើមន្ត្រីពុករលួយ និងបក្សពួកនិយមដែលនាំគ្នាប្រព្រឹត្តឆ្គាំឆ្គង ឬឆកល្វែងដោយចេតនាក្នុងការអនុវត្តបទបញ្ជានេះដែរ។ លើសពីនេះ គាត់ក៏ត្រូវហ៊ានបង្ក្រាបនៅនឹងកន្លែងចំពោះពួកមន្ត្រី និងឈ្មួញគ្រាក់ៗ ដែលមានដីធ្លីនៅតាមព្រំដែន ដែលកំពុងជួលដីទាំងនោះឲ្យបរទេសជិតខាងថែមទៀត។
លោកអះអាងថា វិធានការនេះក៏ត្រូវហ៊ានអនុវត្តចំពោះបទល្មើសផ្សេងៗទៀតដែលពាក់ព័ន្ធនឹងបទបញ្ជានេះដែរ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញលិខិតណែនាំមួយទៅកាន់អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងថា ដើម្បីពង្រឹងសន្តិសុខ និងរក្សាអធិបតេយ្យជាតិរបស់កម្ពុជា ខេត្តជាប់ព្រំដែនទាំងអស់ត្រូវអនុវត្តវិធានការថ្មីដែលក្រសួងដាក់ចេញនៅពេលនេះជាកំហិត។
លោក ស សុខា បញ្ជាឱ្យអភិបាលខេត្តជាប់ព្រំដែនទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ បញ្ឈប់ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់រាល់សកម្មភាពដែលពលរដ្ឋ ឬអាជ្ញាធរមូលដ្ឋានរបស់កម្ពុជា ធ្វើការលក់ដូរ ឬជួលដីធ្លី ស្រែ ចម្ការទាំងអស់នៅតំបន់ព្រំដែនទៅឱ្យពលរដ្ឋនៃប្រទេសជិតខាង។
ក្រុមអ្នកសង្កេតការណ៍សង្កេតឃើញថា ការជួល និងលក់ដីធ្លីទៅឱ្យពលរដ្ឋវៀតណាម នៅតែបន្តកើតមានដដែល ខណៈអាជ្ញាធរមូលដ្ឋានក៏នៅតែបន្តចុះហត្ថលេខាទទួលស្គាល់ការជួល និងការលក់ដីទាំងនោះដូចដែលខ្លួនធ្លាប់ធ្វើកន្លងមកដដែល។
កាលពីចុងឆ្នាំ២០១៥ ក្រសួងមហាផ្ទៃ ធ្លាប់បានបង្ហាញរបាយការណ៍របស់ខ្លួនថា យ៉ាងហោចណាស់មានពលរដ្ឋខ្មែរដែលរស់នៅតាមព្រំដែនវៀតណាម ជិត ១ពាន់គ្រួសារ បានជួលដីទំហំជិត ៧ពាន់ហិកតាទៅឲ្យពលរដ្ឋវៀតណាម។ ពលរដ្ឋទាំងនោះមាននៅតាមខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តក្រចេះ និងខេត្តកណ្តាល ជាដើម។
ក្រៅពីពលរដ្ឋសាមញ្ញ អង្គការក្រៅរដ្ឋាភិបាលក៏បានរកឃើញដែរថា រដ្ឋាភិបាលកម្ពុជាបានជួលដីឱ្យក្រុមហ៊ុនវៀតណាម ចំនួន ៥៥កន្លែងនៅទូទាំងប្រទេស ដែលមានផ្ទៃដីសរុបជាង ៣៦ម៉ឺនហិកតា (៣៦២៥១៥ហិកតា) រយៈពេល ៩៩ឆ្នាំ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

