តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អះអាងថា បើកម្ពុជាបាត់បង់កោះគុត គឺមានន័យថា កម្ពុជាបាត់បង់ទឹកដីទៅប្រទេសថៃ ធំជាងកម្ពុជាបាត់បង់កោះត្រល់ទៅប្រទេសវៀតណាម ទៀត។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៣ វិច្ឆិកា នេះថា កោះត្រល់ដែលវៀតណាម បានឈ្លានពានគឺមានទំហំ ៥៧៤គីឡូម៉ែត្រការ៉េ ប៉ុន្តែបើបាត់កោះគុត នោះនឹងនាំឱ្យកម្ពុជាបាត់ទឹកដី ២ភាគ៣ នៃកោះគុតផង រួមទាំងបាត់បង់ទឹកដី ១៣០០០គីឡូម៉ែត្រការ៉េទៅប្រទេសថៃ ផងដែរ។
លោក អ៊ុំ សំអាន លើកឡើងថា បន្ទាប់ពីបាត់បង់ទឹកដី កម្ពុជាក៏បាត់បង់នូវសម្បត្តិធម្មជាតិទាំងលើគោក និងក្រោមទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត។
លោកបន្តថា កោះគុតមិនអាចបាត់បង់ដាច់ខាត ព្រោះថាកោះនេះត្រូវបានកំណត់ជាចំណុចគោលនៃខ្សែបន្ទាត់ព្រំដែនមូលដ្ឋានសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ រវាងកម្ពុជា និងថៃ យ៉ាងជាក់លាក់។
លោកបន្តទៀតថា បើខ្មែរបាត់បង់ចំណុចគោលនៃខ្សែបន្ទាត់ព្រំដែនមូលដ្ឋានមួយនេះ នោះទឹកដីខ្មែរដែលចំណុះឱ្យខ្សែបន្ទាត់នេះ ជាពិសេសតំបន់ត្រួតស៊ីគ្នារវាងកម្ពុជាជាមួយថៃ ពាក់កណ្តាល ក៏នឹងបាត់បង់ទៅជាមួយកោះនេះដែរ ដូច្នេះនៅពេលដែលកម្ពុជាឯកភាពរកស៊ីរួមគ្នាជាមួយថៃ លើដែនសមុទ្រត្រួតស៊ីគ្នា គឺមានន័យស្មើនឹងប្រកាសទទួលស្គាល់កោះគុតជាកម្មសិទ្ធិរបស់ថៃ ដូច្នោះដែរ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា មូលហេតុដែលលោក ហ៊ុន ម៉ាណែត មិនកំណត់ព្រំដែនសមុទ្រខ្មែរជាមួយថៃ មុននឹងធ្វើការរកស៊ីនៅតំបន់ត្រួតស៊ីគ្នា ដោយសារតែរដ្ឋាភិបាលរបស់គាត់ត្រូវការលុយពីការរកស៊ីនេះដើម្បីចិញ្ចឹមរដ្ឋាភិបាលមួយនេះបន្តទៀត ទោះគាត់ដឹងថាត្រូវបាត់បង់ទឹកដីទៅខាងប្រទេសថៃ ក៏ដោយ។
លោក អ៊ុំ សំអាន គូសបញ្ជាក់ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត សុទ្ធតែដឹងយ៉ាងច្បាស់ថា បើគាត់ប្តឹងប្រទេសថៃ ទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិដើម្បីទាមទារដែនសមុទ្រទាំងនោះមកវិញ ប្រាកដជាត្រូវចំណាយពេលយូរទម្រាំនឹងឈ្នះក្តីលើវិវាទនេះ។
អ្នកតាមដានភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើងក្នុងកម្មវិធី Idea Talk ដែរថា កម្ពុជាគួរតែជំរុញឱ្យភាគីថៃ លុបអនុស្សរណៈយោគយល់ឆ្នាំ២០០១ លើកិច្ចសហការក្នុងតំបន់ត្រួតស៊ីគ្នានេះ ព្រោះនៅពេលដែលកម្ពុជាសម្រេចសហការរកស៊ីជាមួយថៃ មុនការកំណត់ដែនសមុទ្ររវាងប្រទេសទាំងពីរ អ្នកដែលខាតបង់ធ្ងន់ធ្ងរគឺមានតែកម្ពុជាប៉ុណ្ណោះ។
អ្នកជំនាញនយោបាយការទូតអន្តរជាតិរូបនេះលើកឡើងថា បើនិយាយពីការចរចាកំណត់ព្រំដែនសមុទ្រ កម្ពុជានឹងមិនអាចមានទម្ងន់ក្នុងការចរចាជាមួយភាគីថៃ បានទេ ព្រោះស្ថាប័នជំនាញព្រំដែនសមុទ្ររបស់ថៃ រួមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀតដែលត្រូវមានសមត្ថកិច្ចក្នុងរឿងនេះ គឺសុទ្ធសឹងតែជាស្ថាប័នឯករាជ្យមិនស្ថិតក្រោមឥទ្ធិពលបក្សនយោបាយរបស់ថៃ ណាមួយឡើយ។
លោក សេង វណ្ណលី បញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ កម្ពុជាត្រូវប្តឹងទៅតុលាការអន្តរជាតិណាមួយដែលខ្លួនយល់ថាមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ ដូចជា តុលាការយុត្តិធម៌អន្តរជាតិ ឬតុលាការអាជ្ញាកណ្ដាលអន្តរជាតិក្រុងឡាអេ ជាដើម នោះទើបកម្ពុជាអាចធានាក្នុងការទទួលបាននូវយុត្តិធម៌ក្នុងការកំណត់ដែនសមុទ្រជាមួយនឹងប្រទេសថៃ។
អ្នកជំនាញនយោបាយការទូតអន្តរជាតិរូបនេះគូសបញ្ជាក់ថា ការសម្ងំស្ងៀមរបស់រដ្ឋាភិបាលមិនពន្យល់ពលរដ្ឋរបស់ខ្លួនឱ្យយល់ពីកិច្ចការនេះ អាចនឹងនាំឱ្យពលរដ្ឋនៃប្រទេសទាំងពីរមានជម្លោះរហូតធ្វើឱ្យមានភាពល្អក់កករផ្នែកនយោបាយការទូតរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលទៅថ្ងៃក្រោយផងដែរ។
យោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ បានកំណត់ថា កម្ពុជាត្រូវទទួលបានទឹកដី ២/៣ នៃកោះគុត ចំណែកប្រទេសថៃ ទទួលបានតែ ១/៣ ប៉ុណ្ណោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

