27.1 C
Phnom Penh

អ្នក​ឃ្លាំមើល៖ កាសែត​ឥណ្ឌា​ថា​អាមេរិក​នៅ​ពី​ក្រោយ​គម្រោង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​គឺ​ជា​ការ​ប្រឌិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចាត់ទុក​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian ដែល​ថា​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតី ចូ បៃដិន នៅ​ពីក្រោយ​គម្រោង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា គឺជា​ការ​ចុះផ្សាយ​ក្នុង​ចេតនា​ប្រឌិត​លាប​ពណ៌​អាមេរិក​ប៉ុណ្ណោះ។

អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក មួង ណារ៉េត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា សារព័ត៌មាន​ពិភពលោក​ទាំងអស់​គ្មាន​សារព័ត៌មាន​មួយ​ណា​ដែល​បាន​ចុះផ្សាយ​ថា​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ឡើយ ហើយ​សារព័ត៌មាន​ទាំងនោះ​ក៏​មិន​ដែល​ចុះផ្សាយ​ថា​អាមេរិក​នៅ​ពីក្រោយ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ណា​មួយ​ដែរ។

លោក​ថា ទើប​តែ​ពេលនេះ កាសែត​ឥណ្ឌា The Sunday Guardian បែរ​ជា​ចុះផ្សាយ​អត្ថបទ​បែប​ប្រឌិត​ដែល​មាន​ចរិត​លាប​ពណ៌​សហរដ្ឋ​អាមេរិក ដោយ​ខ្វះ​មូលដ្ឋាន​វិជ្ជាជីវៈ​សារព័ត៌មាន​ស្រប​ពេល​ដែល​លោក ដូណាល់ ត្រាំ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ទៅវិញ។

លោក មួង ណារ៉េត លើកឡើង​ថា ខ្លឹមសារ​អត្ថបទ​របស់​កាសែត​ឥណ្ឌា មួយ​នេះ គឺជា​ការ​លាប​ពណ៌​បំភ័យ​ក្រុម​អ្នក​តស៊ូ​មតិ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​អាវុធ​មួយ​បម្រើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ចាប់​ខ្លួន​សកម្មជន​នានា​ដាក់​គុក​បន្ត​ទៀត ដោយសារ​ការ​សរសេរ​បែប​ប្រឌិត​ក្នុង​រឿង​នេះ​ដែរ។

សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា រឿង​ដែល​គ្រោះថ្នាក់​សម្រាប់​កម្ពុជា​បំផុត​នោះ គឺ​ការ​លាប​ពណ៌​ថា​រដ្ឋាភិបាល​អាមេរិក​នៅ​ពីក្រោយ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​នេះ​តែម្តង ខណៈ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ក៏​តែងតែ​ចោទប្រកាន់​សកម្មជន​បរិស្ថាន សកម្មជន​នយោបាយ និង​បក្ស​ប្រឆាំង​កន្លង​មក​បែប​នេះ​ដែរ ស្រប​ពេល​ដែល​កម្ពុជា​គ្មាន​បដិវត្តន៍​ពណ៌​ណា​មួយ​បាន​កើត​ឡើង​ផង​នោះ។

កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ កាសែត​ឥណ្ឌា The Sunday Guardian បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដោយ​អះអាង​ថា រដ្ឋបាល​លោក ចូ បៃដិន របស់​សហរដ្ឋ​អាមេរិក នៅ​ពី​ក្រោយ​គម្រោង​ការណ៍​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។

កាសែត​ដដែល​នេះ​អះអាង​ថា គម្រោង​ផែនការ​ធ្វើ​រដ្ឋប្រហារ​នៅ​កម្ពុជា បាន​កើតឡើង​តាមរយៈ​មូលនិធិ​របស់​លោក George Soros និង​អង្គការ Open Society Foundations(OSF) ដោយ​ផ្អែក​លើ​ខ្លឹមសារ​ដែល​ផ្ញើ​សារ​តាម​អ៊ីមែល​របស់​សកម្មជន​អតីត​គណបក្ស​ប្រឆាំង ជាពិសេស​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ទំនាក់ទំនង​នឹង​មន្ត្រី​រដ្ឋបាល​លោក ចូ បៃដិន នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​សកម្មភាព​ដោយ​ប្រយោល​នានា​ទៀត​នៃ​មូលនិធិ​របស់​លោក George Soros និង​អង្គការ Open Society Foundation(OSF) នៅ​ក្នុង​ការ​ផ្តល់​ថវិកា​ក្រោម​រូបភាព​គម្រោង​នានា ជាពិសេស​គម្រោង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ី​នា​ពេល​កន្លង​មក។

ជុំវិញ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា នេះ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច Fresh News មន្ត្រី​រដ្ឋាភិបាល​កម្ពុជា រួម​ទាំង​លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​បក្ស​កាន់​អំណាច​ផង បាន​នាំគ្នា​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​អត្ថបទ​កាសែត​នេះ​ព្រោងព្រាត។

ទាក់ទិន​នឹង​បញ្ហា​នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុយ ដាឡេ បាន​លើកឡើង​ថា ប្រសិនបើ​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​គណបក្ស​ប្រឆាំង ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​មួយ​ដើម្បី​គាំទ្រ​ឱ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​មែន នោះ​របប​ក្រុង​ភ្នំពេញ​នឹង​ដួល​រលំ​យ៉ាង​ឆាប់​ជាទីបំផុត គឺ​មិន​អាច​ដឹកនាំ​កម្ពុជា​ដល់​សព្វថ្ងៃ​នេះ​ទេ។

លោក អ៊ុយ ដាឡេ អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​សប្បាយ​ចិត្ត បើ​មាន​អាមេរិក​នៅ​ពីក្រោយ​បដិវត្តន៍​ដែល​ពួកគេ​ងើប​ឡើង​ដើម្បី​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ក្រុង​ភ្នំពេញ​មែន​នោះ ព្រោះ​ថា​មុន​នឹង​ឈាន​ដល់​ការ​ធ្វើ​បដិវត្តន៍ គឺ​មាន​ន័យ​ថា​ពលរដ្ឋ​ខ្មែរ​បាន​ទទួល​រង​នូវ​ការ​ឈឺចាប់​ឆ្អែតឆ្អន់​ហើយ​ពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ទើប​ពួកគេ​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស